រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន ប្រាប់ទៅតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចរបស់វៀតណាម ឱ្យផ្អាកនាំកម្មករវៀតណាមចូល មកប្រទេសកម្ពុជាជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោក វេង សាខុន កាលពីថ្ងៃទី១២ ខែកក្កដា បានចេញលិខិតមួយច្បាប់ដោយយោងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាននិយាយកាលពីថ្ងៃទី ១១ ខែកក្កដា ស្នើសុំឱ្យបណ្តាក្រុមហ៊ុនវៀតណាមដែលកំពុងមានវត្តមានធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្អាកការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។
អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដស្វាយរៀងលោក រស់ ផារិទ្ធ បានប្រាប់ការសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី១២ ខែកក្កដាថា រដ្ឋបាលខេត្ដបានអនុវត្ដតាមការណែនាំ និងអនុសាសន៍របស់ថ្នាក់ដឹកនាំ ក្នុងការផ្អាកការចេញចូលចំពោះបុគ្គលិកកម្មករជនជាតិវៀតណាមទាំងអស់នេះ ដោយបានជូនដំណឹងដល់គ្រប់ស្រុកដែលមានច្រកចេញចូលតាមព្រំដែនឱ្យអនុវត្ដតាមបទបញ្ជារបស់ថ្នាក់ដឹកនាំរួចហើយ។
កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ តាមរយៈការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋលោក ហ៊ុន សែន បានណែនាំម្តងរួចមកហើយក្នុងការទប់ស្កាត់កុំឱ្យជនជាតិវៀតណាមឆ្លងដែន ចេញ-ចូល។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែកក្កដា លោកនាយករដ្ឋមន្ដ្រីបានបញ្ជាក់ថា តាមរបាយការណ៍ គឺនៅតែមានជនជាតិវៀតណាមឆ្លងដែនចេញ-ចូលប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថា៖ « នៅតាមព្រំដែនវៀតណាម យើងសង្កេតឃើញថា បើយោងទៅតាមរបាយការណ៍ដែលបានបញ្ចូលទៅក្នុងក្រុមប្រឆាំងកូវីដ-១៩ នៅតាមព្រំដែនកម្ពុជា- វៀតណាម អាណិកជនវៀតណាម នៅតែចេញចូលកម្ពុជានៅឡើយ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។