មន្រ្តីអង្គការសង្គមស៊ីវិល និងអ្នកវិភាគអះអាងថា រដ្ឋាភិបាល ឬក្រសួងសុខាភិបាលមិនទាន់មានវិធានការផ្សព្វផ្សាយ និងវិធានការផ្សេងៗ ទៀត គ្រប់ជ្រុងជ្រោយនៅឡើយទេ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាពនោះ។ បញ្ហានេះ ពួកគាត់សម្ដែងការព្រួយបារម្ភថា អ្នកឆ្លងជំងឺកូវីដ១៩ នឹងកើនឡើង ឬក៏ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ បើសិនជាក្រសួងសុខាភិបាលមិនមានវិធីទប់ស្កាត់អ្វីផ្សេងទៀត ក្រៅពីការរឹតត្បិត ឬបម្រាមធ្វើដំណើរនេះ។ នៅថ្ងៃទី១២ មេសា ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវី១៩ ថ្មី ២នាក់ ថែមទៀត។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី សម្ដែងការព្រួយបារម្ភថា ទោះបីជា រដ្ឋាភិបាល បានដាក់បម្រាមមិនឲ្យធ្វើដំណើរឆ្លងតំបន់មួយទៅតំបន់មួយទៀត និង មិនអនុញ្ញាតឲ្យ កម្មករឈប់សំរាកពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្ដី ក៏កម្មកររោងចក្រជាក្រុមមនុស្សដែលប្រមូលផ្ដុំគ្នា ពួកគាត់រស់នៅផ្ទះជួលជុំគ្នា ធ្វើដំណើររួមគ្នា ដែលជាក្រុមងាយរងគ្រោះ។ ម្យ៉ាងទៀត ចំពោះការធ្វើតេស្តរកអ្នកជាប់ពាក់ព័ន្ធ ឬអ្នកសង្ស័យថា មានជំងឺកូវីដ១៩ នេះ នៅមានកម្រិតនៅឡើយ៖ «មិនអាចធ្វើតេស្ដឲ្យគ្រប់ចំនួន ១៦លាននាក់នោះបានទេ តែនៅវៀតណាម និងថៃនៅក្នុងពេលគេបិទបម្រាមគោចរ គឺគេធ្វើយុទ្ធនាការរុករក ខ្សែបណ្ដាញអ្នកជាប់ពាក់ព័ន្ធនឹងអ្នកជំងឺ គេរកទៅដល់មូលដ្ឋានតែម្ដង។ អីចឹងការធ្វើដូច្នេះ ទើបការដាក់បម្រាមបិទផ្លូវអីនេះមានប្រសិទ្ធភាព»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្រួងសុខាភិបាល លោក លី សុវណ្ណ ដើម្បីសួរអំពីបញ្ហានេះតាមទូរស័ព្ទបានទេ នៅថ្ងៃទី១២ មេសា។
ទោះបីជាយ៉ាងនេះក្ដី ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងនៅថ្ងៃដដែលនេះថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ករណីថ្មីចំនួន ២នាក់ថែមទៀត ជាជនជាតិវៀតណាម ធ្វើឱ្យកើនដល់ ១២២នាក់ហើយ។ រីឯអ្នកជាសះស្បើយវិញ មានចំនួន ៧៧នាក់ ពោលគឺ អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៥នាក់។
ថ្មីៗនេះ អ្នកឆ្លងជំងឺកូវីដ១៩ ភាគច្រើនក្រសួងរកឃើញកើតទៅលើជនបរទេសកំពុងស្នាក់នៅកម្ពុជា។ ទាក់ទងនឹងបញ្ហានេះ លោក បណ្ឌិត មាស នីមាន អះអាងថា ឥរិយាបថរស់នៅរបស់ជនបរទេសខុសពីពលរដ្ឋខ្មែរ ជាទូទៅជនបរទេសនៅពេលមានអាការៈមិនស្រួលខ្លួន ពួកគាត់ទៅមន្ទីរពេទ្យត្រឹមត្រូវជាងពលរដ្ឋខ្មែរ ដើម្បីពិនិត្យសុខភាព ប៉ុន្តែពលរដ្ឋខ្មែរភាគច្រើនមិនធ្វើដូច្នេះឡើយ៖ « ជនបរទេសកាលណាពេលគាត់ឈឺ គាត់គ្មានជម្រើសអីគាត់ទៅពេទ្យ រដ្ឋពេទ្យឯកជនល្បីឈ្មោះ គឹមានភាពស្មោះត្រង់គេប្រាប់ថា មានជំងឺឬមិនមានតែម្ដង គេមិនលាក់ទេ » ។
ក្រសួងសុខាភិបាលអំពាវនាវ និងក្រើនរំលឹក ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកការផ្លាស់ប្តូរឥរិយាបថ ឬទម្លាប់ការរស់នៅរបស់ខ្លួន ជាចាំបាច់ ក្នុងដំណាក់កាលជំងឺកូវីដ១៩ កំពុងរាតត្បាតនេះដូចជា ត្រូវអនុវត្ត ការដាក់ឱ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ សម្រាប់បុគ្គលចំណាកស្រុក ដែលបានវិលត្រឡប់មកផ្ទះវិញ កុំធ្វើដំណើរចល័ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អនុវត្តការនៅឃ្លាតឆ្ងាយពីគ្នា នៅទីកន្លែងមានមនុស្សច្រើន និងរក្សាអនាម័យល្អ ត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹកស្អាត អាល់កុល ឬទឹក លាងដៃឱ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ជាដើម។
ប្រធានមជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ លោក យង់ គឹមអេង មានប្រសាសន៍ថា ការផ្សព្វផ្សាយអប់រំ របស់ក្រសួងសុខាភិបាលទៅដល់សហគមន៍នៅមានកម្រិតនៅឡើយ នៅស្របពេលពលរដ្ឋមួយចំនួនធំមិនផ្លាស់ប្ដូរឥរិយាបថនៃការរស់នៅ ដូចជា ការប្រើប្រាស់សំភារៈផ្ទះបាយ បន្ទប់ទឹករួមគ្នា ដែលពួកគាត់ងាយនឹងឆ្លងពីម្នាក់ទៅម្នាក់។ លើសពីនេះទៀត ទាក់ទងគ្រឿងស្រវឹងវិញ ទាំងលោក យ៉េង់ គីម អេង ទាំងបណ្ឌិត មាស នី លើកឡើងដូចគ្នាថា រដ្ឋាភិបាលគួរតែចេញបទបញ្ជាទប់ស្កាត់ការផ្សព្វផ្សាយ ឬការលក់គ្រឿងស្រវឹងជាបន្ទាន់មួយដែរ ដើម្បីកាត់បន្ថយជួបជុំរបស់ពលរដ្ឋ។ លោក យ៉ង់ គីម អេង បន្ថែមថា ពលរដ្ឋភាគច្រើននៅតែឆ្លៀតពេលនេះ ប្រមូលផ្ដុំគ្នាផឹកស៊ីដដែល៖ «ថៃគេបានបិទការលក់គ្រឿងស្រវឹងហ្នឹង ១០ថ្ងៃដែរ ចឹងកម្ពុជាក៏គួរដូច្នោះដែរ នៅគ្រាដែលពលរដ្ឋកម្ពុជា ឬពលករមកពីថៃធ្វើចលនាច្រើននោះ»។
ដើម្បីទប់ស្កាត់ការប្រមូលផ្ដុំមនុស្សច្រើននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាពីរថ្ងៃជាប់ៗ គ្នា គឺនៅថ្ងៃទី៩ មេសា លោក ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងទាន់ហន់ មិនឲ្យពលរដ្ឋធ្វើដំណើរចេញ ចូលរាជធានីភ្នំពេញ ហើយនៅថ្ងៃបន្ទាប់គឺថ្ងៃទី១០ មេសា ក្រោយពីមានការរិះគន់ខ្លាំង ចំពោះបទបញ្ជានេះ លោក ហ៊ុន សែន បានសម្រួល និងចាត់ទុករាជធានីភ្នំពេញ និងខេត្តកណ្ដាលជាតំបន់តែមួយវិញ មិនស្ថិតនៅក្នុងការហាមឃាត់ទេ មានន័យថា ពលរដ្ឋនៅភ្នំពេញ និងនៅខេត្តកណ្ដាលអាចធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកបាន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងកាត់រវាងស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយ ប៉ុន្តែរក្សាបម្រាមមិនឱ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀតដដែល។
បម្រាមធ្វើដំណើរនៅក្នុងប្រទេសនេះ ក៏ត្រូវបានលើកលែងចំពោះការដឹកជញ្ជូនទំនិញ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសំរាម រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធក្នុងគោលដៅបំពេញការងារ ការដឹកជញ្ជូនកម្មករទៅកាន់រោងចក្រ-សហគ្រាស ព្រមទាំងការធ្វើដំណើររបស់ពលរដ្ឋទៅមន្ទីរពេទ្យ ដើម្បីទទួលបានសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ត្រឹមមនុស្សចំនួន ៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។