អាណាព្យាបាលកុមារជំងឺស្លេកស្លាំង រក្សាជំហរ ប្តឹងក្រុមហ៊ុន នូទ្រីលេត (Nutrilatt Master LM Co., LTD) ទៅតុលាការករណីម្សៅទឹកដោះគោរបស់ក្រុមហ៊ុននេះខ្វះសារធាតុចិញ្ចឹម ហើយនាំឲ្យកូនរបស់ពួកគេមានបញ្ហាសុខភាព។ មន្ត្រីសង្គមស៊ីវិលយល់ថា ក្រុមហ៊ុន នូទ្រីលេត ត្រូវតែទទួលខុសត្រូវផ្នែកច្បាប់ ទោះជាបានប្រកាសសូមទោសជាសាធារណៈអំពីកង្វះគុណភាពនៃផលិតផលរបស់ខ្លួនក៏ដោយ។
ម្តាយរបស់ទារកមានជំងឺស្លេកស្លាំង លោកស្រី គង់ ចន្ទ័ម៉ាលីស ឱ្យអាស៊ីសេរីដឹងថា លោកស្រី និងអាណាព្យាបាលមួយចំនួនផ្សេងទៀត កំពុងរៀបចំ និងប្រមូលឯកសារដាក់ទៅអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មនៅសប្តាហ៍ក្រោយនេះ។ លោកស្រីបន្តថា បើទោះជាក្រុមហ៊ុន នូទ្រីលេត បានចេញសេចក្តីប្រកាសសុំទោស និងអះអាងថាចូលរួមទទួលខុសត្រូវលើផលប៉ះពាល់សុខភាពរបស់កូនលោកស្រីក៏ដោយ ក៏ក្រុមលោកស្រីនៅតែប្រកាន់ជំហរប្តឹងករណីនេះទៅតុលាការដែរ៖« ខ្ញុំនៅតែរក្សាជំហរនៅតែប្តឹងទៅតុលាការដដែលពីព្រោះអីទំនុកចិត្ត និងអារម្មណ៍ល្អៗ និយាយរួមផ្លូវចិត្តរបស់ខ្ញុំគឺវាខ្ទេចខ្ទីអស់ហើយទម្រាំតែចេញលិខិតហ្នឹងមួយមក។ ព្រោះអីលិខិតហ្នឹងពួកខ្ញុំទាមទារតាំងពីថ្ងៃដំបូងម្ល៉េះ ដែលពួកខ្ញុំឈានជើងទៅដាក់ពាក្យបណ្ដឹងនៅក្នុងអគ្គនាយកដ្ឋានកិច្ចគាំពារអ្នកប្រើប្រាស់ ប៉ុន្តែពួកគាត់អត់អាចធ្វើឲ្យខ្ញុំបាន គឺពួកគាត់នៅតែបន្ត បន្តមិនទទួលស្គាល់ មិនទទួលស្គាល់នៅកំហុសរបស់ខ្លួន។ ការចេញលិខិតហ្នឹងវាហាក់បីដូចជាយឺតពេក »។
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៣ កញ្ញា ប្រកាសឲ្យក្រុមហ៊ុននូទ្រីលេត ផ្អាកចរាចរ និងប្រមូលត្រឡប់មកវិញនូវម្សៅទឹកដោះគោ នូទ្រីលេត លេខកូដB/N 487 488 536 537 538និង 539 និងបញ្ឈប់ការនាំចូលម្សៅទឹកដោះគោប្រភេទនេះចូលទីផ្សារក្នុងប្រទេស។ ក្រសួងពាណិជ្ជកម្មក៏អះអាងនឹងធ្វើការត្រួតពិនិត្យគុណភាពម្សៅទឹកដោះគោម៉ាកនូទ្រីលេត ផ្សេងទៀតផងដែរ។
ក្រសួងពាណិជ្ជកម្មចេញវិធានការបែបនេះបន្ទាប់ពីស្ថាប័នជំនាញរបស់ខ្លួន រកឃើញថា ម្សៅទឹកដោះគោម៉ាកនូទ្រីលេត ខ្វះសារធាតុចិញ្ចឹម និងជាតិដែកដែលប៉ះពាល់ដល់សុខភាពរបស់ទារកនិងកុមារធ្ងន់ធ្ងរ។
ភ្លាមៗក្រោយក្រសួងពាណិជ្ជកម្មប្រកាសលទ្ធផលថា ម្សៅទឹកដោះគោនូទ្រីលែតចំនួន៦ លេខកូដខ្វះសារធាតុចិញ្ចឹមនេះ ភាគីក្រុមហ៊ុនបានចេញមុខបដិសេធ និងរិះគន់ក្រសួងពាណិជ្ជកម្មថាប្រកាសលទ្ធផលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណា កាលពីថ្ងៃទី០៩ កញ្ញា ស្រាប់តែក្រុមហ៊ុននូទ្រីលេត បានប្រកាសសូមទោសជាសាធារណៈ ហើយអះអាងថា ក្រុមហ៊ុននេះមិននឹកស្មានថា ម្សៅទឺកដោះគោដែលក្រុមហ៊ុនកំពុងនាំចូល និងចែកចាយអស់រយៈពេល៩ឆ្នាំ មានបញ្ហាបច្ចេកទេស លើធាតុផ្សំនៃម្សៅទឹកដោះគោ លេខកូដទាំង៦នេះទេ។
ក្រុមហ៊ុននូទ្រីលេត អះអាងទៀតថា ក្រុមហ៊ុននឹងទទួលខុសត្រូវជាចំណែកលើការខូចខាតចំពោះកុមារដែលបណ្ដាលមកពីប្រើប្រាស់ម្សៅទឹកដោះគោនូទ្រីលេត។ ទោះយ៉ាងណា ក្រុមហ៊ុននូទ្រីលេត មិនបានបញ្ជាក់លម្អិតអំពីការទទួលខុសត្រូវរបស់ខ្លូននោះបែបណាទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា ការសូមទោសទៅកាន់អាណាព្យាបាល និងសាធារណៈជននេះ គ្រាន់តែជាការទទួលខុសត្រូវផ្នែកសីលធម៌ប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុននូទ្រីលេត ត្រូវតែទទួលខុសត្រូវលើផ្នែកច្បាប់បន្ថែមទៀត៖ « ដូចជាទាក់ទងនឹងការទាមទារសំណងរបស់ក្រុមគ្រួសារកុមារ ឬឪពុកម្តាយដែលម្សៅទឹកដោះគោហ្នឹងធ្វើឲ្យប៉ះពាល់កុមារ គឺត្រូវពិនិត្យទាំងអស់ហ្នឹងហើយ »។
អាស៊ីសេរី បានទាក់ទងអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ លោក ផាន អូន ដើម្បីសាកសួរបន្ថែមជុំវិញវិធានការបន្ទាប់របស់ស្ថាប័នជំនាញមួយនេះ តែមិនទទួលបានការឆ្លើយតបទេនៅថ្ងៃទី១០ កញ្ញា។ ទោះយ៉ាងណា លោក ផាន អូន បានប្រាប់កាសែតក្នុងស្រុកថា ស្ថាប័នជំនាញមួយនេះកំពុងរង់ចាំទទួលឯកសារពីអាណាព្យាបាលដើម្បីដោះស្រាយ។
កាលពីថ្ងៃទី០៧ កញ្ញា អង្គការអន្តរជាតិធំៗ រួមមាន អង្គការយូនីសេហ្វ (UNICEF) អង្គការសុខភាពពិភពលោក (WHO) និងអង្គការហេឡែន ខេលល័រអន្តរជាតិ (Helen Keller International) បានប្រកាសគាំទ្រក្រសួងពាណិជ្ជកម្ម ដែលសម្រេចផ្អាកការចរាចរណ៍ម្សៅទឹកដោះគោ លើទីផ្សារដែលមិនបានគោរពតាមស្តង់ដារអន្តរជាតិ។ អង្គការអន្តរជាតិទាំងនេះអះអាងថា ពួកគេព្រួយបារម្ភនៅពេលដែលឃើញលទ្ធផលនៃការស៊ើបអង្កេតគុណភាពម្សៅទឹកដោះគោនូទ្រីលេត ខ្វះជាតិដែក និងស័ង្កសី ដែលជាសារធាតុចិញ្ចឹមសំខាន់សម្រាប់កុមារ។ ស្ថាប័នទាំង៣នេះស្នើឲ្យរដ្ឋាភិបាលអន្តរាគមន៍គាំទ្រទាំងស្រុងលើអាណាព្យាបាលកុមារមានជំងឹស្លេកស្លាំងដែលបានខិតខំ ការពារ និងទាមទារឲ្យមានការកែលម្អសម្រាប់សុខភាព និងសារធាតុចិញ្ចឹមដល់កុមារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។