កម្ពុជារកមិនឃើញមានអ្នកផ្ទុកជំងឺនេះ ថ្មីបន្ថែមទៀតទេ នៅថ្ងៃទី៥ ខែមេសា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី៥ ខែមេសា។ នេះជាលើកទី៣ ដែលកម្ពុជារកមិនឃើញករណីថ្មីនៃអ្នកផ្ទុកជំងឺកូវីដ-១៩ សម្រាប់របាយការណ៍ប្រចាំថ្ងៃអំពីជំងឺនេះ។ កាលពីថ្ងៃទី៣១ ខែមីនា ក្រសួងសុខាភិបាល ក៏រកមិនឃើញករណីថ្មីនេះអ្នកផ្ទុកជំងឺនេះដែរ។ស្របពេលជាមួយគ្នានេះ អ្នកជាសះស្បើយពីជំងឺនេះ បានកើនឡើង ១នាក់បន្ថែមទៀត ដែលធ្វើឲ្យអ្នកជាសះស្បើយពីជំងឺ សរុបកើនឡើងដល់ ៤០នាក់។ បច្ចុប្បន្ន អ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅសល់ ៦៥នាក់ ដែលភាគច្រើនជាបុរស។ក្រសួងសុខាភិបាលកាលពីថ្ងៃទី៤ ខែមេសា ហ៊ានប្រកាសជាផ្លូវការថា មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ ដែលផ្ទុកជំងឺកូវីដ-១៩ បានសះស្បើយពីជំងឺនេះ។ នៅក្នុងសេចក្ដីជូនដំណឹងថ្ងៃទី៤ ខែមេសានេះ ក្រសួងសុខាភិបាលថា បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងមួយ រស់នៅរាជធានីភ្នំពេញ បានជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។កាលពីដំបូង ពេលបុរសនេះផ្ទុកជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលបានលាក់ព័ត៌មាននេះ ដោយត្រឹមតែប្រាប់ថា បុរសនោះជាពលរដ្ឋខ្មែរធ្វើដំណើរមកពីបារាំងតែប៉ុណ្ណោះ។ប៉ុន្តែការលាក់ព័ត៌មានអំពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលផ្ទុកជំងឺនេះ ត្រូវបានបែកធ្លាយនៅក្នុងសារសំឡេងរបស់កូនប្រុសទីពីររបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ដែលបញ្ជាក់ថា នៅក្រសួងការបរទេស មានប្រធាននាយកដ្ឋានម្នាក់ផ្ទុកជំងឺនេះ ហើយបុរសនេះបានជួបប្រាស្រ័យទាក់ទងជាមួយមន្ត្រីទូតខ្មែរ និងមន្ត្រីក្រសួងការពារជាតិផងដែរ។ក្រោយការបែកធ្លាយសារសំឡេងនេះ ទើបក្រសួងសុខាភិបាលប្រកាសថា ខ្លួនមិនបានលាក់ព័ត៌មាននោះទេ គឺខ្លួនធ្វើអ្វីៗ ទៅតាមបច្ចេកទេសសុខាភិបាល ជាពិសេសក្រមសីលធម៌ក្នុងការមិនប្រាប់អត្តសញ្ញាណនៃអ្នកជំងឺ។ ទោះជាមិនបានបញ្ជាក់ថា អ្នកជំងឺនេះ គឺជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក៏ដោយ ក៏ក្រសួងធ្លាប់អះអាងថា មន្ត្រីជាន់រូបនោះ ត្រូវបានបញ្ចូលក្នុងបញ្ជីរួម នៃអ្នកផ្ទុកជំងឺនេះ តាំងពីថ្ងៃទី១៨ ខែមីនាមកម្ល៉េះ។ទោះជាក្រសួងអះអាងយ៉ាងនេះក្តី ក៏ពេលក្រសួងជូនដំណឹងអំពីការរកឃើញមន្ត្រីនេះផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែមីនា គឺមិនបានបញ្ជាក់ថា បុរសនោះ ជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនោះឡើយ។អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាល អំពីមូលហេតុថា តើហេតុអ្វី បានជាកាលពីបុរសនេះមានផ្ទុកជំងឺនេះ ក្រសួងលាក់ព័ត៌មាន មិនហ៊ានប្រាប់ថា អ្នកជំងឺនោះ ជាមន្ត្រីនោះជាន់ខ្ពស់រដ្ឋាភិបាល ប៉ុន្តែដល់តែពេលគាត់ជាសះស្បើយពីជំងឺនេះ ទើបក្រសួងហ៊ានប្រកាសការពិតថា បុរសនោះជាជនជាតិខ្មែរ និងជាមន្ត្រីជាន់ខ្ពស់នៃក្រសួងមួយ។ ប៉ុន្តែ មិនទាន់អាចទាក់ទងបាននៅឡើយ។រហូតមកដល់ពេលនេះ ក៏មិនទាន់មានសេចក្ដីរាយការណ៍ណាមួយ ដែលថា មន្ត្រីទាំងអស់ ដែលមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសរូបនេះ បានជួបប្រាស្រ័យទាក់ទង ត្រូវបានធ្វើតេស្តរកមើលមេរោគកូរ៉ូណាថ្មី ឬដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីតាមដានសុខភាពនោះឡើយ។ស្របពេលដែលចំនួននៃអ្នកផ្ទុកជំងឺនេះ ម្ដងឡើងម្ដងនៅនឹងមួយកន្លែង ក៏នៅមានអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើនទៀតជាមួយនឹងអ្នកផ្ទុកជំងឺនេះ នៅមិនទាន់ចេញលទ្ធផលតេស្តចុងក្រោយនៅឡើយទេ។ ចំណែកឯពលករខ្មែរជាង ៥ម៉ឺននាក់ ដែលសម្រុកវិលត្រឡប់ពីស្រុកថៃ មកខ្មែរវិញ តាំងពីថ្ងៃទី២៣ ខែ មីនា នៅមិនទាន់មានពលករណាម្នាក់ ត្រូវបានក្រសួងសុខាភិបាលរាយការណ៍ថា បានយកសំណាកវត្ថុវិភាគ មកធ្វើតេស្តនៅឡើយនោះដែរ រហូតមកដល់ពេលនេះ។ចំណែកអ្នកផ្ទុកជំងឺនេះ នៅទូទាំងពិភពលោក កើនឡើងដល់ ១.១៦១.៦៣៦នាក់ អ្នកស្លាប់កើនឡើងដល់ជាង ៦២.៣៧៩នាក់ ចំណែកអ្នកជាសះស្បើយមានចំនួនសរុប ២៣៧.១៤០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។