អ្នកជំនាញ​ស្នើ​ដោះស្រាយ​រួមគ្នា​ជាបន្ទាន់ករណី​កុមារ​កម្ពុជា​មួយ​ចំនួន​ស្លាប់​ដោយសារ​បំពុល​ខ្យល់

ការវាយតម្លៃ​សុខភាព​កុមារ និង​បរិស្ថាន​នៅ​កម្ពុជា​ជា​លើកដំបូង បាន​រក​ឃើញ​ហានិភ័យ​សំខាន់ៗ​មួយចំនួន ទាមទារ​ដោះស្រាយ​រួមគ្នា​ជាបន្ទាន់​ជួយ​ដល់​កុមារ។ ការ​បង្ហាញ​ពី​របកគំហើញ​នេះ ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​រយៈពេល​មួយថ្ងៃ កាលពី​ថ្ងៃទី ២៥ ខែសីហា ដោយមាន​ការចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​ចំនួន ២៩ ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​

នាយក​អង្គការ​យូនីសេហ្វ (Unicef) ប្រចាំ​ប្រទេស​កម្ពុជា លោក​បណ្ឌិត វីល ផាកស៍ (Dr. Will Parks) លើកឡើង កាល​ពី​ថ្ងៃទី២៦ ខែ​សីហា ថា វិបត្តិ​អាកាសធាតុ គឺជា​វិបត្តិ​សិទ្ធិ​កុមារ។ កុមារ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម គ្រោះថ្នាក់​បរិស្ថាន និង​បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ រួម​ទាំង​សិទ្ធិ​រស់រាន​មាន​ជីវិត និង​លូតលាស់​ផង​ដែរ។ កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ជិត​មួយ​នាក់​ក្នុង​ចំណោម​ប្រាំ​នាក់ ស្លាប់​ដោយសារ​ការ​បំពុល​ខ្យល់។ អង្គការ​សុខភាព​ពិភពលោក​ប៉ាន់​ប្រមាណ​ថា ជាង​មួយ​ភាគ​បួន (១/៤) នៃ​ករណី​ស្លាប់​របស់​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ អាច​បង្ការ​និង​ទប់ស្កាត់​បាន តាមរយៈ​ការ​ដោះស្រាយ​ហានិភ័យ​បរិស្ថាន។

របកគំហើញ​ដដែល​បង្ហាញ​ទៀត​ថា ការប្រែប្រួល​អាកាសធាតុ និង​ការ​សឹករិចរិល​បរិស្ថាន កំពុង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​រស់រាន​មាន​ជីវិត សុខភាព ការអប់រំ កិច្ច​គាំពារ និង​សុខុមាលភាព​របស់​កុមារ។ ការ​កើនឡើង​នៃ​ជំងឺមហារីក ជំងឺ​ទឹកនោមផ្អែម វិបត្តិ​អភិវឌ្ឍន៍​ផ្នែក​ប្រព័ន្ធ​ប្រសាទ និង​ជំងឺហឺត ក៏​កើតឡើង​ព្រម​គ្នា​ផង​ដែរ ទៅ​នឹង​ការ​កើនឡើង​យ៉ាង​គំហុក​នៃ​ការ​បំពុល​ខ្យល់ ការ​បំពុល​ទឹក និង​ការប្រើប្រាស់​សារធាតុ​គីមី នៅក្នុង​ផលិតផល​ប្រចាំថ្ងៃ ដូចជា ចំណីអាហារ និង​ថ្នាំ​សម្លាប់​សត្វល្អិត ជាដើម។

អង្គការ​យូនីសេហ្វ អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​រដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន គ្រឹះស្ថានសិក្សា និង​សង្គម​ស៊ីវិល ត្រូវធ្វើ​សកម្មភាព​រួមគ្នា ដើម្បី​កាត់​បន្ថយ​ហានិភ័យ​សុខភាព​បរិស្ថាន ជាពិសេស​ចំពោះ​កុមារ​។ សកម្មភាព​ទាំងនោះ​រួមមាន ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ បទប្បញ្ញត្តិ គ្រប់គ្រង​សារធាតុបំពុល សារធាតុ​កខ្វក់ ពង្រឹងសមត្ថភាព​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព លើកកម្ពស់​ការ​យល់ដឹង​ជា​សាធារណៈ និង​ការចូលរួម​របស់​សហគមន៍ ព្រមទាំង​យុវជន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។