អាជ្ញាធររាជធានីភ្នំពេញ ជំរុញឲ្យអ្នកជំងឺកូវីដ១៩ (Covid-19) នៅភ្នំពេញ ដែលឈឺស្រាលៗ និងមានទីតាំងទូលាយស្ម័គ្រចិត្តព្យាបាលជំងឺនៅផ្ទះរៀងៗ ខ្លួន ដោយមានការប្រឹក្សា ផ្ដល់ថ្នាំ និងអាហារសម្រាប់អ្នកមានជីវភាពខ្វះខាត។ សង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរមានការទទួលខុសត្រូវខ្ពស់ទើបការព្យាបាលតាមផ្ទះមានប្រសិទ្ធភាព។
ការព្យាបាលជំងឺកូវីដ១៩ តាមផ្ទះរៀងខ្លួន នឹងធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត ការវាយតម្លៃស្ថានភាពជំងឺ និងទីតាំងរស់នៅជាក់ស្ដែង។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ កក្កដា ដោយសន្យាថា អាជ្ញាធរនឹងឧបត្ថម្ភអាហារចំពោះអ្នកខ្វះខាត ក្នុងពេលព្យាបាលជំងឺនៅផ្ទះ។ លោកលើកទឹកចិត្តឲ្យពលរដ្ឋដែលមានទីតាំងសមរម្យនិងឈឺស្រាល ព្យាបាលនៅផ្ទះ ឬបន្ទប់ជួល ដើម្បីទុកកន្លែងព្យាបាលនៅតាមមណ្ឌលព្យាបាល ឬមន្ទីរពេទ្យឲ្យអ្នកខ្វះលទ្ធភាព៖ « អ៊ីចឹងចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាព សូមជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន។ យើងនឹងមានការផ្គត់ផ្គង់ជួយជាស្បៀងជួយពួកគាត់ក្នុងអំឡុងពេលព្យាបាល។ ខ្ញុំបញ្ជាក់ជូនអ៊ីចឹងណា»។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះដែរ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ង៉ូវ កាង ពន្យល់ថា ការដាក់ឲ្យព្យាបាលនៅតាមផ្ទះគឺដើម្បីទុកមណ្ឌលព្យាបាលដាក់អ្នកជំងឺធ្ងន់ និងមធ្យមហើយការព្យាបាលនៅតាមផ្ទះមានប្រសិទ្ធិភាពល្អដូចគ្នា។ លោកបន្តថា គ្រូពេទ្យនឹងអនុញ្ញាតអ្នកជំងឺស្រាលៗ ដែលជាមនុស្សពេញកម្លាំង និងកុមារ ចាប់ពី ៣០គីឡូឡើងប៉ុណ្ណោះទទួលការព្យាបាលនៅផ្ទះ។ ឯទារក ស្ត្រីមានផ្ទៃពោះ ចាស់ជរានិងអ្នកមានអាការៈធ្ងន់ធ្ងរនឹងត្រូវដឹកយកទៅព្យាបាលនៅតាមមណ្ឌល ឬមន្ទីរពេទ្យដដែល។
លោកបន្តថា ក្រៅពីនេះអាជ្ញាធរមូលដ្ឋាន ក៏នឹងចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង ហើយលុះត្រាតែលំនៅឋាននោះជាបន្ទប់ជួលដែលស្នាក់នៅតែឯង ឬផ្ទះដែលមានទីតាំងដាច់ដោយឡែក និងបន្ទប់ទឹកដាច់ដោយឡែកជាដើមទើបត្រូវអនុញ្ញាតឲ្យសម្រាកព្យាបាលនៅផ្ទះ។ ក្នុងពេលសម្រាកព្យាបាលនៅផ្ទះគ្រូពេទ្យនឹងផ្ដល់ថ្នាំមួយចំនួនចំពោះអ្នកគ្មានលទ្ធភាពទិញ ហើយគ្រូពេទ្យនឹងទំនាក់ទំនងតាមទូរស័ព្ទទៅសួរនាំពីអាការៈ។ អ្នកជំងឺក៏អាចទូរស័ព្ទទៅគ្រូពេទ្យវិញដែរ។ ក្នុងករណីស្ថានភាពជំងឺវិវត្តន៍ទៅរកសភាពភាពធ្ងន់គ្រូពេទ្យនឹងទទួលយកទៅព្យាបាលនៅមន្ទីរពេទ្យ។
លោក ង៉ូវ កាង អះអាងថា ការព្យាបាលជំងឺកូវីដ១៩ មិនពឹងលើថ្នាំពេទ្យទាំងស្រុងទេ គឺអាស្រ័យលើបរិស្ថានជុំវិញខ្លួន កន្លែងស្នាក់នៅមានអនាម័យ ការបរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ ការធ្វើអារម្មណ៍ឲ្យស្រស់ស្រាយ មិនតក់ស្លុត ចំពោះស្ថានភាពជំងឺ និងការហាត់ប្រាណជាដើម។ លោកក៏លើកទឹកចិត្តឲ្យអ្នកជំងឺកូវីដ១៩ ពិសាទឹកឲ្យបានច្រើនដែរ៖ « មានស្រាប់នៅផ្ទះហ្នឹងឱសថអស់ហ្នឹងគឺគាត់អាចរកបានហើយ។ គាត់ចង់បានមែនទែនហ្នឹង គឺគាត់ចង់បានអន្តរាគមន៍ផ្នែកអប់រំផ្លូវចិត្តនិងវិធីសាស្ត្រធ្វើម្ដេចឲ្យខ្លួនគាត់ឆាប់ជាតាមរយៈការអប់រំចិត្តសាស្ត្រនិងវិធានសុខាភិបាលច្រើនជាងអ្វីដែលឱសថសាមញ្ញនៅក្នុងគ្រួសារ»។
ជាមួយគ្នានេះ អាជ្ញាធរក៏តម្រូវឲ្យអ្នកជំងឺកូវីដ១៩ ធ្វើកិច្ចសន្យានៅពេលស្ម័គ្រចិត្តព្យាបាលនៅផ្ទះដោយត្រូវអនុវត្តតាមវិធានការនានា។ ចំពោះសមាជិកគ្រួសារដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ក៏នឹងត្រូវហាមឃាត់ចេញក្រៅផ្ទះរយៈពេល ១៤ថ្ងៃដែរ ដើម្បីការពារការចម្លងជំងឺកូវីដ១៩។ ក្នុងករណីល្មើសអាជ្ញាធរព្រមានដាក់ពិន័យ និងប្រើទោសទណ្ឌ ដើម្បីបង្ការកុំឲ្យមានការចម្លងជំងឺនេះទៅអ្នកដទៃ។
វិធានការនេះ ទំនងអនុវត្តបានតែអ្នកមានជីវភាពធូរធារ និងមធ្យមប៉ុណ្ណោះ ព្រោះអ្នកមានជីវភាពក្រីក្រគ្មានទីតាំងស្នាក់នៅទូលាយ ដែលអាចដាក់ខ្លួនព្យាបាលដាច់ដោយឡែកពីគ្រួសារបានឡើយ។ អ្នកលក់ដូរតាមដងផ្លូវម្នាក់ លោកស្រី ណឹប សឿន នឹងមិនទទួលយកការព្យាបាលជំងឺនៅផ្ទះទេដោយសារលោកស្រីមានសមាជិកច្រើនកំពុងស្នាក់នៅក្នុងបន្ទប់ជួលតួចរួមគ្នា។ ម្យ៉ាងទៀតលោកស្រីមិនទាន់ទុកចិត្តថា ការព្យាបាលនៅផ្ទះមានប្រសិទ្ធភាព៖ « ចង់នៅកន្លែងព្រោះផ្ទះវាអត់មានកន្លែងព្យាបាលវាតូចបន្ទប់ហើយកូនផងចៅផងច្រើនដែរ»។
ចំណែកសង្គមស៊ីវិលគាំទ្រ ចំពោះវិធានការដាក់ឲ្យព្យាបាលអ្នកជំងឺស្រាលនៅតាមផ្ទះ និងជាការកាត់បន្ថយការប្រមូលផ្ដុំគ្នានៅមណ្ឌលព្យាបាល ឬមន្ទីរពេទ្យ។ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន់ ពៅ ជំរុញឲ្យអាជ្ញាធរផ្ដល់ថ្នាំ និងអាហារឲ្យទាន់ពេលវេលា និងត្រូវមានពេទ្យគ្រូពេទ្យគ្រប់គ្រាន់ទើបការព្យាបាលនៅផ្ទះមានប្រសិទ្ធិភាព៖ « សម្រាលបន្ទុករបស់រដ្ឋាភិបាលក្នុងការទទួលអ្នកជំងឺ។ ទី២ ជាចំណុចមួយដែលធ្វើឲ្យអ្នកជំងឺហ្នឹងមានអារម្មណ៍ល្អអាចឆាប់ជាហើយការផ្គត់ផ្គង់ពីសំណាក់អាជ្ញាធររដ្ឋវាជាកាតព្វកិច្ច។ នេះគឺជារឿងមួយ ដែលមិនអាចជៀសផុតបានទេ ព្រោះកាលណាប្រជាពលរដ្ឋមានរឿងអ្វី គឺគាត់ត្រូវតែយកប្រព័ន្ធគាំពារសង្គម ហើយរដ្ឋត្រូវតែជួយគាត់បែបនេះឯង»។
បច្ចុប្បន្នការព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះធ្វើឡើងសម្រាប់តែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ហើយជំហានបន្ទាប់គ្រោងនឹងអនុវត្តនៅខេត្តកណ្ដាល។ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី ម៉េង បញ្ជាក់ថា បច្ចុប្បន្នមានអ្នកជំងឺកូវីដ១៩ ស្រាល ១.០៣៣នាក់ កំពុងព្យាបាលនៅតាមផ្ទះ។ ក្នុងនោះ ២៦៨នាក់បានជាសះស្បើយ។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ង៉ូវ កាង បញ្ជាក់ថា ក្នុងករណីខេត្តផ្សេងទៀត មានភាពចាំបាច់ ដែលតម្រូវឲ្យទុកមណ្ឌលព្យាបាលសម្រាប់អ្នកជំងឺធ្ងន់ និងមធ្យមនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនឹងពិភាក្សាជាមួយអាជ្ញាធរខេត្ត ដើម្បីអនុញ្ញាតឲ្យមានការព្យាបាលនៅតាមផ្ទះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។