តើ​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​ថ្លើម​មាន​អ្វី​ខ្លះ?

0:00 / 0:00

វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ជំងឺ​ថ្លើម ឲ្យ​ដឹង​ថា ថ្លើម​គឺ​ជា​សរីរាង្គ​មួយ​ដែល​មាន​មុខងារ​សំខាន់​ជា​ច្រើន ក្នុង​នោះ​រួម​មាន សំអាត​ជាតិ​ពុល​ក្នុង​ឈាម រក្សា​សារធាតុ​ចិញ្ចឹម​សំរាប់​រាងកាយ ចូលរួម​ការ​រំលាយ​អាហារ និង​បឺត​យក​សារធាតុ​ពុល​ចេញ​ពី​សរីរាង្គ ដោយ​បញ្ចេញ​ចោល​តាម​ការ​បន្ទោបង់។

ជំងឺ​មហារីក​ថ្លើម បណ្ដាល​មក​ពី​កោសិកា​ខ្លះ​ក្នុង​ថ្លើម រីក​ដុះដាល​ខុស​ពី​ប្រក្រតី បង្កើត​ជា​ដុំ​សាច់ (Tumor) ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​របស់​ថ្លើម។

តើ​រោគ​សញ្ញា​ដំបូងៗ នៃ​ជំងឺ​មហារីក​ថ្លើម​មាន​អ្វី​ខ្លះ?

ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ភាគ​ច្រើន មិន​បាន​ចាប់​អារម្មណ៍​ពី​រោគសញ្ញា​ដំបូងៗ នៃ​ជំងឺ​មហារីក​ថ្លើម​នោះ​ទេ។ រោគសញ្ញា​ដំបូងៗ​ ទាំងនោះ រួមមាន ​មាន​អារម្មណ៍​ឆ្អែត​តឹង​ពោះ​រហូត ហើយ​មិន​ចង់​ពិសា​អ្វី​ឡើយ ឈឺ​ចុក​ចាប់​ក្នុង​ពោះ​ខាង​ស្ដាំ ឬ​នៅ​ជិត​ស្មា​ខាង​ស្ដាំ ហើម​ជើង មាន​អារម្មណ៍​ខ្សោយ និង​អស់​កម្លាំង ស្រក​ទម្ងន់ ស្បែក និង​ភ្នែក​ឡើង​លឿង​ស្លេកស្លាំង​ ជាដើម។

វេជ្ជបណ្ឌិត​ជំនាញ​សុខភាព​ទូទៅ ជនជាតិ​ខ្មែរ-អាមេរិកាំង ដែល​ជា​ម្ចាស់​គ្លីនីក​នៅ​ទីក្រុងលីន (Lynn) ក្នុង​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) លោក វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ថា អ្នក​កើត​ជំងឺ​មហារីក​ថ្លើម ខ្លះ​មិន​បាន​បង្ហាញ​រោគសញ្ញា​ទេ ទម្រាំ​បាន​ដឹង គឹ​ច្រើន​ហួស​ពេល​ទៅ​ហើយ​ដោយសារ​ដុំ​សាច់ (Tumor) ក្នុង​ថ្លើម​រាលដាល​ខ្លាំង រហូត​ដល់​ពោះ​ឡើង​ធំ ដោយសារ​ទាច​ទឹក៖ « អ្នក​ខ្លះ​ដែល​បង្ហាញ​រោគសញ្ញា​ដឹង ឧទាហរណ៍​ពោះ​ធំ និង​តឹង​ពោះ ដោយសារ​ថ្លើម​ក្រិន ជួន​កាល​ឈឺ​ចុកចាប់​ក្នុង​ពោះ​ខាង​ស្ដាំ​ផ្នែក​ខាង​លើ ខ្លះ​មាន​ដុំ​ពក​នៅ​ពី​ក្រោម​ទ្រូង​ឆ្អឹង​ជំនី​ខាង​ស្ដាំ ជួន​កាល​យក​ឈាម​មើល​ទៅ​ឃើញ​ជាតិ​ស្ករ​ទាប ដូច្នេះ​ម្នាក់ៗ ខុស​គ្នា​អ្នក​ខ្លះ​មាន​សញ្ញា និង​ខ្លះ​ទៀត​អត់​សញ្ញា »

វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ មាន​ប្រសាសន៍​បន្ថែម​ថា អ្នក​កើត​ជំងឺ​មហារីក​ថ្លើម បណ្ដាល​មក​ពី​ការ​រលាក​សាច់​ថ្លើម​រ៉ាំរៃ (Chronic Hepatitis) ដោយសារ​វីរុស​ថ្លើម​ប្រភេទ​បេ និង​សេ (Hepatitis B/C) ទៅ​បំផ្លាញ​ថ្លើម​ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ក្រិន​ថ្លើម។ ករណី​ខ្លះ លោក​ថា មហារីក​ថ្លើម បណ្ដាល​មក​ពី​ជំងឺ​ថ្លើម​ខ្លាញ់ (fatty liver disease) ជំងឺ​ថ្លើម​តំណពូជ និង​ខ្លះ​ទៀត​មាន​ជាតិ​ដែក (Iron) ច្រើន​ហួស​ហេតុ​ស្តុក​ទុក​ក្នុង​ថ្លើម​ជាដើម។ លោក​វេជ្ជបណ្ឌិត​ថា អ្នក​ពិសា​សុរា​ច្រើន​ហួសហេតុ រយៈ​ពេល​យូរ ក៏​ជា​មូលហេតុ​នាំ​ឲ្យ​កើត​មហារីក​ថ្លើម​ដែរ៖ « អ្នក​មាន​មហារីក​ថ្លើម​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ដោយសារ​គាត់​មាន​រលាក​ថ្លើម​ប្រភេទ ប៊ីនិងស៊ី (Hepatitis B/C) ឬ​ក៏​គាត់​ញ៉ាំ​ស្រា​ច្រើន​ប្រចាំខែ ប្រចាំ​ឆ្នាំ ដែល​នាំ​ឲ្យ​ថ្លើម​ក្រិន។ ដូចនេះ អ្នក​មាន​រលាក​ថ្លើម B និង C ត្រូវ​ព្យាបាល ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ថ្លើម​ក្រិន។ ដើម្បី​កាត់បន្ថយ គឺ​ត្រូវ​ពិសា​ស្រា​តិចតួច ដូច​ជា​បុរស​អាច​ទទួលទាន​ស្រា ក្រហម ២កែវ​ ឬ​ប៊ីយ៊ែរ ២កំប៉ុង។ ចំណែក​ស្ត្រី​វិញ គឺ​មួយ​កំប៉ុង ឬ​មួយ​កែវ​មិន​អី​ទេ »

គេហទំព័រ​សុខភាព​ក្រុម​គ្រូពេទ្យ​ជំនាញ WebMD ឲ្យ​ដឹង​ផង​ដែរ​ថា អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម អ្នក​ធាត់​ខ្លាំង ឬ​អ្នក​ដែល​មាន​រោគសញ្ញា​រំលាយអាហារ (metabolic syndrome) ​ក៏​អាច​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​ក្រិន​ថ្លើម (cirrhosis)​ ផង​ដែរ។ បន្ថែម​ពី​នេះ អ្នក​បរិភោគ​ជាតិ​ពុល ដូច​ជា អាហារ​ផ្អាប់​យូរ​មាន​ដុះ​ផ្សិត (Aflatoxin/molds) អ្នក​ប្រើប្រាស់​ទឹក​អណ្ដូង​មាន​ជាតិ​គីមី អាសឺនិក (Arsenic) និង​ហិត​ក្លិន​សារធាតុ​គីមី ដែល​ប្រើ​សម្រាប់​ផលិត​ប្លាស្ទិក ជា​ដើម។

តើ​គេ​អាច​ការពារ​ជំងឺ​មហា​រីក​ថ្លើម​បាន​ដែរ​ឬ​ទេ ?


ចម្លើយ​យ៉ាង​ខ្លី គឺ​ជំងឺ​មហារីក​ថ្លើម មិន​អាច​ការពារ​បាន​ទេ ក៏​ប៉ុន្តែ​វិធានការ​ដ៏​ប្រសើរ​បំផុត ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ខ្ពស់​នៃ​ការ​វិវត្តន៍​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ថ្លើម​នេះ គឹ​ចាក់​ថ្នាំ​បង្ការ ជំងឺ​រលាក ថ្លើម​ប្រភេទ បេ (hepatitis B vaccine) និង​ជៀសវាង​ការ​ពិសា​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​ពេក រយៈ​ពេល​យូរ។ បន្ថែម​ពី​នេះ រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ ទទួលទាន របប​អាហារ​មាន​ជីវជាតិ ហាត់​ប្រាណ​ឲ្យបាន​ទៀងទាត់ ជៀសវាង​ការ​ប្រើ​ម្ជុល​ចាក់​បញ្ចូល​គ្រឿងញៀន និង​អនុវត្ត​សុវត្ថិភាព​នៃ​ការ​រួម​ភេទ​ជាដើម។ ប្រសិន​បើ​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ និង សេ (Hepatitis A/B) ​ត្រូវ​ស្វែង​រក សេវា​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា និង​ឲ្យ​បាន ត្រឹមត្រូវ ដើម្បី​ទប់​ស្កាត់ ឬ​ការពារ​កុំ​ឲ្យ​ថ្លើម​វិវត្ត​ទៅ​ជា​ក្រិន ដែល​បញ្ហា​នេះ គឺ​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ថ្លើម។

សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​លោក​អ្នក​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​យ៉ាង​តិច មួយ​ឆ្នាំ​ម្ដង ដោយ​ការ​ធ្វើតេស្ត​ឈាម ដើម្បី​ពិនិត្យ​មើល​ថា តើ​ថ្លើម​ធ្វើ​ការ​បាន​ល្អ​ប៉ុណ្ណា និង​ការ​ថត​ឆ្លុះ រក​មើល​ដុំ​សាច់ (Tumor) ក្នុង​ថ្លើម ឬ​ក៏​មហារីក​ថ្លើម។ ថ្លើម មាន​មុខងារ​សំខាន់​ណាស់ ដូចជា សំអាត​ជាតិ​ពុល​ក្នុង​ឈាម រក្សា​សារធាតុ​ចិញ្ចឹម​សម្រាប់​រាងកាយ និង​បញ្ចេញ​សារ​ធាតុ​ពុល​ចេញ​រាងកាយ តាម​ការ​បន្ទោបង់​ជា​ដើម។

ប្រសិន​បើ​វេជ្ជបណ្ឌិត​ជំនាញ រក​ឃើញ​ដុំ​សាច់​ក្នុង​ថ្លើម ដែល​សង្ស័យ​ថា ជា​មហារីក​ថ្លើម ​គ្រូពេទ្យ​ជំនាញ នឹង​កាត់​ច្រឹប​យក​សាច់​ថ្លើម ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ជា​មុន​សិន មុន​ពេល​វះ​កាត់ យក​ដុំ​សាច់​ចេញ ពីព្រោះ​នៅ​ពេល​រក​ឃើញ​មហារីក​ថ្លើម​ក្នុង​ដំណាក់​ការ​ដំបូងៗ គឺ​វេជ្ជបណ្ឌិត​ឯកទេស​ថ្លើម អាច​ជួយ​ព្យាបាល​បាន​ទាន់​ពេល​វេលា។

ជំងឺ​មហារីក​ថ្លើម ចែក​ចេញ​ជា ៤ដំណាក់​កាល។ ដំណាក់​កាល​ទី១ ដុំ​សាច់​ក្នុង​ថ្លើម មិន​ទាន់​ឆ្លង ឬ​រីក​ដុះដាល​ទៅ​កន្លែង​ផ្សេង។ ដំណាក់កាល​ទី២ គឺ​ដុំ​សាច់​មហារីក​ឆ្លង​ចូល​ក្នុង​ឈាម និង​មាន​ដុំ​សាច់​ដុះ​ក្នុង​ថ្លើម​យ៉ាង​តិច ២ឬ៣ដុំ ហើយ​មាន​ប្រវែង​ក្រោម ៥សន្ទីរម៉ែត្រ។ ដំណាក់​កាល​ទី៣ គឺ​ដុំ​សាច់​មហារីក​ឆ្លង​ចូល​ក្នុង​ឈាម និង​សរីរាង្គ​នៅ​ក្បែរ​ផ្សេង​ទៀត និង​មាន​ប្រវែង​លើស​ពី ៥សន្ទីរម៉ែត្រ។ ចំណែក​ដំណាក់​កាល​ទី៤ វិញ គឹ​ជា​ដំណាក់​កាល​ចុង​ក្រោយ​របស់​អ្នក​ជំងឺ ដែល​នេះ មិន​អាច​សង្គ្រោះ​ជីវិត​បាន​ទេ ដោយសារ​មហារីក​ថ្លើម​នោះ បាន​ឆ្លង​ចូល​ទៅ​សរីរាង្គ​ផ្សេងៗ ទៀត។

គេហទំព័រ​សុខភាព​ដដែល​បញ្ជាក់​ថា វិធី​ព្យាបាល គឺ​អាស្រ័យ​ទៅ​តាម​ដំណាក់​កាល​របស់​វា​ អាយុ​របស់​លោក​អ្នក និង​ដុំ​មហារីក​ថ្លើម​នៅ​តូច មិន​ទាន់​រាលដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត។ ប្រសិន​បើ​ក្នុង​ដំណាក់​កាល​ដំបូងៗ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ថ្លើម អាច​វះ​កាត់​យក​ដុំ​សាច់ (Tumor) ក្នុង​ថ្លើម​នោះ​ចេញ​ពេល​វា​នៅ​តូច ឬ​ក៏​ប្ដូរ​ថ្លើម​ថ្មី ក្នុង​លក្ខខណ្ឌ​មាន​អ្នក​ផ្តល់​ថ្លើម ក៏​ប៉ុន្តែ​ជម្រើស​បែប​នេះ ហាក់​មិន​សូវ​កើត​ឡើង​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។