អង្គការសុខភាពពិភពលោក World Health Organization ឬ WHO កាលពីថ្ងៃទី៣០ មករា បានសម្រេចប្រកាសដាក់ករណីផ្ទុះរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ជាបញ្ហាអាសន្នសាកលផ្នែកសុខភាព។ តើរដ្ឋាភិបាលប្រទេសនានានៅលើពិភពលោក កំពុងចាត់វិធានការណ៍យ៉ាងណាខ្លះដែរ ឆ្លើយតបទៅនឹងការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ?
ការប្រកាសភាពអាសន្នជាសាកលផ្នែកសុខភាពរបស់អង្គការ WHO នេះ ធ្វើឡើងក្នុងរយៈពេលប្រមាណតែ ១ខែប៉ុណ្ណោះ ក្រោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ បានផ្ទុះរាលដាលដោយមានប្រភពដើមចេញពីទីក្រុង វូហាន (Wuhan) ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩។
ទោះបីមានការប្រកាសអាសន្ននេះក៏ដោយ ក៏អង្គការសុខភាពពិភពលោក មិនបានតម្រូវ ឬផ្ដល់អនុសាសន៍ឱ្យប្រទេសនានាត្រូវតែរឹតត្បិត ឬហាមប្រាមរាល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិននោះទេ។ ក៏ប៉ុន្តែ អង្គការអន្តរជាតិមួយនេះ បានតម្រូវឱ្យប្រទេសទាំងអស់ត្រូវចែកចាយរាល់ព័ត៌មានដែលខ្លួនមានទាំងអស់ពាក់ព័ន្ធនឹងជំងឺនេះ ស្របតាមបញ្ញត្តិអន្តរជាតិ។ ជាមួយគ្នានេះ ប្រទេសនានានៅទូទាំងសាកលលោក ត្រូវត្រៀមខ្លួនបង្ហារ និងទប់ស្កាត់កុំឱ្យវីរុសនេះឆ្លងរាលដាលតទៅទៀត តាមរយៈការបន្តតាមដាន ការប្រកាសទុកជាមុន ការដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែកពីគេ ឬការគ្រប់គ្រងករណីឆ្លងវីរុសនេះ ជាដើម។ ជាពិសេស ប្រទេសនីមួយៗ ត្រូវផ្ដោតការយកចិត្តទុកដាក់ កាត់បន្ថយកុំឱ្យមានការឆ្លងពីមនុស្សទៅមនុស្ស ឬរីករាលដាលជាអន្តរជាតិ ហើយចូលរួមចំណែកក្នុងការឆ្លើយតបជាអន្តរជាតិ តាមរយៈការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងចូលរួមក្នុងពង្រីកចំណេះដឹងអំពីវីរុស និងជំងឺនេះ និងការស្រាវជ្រាវបន្ថែមទៀត។ អង្គការសុខភាពពិភពលោក ក៏បានតម្រូវឱ្យប្រទេសដែលចេញបម្រាមមិនឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់ប្រទេសដែលផ្ទុះមេរោគនេះ ត្រូវជូនដំណឹងដល់អង្គការនេះ ហើយត្រូវប្រយ័ត្នប្រយែងចំពោះចំណាត់ការណាមួយ ដែលអាចបង្កឱ្យមានការរើសអើង ឬស្លាកស្នាមទុរយស ដល់ប្រទេសដែលកំពុងរងគ្រោះដោយសារតែការផ្ទុះវីរុសប្រភេទថ្មីនេះ។
ឆ្លើយតបនឹងការប្រកាសអាសន្នជាសាកលនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវណ្ណ ប្រាប់អាស៊ីសេរីកាលពីយប់ថ្ងៃទី៣១ មករា ថា បន្ថែមពីលើវិធានការណ៍ដែលក្រសួងសុខាភិបាលបានដាក់ចេញ ក្រសួងបានធ្វើតាមរាល់ការណែនាំទាំងអស់របស់អង្គការ WHO នេះហើយ ក្នុងនោះមានការពង្រឹងការផ្សព្វផ្សាយអប់រំ ការផ្លាស់ប្តូរព័ត៌មាន និងការផ្លាស់ប្តូរចំណេះដឹង និងការស្រាវជ្រាវអំពីមេរោគនេះជាដើម។ លោកថា ផ្អែកតាមអង្គការ WHO នេះ កម្ពុជាមិនបានដាក់បម្រាមពលរដ្ឋកម្ពុជា មិនឱ្យធ្វើដំណើរទៅចិននោះទេ៖ «អង្គការសុខភាពពិភពលោក អត់ឱ្យហាមទេ អ៊ីចឹងយើងធ្វើតាមគាត់។ គ្រាន់តែថា យើងក៏មិនហាមដែរ ប៉ុន្តែ យើងថា បើមិនចាំបាច់មិនគួរធ្វើដំណើរទៅនោះទេ។ ប៉ុន្តែ បើសិនជាចាំបាច់ទៅ ក៏ត្រូវតែប្រុងប្រយ័ត្នសុខភាពរបស់គាត់ ដូចជាកុំទៅកន្លែងណាដែលគេប្រកាសថា មានរាតត្បាត កុំទៅប៉ះពាល់អ្នកឈឺ ឬអ្នកមានជំងឺផ្លូវដង្ហើម»។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បញ្ជាក់ថា បច្ចុប្បន្នតួលេខចុងក្រោយត្រឹមយប់ថ្ងៃទី៣១ មករា នៅកម្ពុជា មានតែជនជាតិចិន១រូបដដែលនោះទេ ដែលឆ្លងមេរោគនេះ ពុំមានករណីថ្មីឡើយ។ យ៉ាងណាក៏ដោយ លោកថា ក្រសួងសុខាភិបាលកំពុងបន្តតាមដានសុខភាពយ៉ាងដិតដល់លើមនុស្សប្រមាណជា ១០០ នាក់ ដែលជាមុខសញ្ញាសង្ស័យ ហើយក្នុងនោះក៏មានពលរដ្ឋខ្មែរផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាបិទជើងហោះហើរទៅមករវាងចិន និងកម្ពុជាវិញ អាស៊ីសេរីមិនអាចទាក់ទងលោក ជា អូន អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ដើម្បីសុំព័ត៌មានចុងក្រោយនៅឡើយទេ។ ក៏ប៉ុន្តែ កន្លងមក លោកធ្លាប់ប្រាប់ថា កម្ពុជាបិទតែជើងហោះហើរតែពីទីក្រុងវូហានមួយតែប៉ុណ្ណោះដែលជាកន្លែងផ្ទុះមេរោគនេះ រីឯចំណុចដទៃទៀតនៅរក្សាការហោះហើរដដែល។ ដូចគ្នានេះដែរ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់អាស៊ីសេរីថា លោកមិនមានអ្វីបន្ថែមនោះទេ ក្រៅពីអ្វីដែលក្រសួងធ្លាប់ប្រកាសថា នឹងមិនមានចំណាត់ការជម្លៀសពលរដ្ឋខ្មែរជានិស្សិត២៣នាក់ ដែលកំពុងជាប់នៅក្រុងវូហាននោះឡើយ។

លើសពីនោះទៀត នៅមួយថ្ងៃមុនអង្គការ WHO ប្រកាសអាសន្ន លោក ហ៊ុន សែន ចេញមុខអះអាងថា កម្ពុជាគ្មានវិធានការបិទជើងហោះហើរ និងជម្លៀសពលរដ្ឋខ្មែរពីប្រទេសចិននោះទេ ព្រោះវិធានការនេះ ជាការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយទំនាក់ទំនងជាមួយចិន។ លោក ហ៊ុន សែន ថែមទាំងអំពាវនាវកុំឱ្យនិស្សិតខ្មែរវិលមកកម្ពុជាវិញ ដោយត្រូវនៅរួមសុខរួមទុក្ខជាមួយប្រជាជនចិន ហើយលោកថែមទាំង អំពាវនាវកុំឱ្យប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ភ័យជ្រុលហួសហេតុពេក៖ «អត់មានតម្រូវការទាក់ទិននឹងការបញ្ឈប់ជើងហោះហើរ ដែលជាផ្នែកមួយនៃការសម្លាប់សេដ្ឋកិច្ចខ្មែរ និងជាផ្នែកមួយនៃការកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា - ចិន។ អត់មានតម្រូវការនៃការជម្លៀសនិស្សិតខ្មែរ អ្នកការទូតខ្មែរ កុងស៊ុលខ្មែរ នៅតាមបណ្ដាទីកន្លែងនានាមកកាន់កម្ពុជាទេ ដោយយើងទុកនៅទីនោះ ដែលជាការរួមសុខរួមទុក្ខជាមួយគ្នាក្នុងការដោះស្រាយបញ្ហានេះ។ ហើយប្រសិនបើជម្លៀសនិស្សិត បានជាជ្រុលជម្លៀសហើយ បានសេចក្តីថា មិនចាំបាច់សុំអាហារូបករណ៍ចិនទៀតទេ។ ច្បាស់ជាចិននឹងមិនឱ្យទេ។ អាហ្នឹង ខ្ញុំប៉ាន់ស្មានទុក ខ្ញុំមិនដឹងថា ចិនគាត់គិតយ៉ាងម៉េចទេ ក៏ប៉ុន្តែសម្រាប់ខ្ញុំ បើខ្ញុំជាចិន ក៏ខ្ញុំអត់ឱ្យអ្នកឯងទៀតទេ»។
លោក ហ៊ុន សែន ទំនងជាមេដឹកនាំទីមួយហើយនៅលើពិភពលោក ដែលចេញមុខមកថ្លែងសារបែបនេះ ដោយមិនត្រឹមតែមិនចាត់វិធានការបិទជើងហោះហើរ ឬជម្លៀសពលរដ្ឋខ្លួនប៉ុណ្ណោះទេ តែថែមទាំងប្រកាសឱ្យពលរដ្ឋខ្លួននៅរួមសុខរួមទុកជាមួយចិននេះ។ សាររបស់លោក ហ៊ុន សែន នេះ រងការរិះគន់ខ្លាំងពីសំណាក់ពលរដ្ឋខ្មែរអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ស្របពេលដែលរដ្ឋាភិបាលនានានៅលើពិភពលោក កំពុងចាត់វិធានការណ៍ផ្ទុយពីនេះ តាមរយៈការខ្នះខ្នែងជម្លៀសពលរដ្ឋខ្លួន និងបិទជើងហោះហើរ ឬព្រំដែនជាមួយប្រទេសចិន។
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដាក់គណនីឈ្មោះ «សេង រតនា (Seng Ratana)» សរសេរឌឺដងថា «សាកបញ្ជូនពួក [គាត់] ទៅកាន់វហាន ៣ថ្ងៃលមើល ហើយកុំឱ្យពាក់ម៉ាស់ឱ្យសោះ!»។ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូបទៀត ដាក់គណនីឈ្មោះ «តារា សុវណ្ណ» សរសេរថា៖ «ជាតិខ្មែរមានសំណាងណាស់ដែលមាននាយករដ្ឋមន្ត្រីដែលស្រលាញ់ជាតិ និងមិត្តបរទេសបែបនេះ។» លោកសរសេរបន្តថា «ប្រជាជនខ្មែរសង្ឃឹមថា សម្ដេច និងលោកជំទាវព្រមទាំងក្រុមគ្រួសាររួមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្លេចតេជោ ចុះទៅទីក្រុងវូហាន ប្រទេសចិន ដោយផ្ទាល់ដើម្បីសួរសុខទុក្ខក្រុមនិស្សិតខ្មែរ ឬជួយព្យាបាលជំងឺដល់មហាមិត្តចិន ដែលផ្ទុកមេរោគកូរ៉ូណា។ គឺសម្ដេចនិងក្រុមគ្រួសារមិនរត់ចោលពួកគាត់ និងរួមសុខរួមទុក្ខក្នុងគ្រាដែលមហាមិត្តជួបផលលំបាក»។

យ៉ាងណាក៏ដោយ ចំណាត់ការមិនជម្លៀសពលរដ្ឋខ្មែរពីចិន និងការមិនបិទជើងហោះហើរពីចិននេះ ហាក់ផ្ទុយពីអ្វីដែលរដ្ឋាភិបាលប្រទេសនានាកំពុងខ្នះខ្នែងយកចិត្តទុកដាក់ទៅលើពលរដ្ឋខ្លួន ដែលកំពុងជាប់នៅចិននេះ។ ជប៉ុន និងសហរដ្ឋអាមេរិក គឺជាប្រទេសពីរដំបូងគេបង្អស់ ដែលបានចាប់ផ្តើមជម្លៀសពលរដ្ឋខ្លួនចេញពីតំបន់ស្នូលនៃការផ្ទុះជំងឺរលាកផ្លូវដង្ហើមបង្កមកពីវីរុសកូរ៉ូណាប្រភេទថ្មី នៅក្រុងវូហាន ប្រទេសចិន។ សហរដ្ឋអាមេរិក កាលពីថ្ងៃទីព្រហស្បតិ៍ ក្រោយពេលអង្គការសុខភាពពិភពលោកប្រកាសអាសន្ន បានណែនាំឱ្យពលរដ្ឋខ្លួនកុំធ្វើដំណើរទៅប្រទេសចិន ដោយសារតែការគំរាមកំហែងនៃមេរោគថ្មីនេះ ដោយបានដំឡើងកម្រិតឱ្យពលរដ្ឋខ្លួនប្រុងជើងការនេះ ទៅកម្រិតខ្ពស់បំផុតពណ៌ក្រហម។
ភ្នាក់ងារសារព័ត៌មានអង់គ្លេស រ៉យទ័រ (Reuters) រាយការណ៍ថា គិតត្រឹមថ្ងៃទី៣១ មករា រដ្ឋាភិបាលប្រទេសកាន់តែច្រើនឡើងៗនៅលើពិភពលោកសរុបមិនតិចជាង ១៥ប្រទេសទេ រួមទាំងសហភាពអឺរ៉ុបផង កំពុងអនុវត្តយុទ្ធនាការជម្លៀស ឬមានផែនការជម្លៀសបុគ្គលិកការទូត និងពលរដ្ឋរបស់ខ្លួន ចេញពីតំបន់ខ្លះនៅប្រទេសចិន ដែលកំពុងរងផ្ទុះរាលដាលនៃវីរ៉ុសកូរ៉ូណាប្រភេទថ្មីនេះ។ ក្រៅពីជប៉ុន និងសហរដ្ឋអាមេរិក រដ្ឋាភិបាលនៃប្រទេសទាំងនោះរួមមាន៖ កាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ស្វីស ហូឡង់ ម៉ារ៉ុក រុស្ស៊ី អូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េខាងត្បូង កាហ្សាក់ស្ថាន ឥណ្ឌូណេស៊ី និង ថៃ ជាដើម។ ដោយឡែក ប្រទេសមួយចំនួនដែលមានព្រំប្រទល់ដីគោកជាប់ជាមួយប្រទេសចិន បានសម្រេចបិទច្រកព្រំដែនទាំងអស់ ឬដោយផ្នែកជាមួយចិន ក្នុងនោះមានប្រទេសរុស្ស៊ី អាហ្វកានីស្ថាន ឡាវ នេប៉ាល់ កូរ៉េខាងជើង និងប៉ាគីស្ថានជាដើម។

ក្រៅពីវិធានការណ៍ទាំងនេះ ផ្អែកតាមព័ត៌មានចុងក្រោយ គិតត្រឹមថ្ងៃទី៣១ មករា យ៉ាងហោចណាស់ មានក្រុមហ៊ុនអាកាសចរណ៍ធំៗក្នុងលោកមិនតិចជាង ១០ក្រុមហ៊ុននោះទេ បានសម្រេចបិទរាល់ជើងហោះហើរត្រង់ទាំងអស់ទៅកាន់ និងមកពីប្រទេសចិន។ ក្នុងនោះមាន ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ អង់គ្លេស អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ សិង្ហបុរី ឥណ្ឌូណេស៊ី វៀតណាម ជាដើម។ ក្រៅពីនោះ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតនៅលើពិភពលោក ក៏បានប្រកាសផ្អាកជើងហោះហើរត្រង់ ដោយផ្នែកទៅកាន់ និងមកពីប្រទេសចិន ឬតំបន់មួយចំនួននៃប្រទេសនេះខណៈក្រុមហ៊ុនខ្លះទៀតបានកាត់បន្ថយជើងហោះហើរ។
តួលេខចុងក្រោយឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ មករា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មីនេះ សរុបមាន ២១៣នាក់ ដែលសុទ្ធសឹងជាជនជាតិចិនទាំងអស់។ ចំនួនអ្នកឆ្លងមេរោគនេះនៅចិនសរុបមានជាង ៩ពាន់ ១រយនាក់ ខណៈមេរោគនេះបានវាយលុក ឬរីករាលដាលទៅកាន់គ្រប់តំបន់ទាំងអស់នៅក្នុងប្រទេសចិន។ នៅទូទាំងពិភពលោក យ៉ាងហោចណាស់ ប្រទេស ឬដែនដីសរុបចំនួន ១៩ បានបញ្ជាក់ពីករណីឆ្លងមេរោគនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។