ក្រសួងសុខាភិបាលគ្រោងបើកយុទ្ធនាការចាក់វ៉ាក់សាំងចិនស៊ីណូវ៉ាក់ (Sinovac) សម្រាប់ក្មេងអាយុចាប់ពី ១២-១៧ឆ្នាំ ទោះគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) សម្រាប់វ័យនេះនៅឡើយ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងក៍បានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជន នាំចូលនិងចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ។
បើតាមការអះអាងរបស់ក្រសួងសុខាភិបាល ឲ្យស្របទៅនឹង «យុទ្ធសាស្រ្តផ្ការីក» របស់រដ្ឋាភិបាលលោក ហ៊ុន សែន យុទ្ធនាការចាក់វ៉ាក់សាំងចិនស៊ីណូវ៉ាក់ (Sinovac) ដល់កុមារ និងយុវវ័យនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា សម្រាប់អ្នកនៅខេត្តក្រុងចំនួន៤ មុនគេ ដោយផ្តើមចេញពីក្រុងភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងកោះកុង។
ប៉ុន្តែកុមារនិងយុវវ័យ ដែលត្រូវបានចាក់វ៉ាក់សាំងនេះមុនគេ គឺត្រូវតែជាកូនចៅមន្រ្តីរាជការថ្នាក់ជាតិ ពោលគឺកូនឥស្សរជនដែលមានតួនាទីជាឧបនាយករដ្ឋមន្រ្តី កូនចៅអ្នកឧកញ៉ា និងកូនចៅមន្រ្តីទូតជាដើម។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ជុំវិញការកំណត់អាទិភាពឲ្យកូនឧកញ៉ា មហាមន្រ្តី បានទទួលវ៉ាក់សាំងនេះមុនកូនចៅប្រជាពលរដ្ឋសាមញ្ញនៅឡើយទេ។
ប៉ុន្តែកន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាំងពីអង្គការសុខភាពពិភពលោក (WHO) មិនទាន់ទទួលស្គាល់វ៉ាក់សាំងចិនមកម្ល៉េះ លោកធ្លាប់បញ្ជាឲ្យមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងជួរកងទ័ព រួមទាំងកូនៗរបស់លោកផង នាំគ្នាទៅចាក់វ៉ាក់សាំងចិននេះមុនគេ រួចហើយផ្សព្វផ្សាយជាសាធារណៈយ៉ាងឱឡារិក អាចដើម្បីជាសារបង្ហាញថា ពួកគាត់គាំទ្រវ៉ាក់សាំងចិន ទោះបីពលរដ្ឋមួយចំនួន បារម្ភពីគុណភាព និងប្រសិទ្ធភាពរបស់វាក៏ដោយ។
លើកនេះក៏មិនខុសពីលើកមុនៗដែរ ក្រសួងសុខាភិបាលកំណត់កូនអ្នកធំ និងអ្នកមាន ដែលមានអាយុចាប់ពី ១២-១៧ ឆ្នាំ ឲ្យចាក់វ៉ាក់សាំងចិនស៊ីណូវ៉ាក់ (Sinovac) ដែលអង្គការសុខភាពពិភពលោក (WHO) មិនទាន់ទទួលស្គាល់ឲ្យប្រើប្រាស់សម្រាប់វ័យនេះនៅឡើយ។
អង្គការសុខភាពពិភពលោក ( WHO) កាលពីដើមខែមិថុនា បានទទួលស្គាល់វ៉ាក់សាំងចិនស៊ីណូវ៉ាក់ ឲ្យប្រើប្រាស់សម្រាប់គ្រាបន្ទាន់ ប៉ុន្តែនៅក្នុង អនុសាសន៍របស់ក្រុមប្រឹក្សាជំនាញរបស់អង្គការនេះ វ៉ាក់សាំងនេះអាចប្រើបានសម្រាប់តែមនុស្សដែលមានវ័យចាប់ ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយ ដែលបង្ហាញថា ក្រុមហ៊ុនចិនដែលរកឃើញវ៉ាក់សាំងស៊ីណូវ៉ាក់នេះ ដាក់ពាក្យសុំឲ្យអង្គការសុខភាពពិភពលោក ទទួលស្គាល់វ៉ាក់សាំងស៊ីណូវ៉ាក់ សម្រាប់ចាក់កុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំនោះទេ។
វិទ្យុអាស៊ីសេរី នៅមិនទាន់បានការឆ្លើយតបពីអង្គការសុខភាពពិភពលោកជុំវិញរឿងនេះ នៅឡើយដែរ។ ប៉ុន្តែកន្លងមកអង្គការពិភពលោកមួយនេះ ធ្លាប់បញ្ជាក់ថា ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងអ្វីនៅក្នុងប្រទេសសាម៉ីណាមួយ គឺអាស្រ័យលើអាជ្ញាធរសុខាភិបាលជាតិនៃប្រទេសនោះ ជាអ្នកសម្រេច។
ទោះបីជាអង្គការសុខភាពពិភពលោក បានទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រាំមុខ រួមមាន ហ្វៃហ្ស៊ើរ អែនបៃអូអិនថិក (Pfizer and BioNTech) ម៉ូដឺនណា (Moderna) ចនសុនអែនចនសុន (Johnson & Johnson) និងអាស្រ្តាហ្ស៊េណេកា (AstraZeneca) របស់អង់គ្លេស និងស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) សម្រាប់ចាក់មនុស្សដែលមានវ័យចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ លើកលែងតែវ៉ាក់សាំង ហ្វៃហ្ស៊ើ អែនបៃអូអិនថិក ដែលអាចចាក់មនុស្សចាប់ពីអាយុ ១៦ឆ្នាំឡើងទៅ អង្គការនេះនៅមិនទាន់ទទួលស្គាល់វ៉ាក់សាំងណាមួយ ដែលអាចចាក់លើកុមារ ឬយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំឡើងនោះនៅឡើយទេ។
ទោះជាយ៉ាងនេះក្ដី រដ្ឋបាលឱសថនិងចំណីអាហាររបស់សហរដ្ឋអាមេរិក (FDA) បានទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង ហ្វៃហ្ស៊ើរ អែនបៃអូអិនថិក សម្រាប់កុមារអាយុចាប់ពី ១២-១៦ឆ្នាំ នៅទឹកដីអាមេរិក។ សហភាពអឺរ៉ុប ក៏ទទួលស្គាល់ និងអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួន ចាក់វ៉ាក់សាំង ហ្វៃហ្ស៊ើរ អែនបៃអូអែនថិក សម្រាប់កុមារ និងយុវវ័យក្នុងវ័យនេះដែរ។
គិតមកត្រឹមថ្ងៃទី២៧ ខែកក្កដា រដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រុកចាក់វ៉ាក់សាំងដល់ពលរដ្ឋកម្ពុជា បានជិត ៧លាននាក់ហើយ ក្នុងចំណោមគម្រោងចាក់ ១០លាននាក់។ ក្នុងនោះ ពលរដ្ឋចំនួនជិត ៤,៦លាននាក់បានចាក់ពីរដូស។
រហូតមកដល់ពេលនេះ គ្មានរបាយការណ៍ ឬការសិក្សាណាមួយរបស់ក្រសួងសុខាភិបាលកម្ពុជា អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជានោះទេ។
ទោះជាកម្ពុជាបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋប្រមាណ ៧០ភាគរយទៅហើយក្តី ក៏អត្រានៃការឆ្លងជំងឺកូវីដ-១៩ និងអ្នកស្លាប់ដោយសារជំងឺនេះ នៅតែមានចំនួនច្រើនដដែល។ ជាមធ្យមមានមនុស្សប្រមាណ ៨៥០នាក់ឆ្លងជំងឺនេះរៀងរាល់ថ្ងៃ។ អ្នកស្លាប់ មានជាមធ្យម ២៥នាក់ក្នុងមួយថ្ងៃ។ អត្រានៃករណីចម្លងជំងឺនេះពីក្រៅប្រទេស ក៏កើនឡើងខ្លាំងដែរ ដោយក្នុងមួយថ្ងៃជាមធ្យម មានករណីថ្មីពីក្រៅប្រទេសនេះចំនួន ២៤៥នាក់។ ក្នុងចំណោមនៃករណីនាំចូលពីក្រៅនេះ មានមនុស្សជាច្រើន ឆ្លងមេរោគបំប្លែងថ្មី ឈ្មោះ ដែលតា (Delta)។
ក្នុងស្ថានភាពដែលនៅតែអាក្រក់បែបនេះ មន្រ្តីតំណាងអង្គការសុខភាពភិពលោកនៅកម្ពុជាអ្នកស្រី លី អៃឡែន ( Li Ailan) ថា កម្ពុជាប្រឈមបញ្ហា ៥យ៉ាងដែលលំបាកខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺទី១. បញ្ហាមេរោគបំប្លែងថ្មី ទី២. ការចម្លងក្នុងសហគមន៍ដែលមើលមិនឃើញ ទី៣. ការនឿយណាយ និងភាពព្រងើយកន្តើយនឹងជំងឺនេះ ទី៤. ការមិនគោរពឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរដ្ឋបាល និងសុខាភិបាល និងទី៥. គឺការអាងលើវ៉ាក់សាំងបង្ការជំងឺនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។