អាជ្ញាធរ​ក្រុង​ភ្នំពេញ សម្រេច​បិទផ្សារ​បឹងកេងកង​១៤​ថ្ងៃ ដោយ​សារ​បញ្ហា​ជំងឺកូវីដ-១៩

អាជ្ញាធរ​ក្រុង​ភ្នំពេញសម្រេច​បិទផ្សារ​បឹងកេងកង​រយៈពេល​១៤​ថ្ងៃក្រោយ​រក​ឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩ ជាច្រើន ក្នុងចំណោម​បុគ្គលិក-កម្មករ និង​អាជីវករផ្សារ​នេះ។ តាម​ សេចក្តី​សម្រេច​របស់​រដ្ឋបាល​ក្រុង​ភ្នំពេញនៅថ្ងៃទី២៨ ខែមិថុនា ផ្សារបឹងកេងកង ត្រូវ​ផ្អាកដំណើរការ​ជាបណ្ដោះអាសន្ន ពីថ្ងៃទី២៩ ខែមិថុនា រហូតដល់​ថ្ងៃទី១២ ខែកក្កដា។

ទោះជាយ៉ាងនេះ​ក្ដីអាជ្ញាធរ​រាជធានី​ភ្នំពេញមិនបាន​បញ្ជាក់​ចំនួន​អ្នកឆ្លង​នៅក្នុង​ផ្សារ​នោះ​ឡើយ។

តាំងពីផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ អាជីវករ អ្នក​ដើរ​ផ្សារ និង​បុគ្គលិក​-កម្មករ រួមទាំង​សន្តិសុខ​ផ្សារ​ជាច្រើន ឆ្លងជំងឺ​កូវីដ-១៩នេះ។

តំណាង​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី លី អៃឡែន (Li Ailan) ធ្លាប់​ព្រមាន​ថាកម្ពុជា​ដើរ​ដល់មាត់​ជ្រោះមរណៈនៃ​មហន្តរាយ​ដោយសារ​តែវិបត្តិ​នៃ​ជំងឺកូវីដ-១៩។ អ្នកស្រីថា​កន្លែង​ដែល​ងាយ​ឆ្លង​ជំងឺនេះ​បំផុតគឺ​ទីប្រជុំជនដែលមាន​មនុស្សកុះករ ដូចជាផ្សារ និង​រោងចក្រ​ជាដើម។

គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនាម្សិលមិញ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ មាន ៤៨.៥៣២នាក់ ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន ៤២.៧៦៤នាក់ ស្លាប់កើន​ឡើង​ដល់ ៥៥៦នាក់ ខណៈ​អ្នក​ជំងឺ​រាប់​ពាន់​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​នៅ​តាម​ផ្ទះ​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។