រដ្ឋាភិបាល​ព្យាយាម​មិន​និយាយ​ពី​មូលហេតុ​ដែល​កម្ពុជា​មិន​ទិញ​វ៉ាក់សាំង​កូវីដ-១៩ ពី​​ចិន

ដោយ ហេង រស្មី
2020-12-17
Share
រដ្ឋាភិបាល​ព្យាយាម​មិន​និយាយ​ពី​មូលហេតុ​ដែល​កម្ពុជា​មិន​ទិញ​វ៉ាក់សាំង​កូវីដ-១៩ ពី​​ចិន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក​លោក ហ៊ុន សែន

រដ្ឋាភិបាល​កម្ពុជា នៅ​មិនទាន់​បង្ហាញ​ជំហរ​ពិតប្រាកដ​ណាមួយ​ជុំវិញ ការ ទិញ ឬ​ទទួលយក វ៉ាក់សាំង​ការពារ​ជំងឺ​កូវីត-១៩ (Covid19) ពី​ប្រទេស​ចិន ជា​មិត្ត​ថែក​ថែប ជាមួយ​គ្នា​ក៏ដោយ​។ អ្នកវិភាគ​សង្ស័យ​កម្ពុជា មិន​មាន​ទំនុក​ចិត្ត​ទៅលើ​គុណភាព​ផ្នែក​សុខាភិបាល​របស់​ប្រទេស​ចិន​ទើប​មិន​ទាន់​បញ្ចេញ​ជំហរ​ណាមួយ​ចំពោះ​វ៉ាក់សាំង​កូវីត​១៩។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណ​ឌិន មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ ដែល​កម្ពុជា​ជ្រើសរើស​វ៉ាក់សាំង​ពី​ប្រទេស ដែល​ទទួលស្គាល់ ដោយ​អង្គការ​សុខភាព​ពិភពលោក​។ អ្នកស្រី​គ្រាន់តែ​និយាយ​យ៉ាង​ខ្លី​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​រួច​អស់ហើយ​។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង ក៏​បដិសេធ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ដែរ​កាលពី​ថ្ងៃ​ទី១៦ ធ្នូ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ណា ដែល​មាន​ការ​ទទួលស្គាល់​អង្គការ​សុខភាព​ពិភពលោក​។ ទោះ​យ៉ាងណា លោក ហ៊ុន សែន បញ្ជាក់​ថា តាម​គោលការណ៍​មនុស្សធម៌ ​(COVAX) កម្ពុជា នឹង​ទទួល​បាន​ជំនួយ​វ៉ាក់សាំង ពី​អង្គការ​សុខភាព​ពិភពលោក ចំនួន ​២០​ភាគរយ នៃ​ប្រជាជន​សរុប ហើយ​ដំណាក់កាល​ដំបូង នឹង​ផ្ដល់​មក​ឲ្យ​កម្ពុជា ចំនួន ​៣​ភាគរយ​សិន​។ ដូច្នេះ កម្ពុជា​នឹង​ទិញ​វ៉ាក់សាំង ឲ្យ​ពលរដ្ឋ​ចំនួន ​៨០​ភាគរយ​ផ្សេងទៀត ដែល​ស្មើ​ប្រមាណ​ ១៣​លាន​នាក់​៖ «កម្ពុជា​ទទួល​ទិញ​របស់​ប្រទេស​ណា​ដែល​មាន​ការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​តែប៉ុណ្ណោះ​។​កម្ពុជា នឹង​មិន​យក​ពលរដ្ឋ​របស់​ខ្លួន ធ្វើតេស្ត​វ៉ាក់សាំង​សម្រាប់​ក្រុមហ៊ុន ឬ​ប្រទេស​ណា​នោះ​ទេ ហើយ​រឿង​នេះ​ជា​គោល​ជំហរ ដាច់ខាត​របស់ ហ៊ុន សែន»

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ប្រកាន់​ថា វ៉ាក់សាំង​មកពី​ប្រទេស​ណា​នោះ​ទេ ឱ្យ​តែ​វ៉ាក់សាំង​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក ពីព្រោះ​បញ្ហា​អនាម័យ និង​វិធានការណ៍​សុខភាព មានតែ​អង្គការ​សុខភាព​ពិភពលោក មួយ​ប៉ុណ្ណោះ​ដែល​អាច​យក​ជា​ការ​បាន​។ លោក​បន្ត​ថា លោក​និយាយ​ដូច្នេះ មិនមែន​មាន​ន័យ​ថា ប្រទេស​ចិន​ផលិត​វ៉ាក់សាំង​គ្មាន​គុណភាព​នោះ​ទេ​៖ «​ចំពោះ​ប្រទេស​ចិន ប្រទេស​ណា​ក៏​ដោយ​សម្ដេច​លោក​មិន ចង់​ឃើញ​ថា យក​ប្រជាពលរដ្ឋ​ខ្មែរ ហ្នឹង​ជា ពិសោធន៍​ដូច​សត្វ​ទន្សាយ ដូច​សត្វ​កណ្ដុរ នោះ​ទេ។ សម្ដេច​លោក​មិន​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ ក្លាយទៅជា​ទិសដៅ​ពិសោធន៍​នៅ​ក្នុង​ការប្រើប្រាស់​ថ្នាំ​នោះ»

ប្រទេស​ចិន និង​កម្ពុជា​បាន​ប្រកាស​ហើយ​ថា ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច ហើយ​នៅ​ពេល​ដែល​ជំងឺ​កូវីដ១៩ ចាប់ផ្ដើម​ផ្ទុះឡើង​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុងខែធ្នូ ឆ្នាំ ២០១៩ បាន​ទៅ​បំពេញ​ទស្សនកិច្ច ដោយ​គ្មាន​ការ​គ្រោង​ទុក្ខ រហូតដល់ប្រទេស​ចិន​ផ្ដល់​រហ័ស​នាម​ឱ្យ​លោក​ថា ជា​បុរស​សង្ហា ដើរ​បញ្ច្រាស​​ទិស ថែម​​ទៀត​ផង។

លោក ហ៊ុន សែន ក្រោយពី​បាន​វិលត្រឡប់​មកកាន់​កម្ពុជា លោក​បាន​ថ្លែង​ការពារ​មហាមិត្ត ដែល​ជា​មិត្ត​ដែកថែប​របស់​លោក ដោយ​ប្រកាស​ថា លោក​មិន​ខ្លាច​ជំងឺ​កូវីដ១៩ រហូត​ទាល់តែ​ថ្ងែ​៣១ កុម្ភៈ ទើប​កម្ពុជា មាន​ជំងឺ​កូវីដ១៩​។ ទង្វើ​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​កន្លងមក ត្រូវ​អ្នកវិភាគ​លើកឡើង​ថា គឺធ្វើ​ឡើង​ដើម្បី​ផ្គាប់ចិត្ត​មហាមិត្ត​ចិន និង​ចង់​បង្ហាញ​រួម សុខ រួម​ទុក្ខ​ជាមួយ​ប្រទេស​ចិន នៅ​ពេល​មាន​ជំងឺ​កូវីដ១៩​។​

លោក ហ៊ុន សែន ទើប​តែ​ប៉ុន្មាន ខែ​ចុង​ក្រោយនេះ ដោយមាន​ការភ័យខ្លាច​ជំងឺ​កូ​វីតដ១៩ កាន់តែ​ខ្លាំង ដោយ​ត្រូវ​ឱ្យ​ចាត់វិធានការ​ក្តៅ​ដើម្បី ទប់ស្កាត់​ការ​រីករាលដាល​ចូល​នៅ​ក្នុង​សហគមន៍ និង​ចាប់​អ្នក​រិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ហ៊ាន​ឌឺដង វិធានការ​​របស់​លោក ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ ដែល​លោក​ទើបនឹង​ដាក់​ចេញ កាល​ពី​ពេល​ថ្មីៗ​ នេះ​ថែម​ទៀត​ផង។

មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​នឹង​ចែកចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ស៊ីណាវ៉ាក់ បាយ​អូ​តិច (Sinavac Biotech) ចែកចាយ​ទៅ​ប្រទេស​នៅ​តំបន់​អាស៊ាន​ទាំងមូល រួមមាន​ ប្រទេស​ប្រទេស ឥណ្ឌូណេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) និង ហ្វីលីពីន (Philippines) ដែល​ជា​ក្រុម​ប្រទេស​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​ផង​នោះ យក​វ៉ាក់សាំង​របស់​ចិន​នេះ​មក​ធ្វើ​តេស្ដ​សាកល្បង។

អ្នក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​លោក បណ្ឌិត សេង សារី មានប្រសាសន៍ថា មូល​ហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​ទិន​វ៉ាក់សាំង​ជំងឺ​កូវីត​១៩ ពី​ប្រទេស​ចិន ប្រហែលជា​ប្រទេស​នេះ មិន​មាន​ជំនឿ​ទៅ​លើ​គុណភាព ហើយ​រដ្ឋាភិបាល​ក៏​មាន​ភាព​ឆ្លាត​វៃ វា​ទាល់តែ​វ៉ាក់សាំង​ណា ដែល​ទទួលស្គាល់​អង្គការ​សុខភាព​ពិភពលោក។

លោក​បន្ត​ថា អ្វី​ដែល​សំខាន់​គឺ​រដ្ឋាភិបាល មិន​ចង់​ប្រឈម ទៅ​នឹង​អ្វី​ដែល​ជា ការ​ប្រថុយ​ប្រថាន នៅ​ក្នុង​ការប្រើប្រាស់ វ៉ាក់សាំង ដែល​មិន​មាន​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​ទេ ហើយ​ក្នុង​ករណី​ដែល​កម្ពុជា​បញ្ជា​ទិញ​ផ្ទាល់​ពី​ប្រទេស​ចិន ហើយ​មិនទាន់​ឆ្លងកាត់​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក រួចហើយ​យក​មកប្រើ​ប្រាស់ ប្រសិនបើ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន នោះ​រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​បកស្រាយ ទៅ​នឹង​ពលរដ្ឋ​របស់​ខ្លួន​៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​គាំទ្រ​ទៅលើ វ៉ាក់សាំង ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​សិន ថា ផលិតផល​នេះ​ត្រូវ​បាន​ធានា​នៅ​ក្នុង​ការប្រើប្រាស់​វ៉ាក់សាំង»

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​សង្គម​លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ការ​បញ្ជាទិញ​វ៉ាក់សាំង គឺ​ប្រទេស​នីមួយៗ ត្រូវតែ​គិត​អំពី​គុណភាព និង​សុវត្ថិភាព ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បាន​។​លោក​ថា អ្វី​ដែល​ជា​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល ក្នុង​ការ​បញ្ជាទិញ​វ៉ាក់សាំង ពី​អង្គការ​សុខភាព​ពិភពលោក​នេះ ដោយសារតែ​អង្គការ​សុខភាព​ពិភពលោក មានកម្ម​វិធី​មួយ​ដើម្បី​បញ្ចុះ​តម្លៃ ដល់​ប្រទេស​ក្រីក្រ​ដូចជា​ប្រទេស​កម្ពុជា ដែល​អាច​លក់​ក្នុង​តម្លៃ​ថោក​ជាង​ប្រទេស​ដ៏​ទៃ ថែម​ទៀត​ផង​៖ «ខ្ញុំ​ក៏​មិន​ដឹង​ប្រទេស​នៅ​លើ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ហ្នឹង មាន​ទំនុក​ចិត្ត​ប៉ុណ្ណា​ទៅលើ​គុណភាព វ៉ាក់សាំង របស់​ចិន​។ ខ្ញុំ​មិន​បរិយាយ​ទេ ដោយសារ​ខ្ញុំ​មិនមែន​អ្នកបច្ចេកទេស​។ ចោទ​ចិន​ថា ផលិត​វ៉ាក់សាំង​មិន​មាន​គុណភាព វា​អត់​មាន​អ្វី​អំណះអំណាង​ទេ​។ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​ការ​ទិញ​វ៉ាក់សាំង​ពី​អង្គការ​សុខភាព​ពិភពលោក​ប្រហែលជា​អាច មាន​ការ​បញ្ចុះតម្លៃ​ធូរ​ថ្លៃ​ដែល អាច​ធ្វើ​ឱ្យ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​អាច​ទិញ​វ៉ាក់សាំង​យក​មក​ចាក់​បាន​គ្រប់គ្នា»

មកដល់​ពាក់​កណ្ដាល​ខែ​ធ្នូ នេះ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​ប្រទេស​កម្ពុជា ថា​កម្ពុជា​អាច​ត្រូវ​រង់ចាំ​រហូតដល់​ខែ មិថុនា ឆ្នាំ ២០២១ ទើប​មាន​វ៉ា់ក់​សាំង​ចាក់​បង្ការ​ជំងឺ​កូវីដ​-១៩​។ ការ​លើកឡើង​នេះ ស្របគ្នា​ទៅ​នឹង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មិន​ទាន់​អាច​បញ្ជាក់​បាន ថា​តើ​កម្ពុជា​នឹង​បាន​វ៉ាក់សាំង​ដំបូង ពី​ក្រុមហ៊ុន​របស់​ប្រទេស​ណាមួយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

LY CHENG HONG
LY CHENG HONG says:
Dec 17, 2020 08:18 PM

ប្រហែលចិនឈប់ឲ្យខ្ចីលុយទៀតហើយទេដឹង?

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល