កម្ពុជាគ្មានអ្នកឆ្លង ឬស្លាប់ដោយជំងឺកូវីដ១៩ រយៈពេល ៧ថ្ងៃជាប់ៗ គ្នា
2022.05.13
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពីរដ្ឋធានីវ៉ាស៊ីងតោន (Washington DC) ទីដែលលោកបានមកចូលរួម កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក កាលពីថ្ងៃទី១៣ ខែឧសភាថា នេះជាមោទនភាពមួយរបស់កម្ពុជា ដែលបានទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ១៩ ទទួលបានប្រសិទ្ធភាពខ្ពស់។ តែយ៉ាងណា លោកក៏អំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងនាំគ្នាទៅចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឲ្យបានគ្រប់ៗ គ្នា៖ «ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងពីទីក្រុងភ្នំពេញថា បញ្ជាក់ថាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ ៧ថ្ងៃជាប់ៗគ្នា ដែលនេះជាជោគជ័យធំណាស់ ដែលពលរដ្ឋបានចូលរួម។ ទោះជាយ៉ាងនេះក្តី ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋ ឲ្យគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងទៅចាក់ថ្នាំបង្ការដូសជំរុញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ទោះបីជាយ៉ាងណាក្ដី អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ លើកឡើងថា ជារឿងចម្លែកដែលកម្ពុជា គ្មានករណីឆ្លងជំងឺកូវីដ១៩ ព្រោះប្រទេសជិតខាងក្នុងតំបន់អាស៊ាន នៅតែបន្តមានការឆ្លងច្រើននៅឡើយ។
ឱសថការីខ្មែរ-អូស្ត្រាលី លោក លឹម សួរ សាទរចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក៏ប៉ុន្តែលោកផ្តល់ដំបូន្មានថា ពលរដ្ឋដែលមានចេញរោគសញ្ញាត្រូវផ្តល់ដំណឹងភ្លាមៗ ទៅដល់ខាងក្រសួងសុខាភិបាល ដើម្បីត្រួតពិនិត្យឱ្យទាន់ពេលវេលា៖ «បើយើងមិនឆ្លង ជាកត្តាមួយដ៏ពិសេស គួរប្រទេសផ្សេងៗ រៀនសូត្រតាម មិនអ៊ីចឹង? ប៉ុន្តែ តើយើងមានធ្វើតេស្តរកកូវីដ១៩ អី អត់ពេលយើងមានរោគសញ្ញា នែ៎ ទី១ ឬក៏មួយ តើយើងមានឆែក ភីស៊ីអរ (PCR) ឬអត់ បើយើងអត់ធ្វើទេ អាហ្នឹង គឺជាការមួយ ដូចអត់បានការដែរណ៎ា។ មានន័យថា យើងអត់មានកត់ត្រាអីទុកផង ចង់អ្នកណាឆ្លងអី ក៏ឆ្លងទៅ មិនកត់ត្រាទុក វាហាក់ដូចជាមោឃៈអ៊ីចឹងដែរ ពិបាកមែនទេ»។
ស្ថិតិក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា វៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនជិត ៦ពាន់ ៥រយនាក់ (៦.៤៩៩) គ្រាន់តែ ១ថ្ងៃ នៅថ្ងៃទី១២ ខែឧសភា។ ប្រទេសវៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបជាង ១០លាន ៧សែននាក់ (10.7 Million) ក្នុងនោះអ្នកស្លាប់ មានជាង ៤ម៉ឺន ៣ពាន់នាក់ (៤៣.០៦៣) គិតត្រឹមថ្ងៃទី១២ ខែឧសភា។ ចំណែកនៅប្រទេសឡាវវិញ នៅថ្ងៃទី១២ ខែឧសភា ក៏មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២១៥នាក់ ហើយបើសរុបទូទាំងប្រទេស គឺមានអ្នកឆ្លងចំនួន ជិត ២១ម៉ឺននាក់ (២០៩.៣២១) និងមានអ្នកស្លាប់សរុប ៧៥២នាក់។
គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ១៣ម៉ឺន ៦ពាន់នាក់ (១៣៦.២៦២) ក្នុងនោះអ្នកជាសះស្បើយមានជិត ១៣ម៉ឺននាក់ ៣ពាន់នាក់ (១៣៣.១៨៦) និងអ្នកស្លាប់នៅចំនួន ៣ពាន់ ៥៦នាក់ (៣.០៥៦) ដដែល៕