អ្ន​ក​ជំងឺ​កូវីដ-១៩ ចំនួន​៣៣​នាក់​​ទៀត​​បាន​​ស្លាប់ និង​​បន្ត​រក​​ឃើញ​​អ្នក​​ឆ្លង​ថ្មី​ ៩១៥នាក់

ដោយ អាស៊ីសេរី
2021-07-14
Share
អ្ន​ក​ជំងឺ​កូវីដ-១៩ ចំនួន​៣៣​នាក់​​ទៀត​​បាន​​ស្លាប់ និង​​បន្ត​រក​​ឃើញ​​អ្នក​​ឆ្លង​ថ្មី​ ៩១៥នាក់ រថយន្តពេទ្យដឹកសពដែលស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងខេត្តបន្ទាយមានជ័យយកទៅបូជាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
រូប៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ។

អ្នក​ស្លាប់​​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង ៩៨៦នាក់​ហើយ គិត​មក​ដល់​ថ្ងៃ​ទី១៣ ខែកក្កដា បន្ទាប់​ពី​អ្នក​ជំងឺ ៣៣នាក់​បន្ថែម​ទៀត​បាន​ស្លាប់។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​សុខាភិបាល​រក​ឃើញ​មាន ៩១៥នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​មាន​ករណី​នាំចូល​ពីក្រៅ​ប្រទេសចំនួន​ ២៥៧​នាក់។

នៅ​ថ្ងៃ​ដដែល​នេះក្រសួង​អះអាង​ថា មាន​អ្នក​ជា​សះ​ស្បើយ ​មាន​ជិត​ ៩រយ​នាក់។ ជា​មួយ​គ្នា​នេះ ​​ខេត្ត​មួយ​ចំនួន​ នៅ​តែ​មាន​អ្នក​​ឆ្លង​ថ្មី​ច្រើន​ដដែល​ រួម​មាន​ខេត្តបន្ទាយមានជ័យ ​ត្បូងឃ្មុំ ​និង​​ខេត្តកំពង់ចាម ​ជា​ដើម​ មាន​អ្នក​កើត​ជំងឺ​កាច​សាហាវ​នេះ​​ចន្លោះ ​៦៥​នាក់ ​ទៅ​ជិត ​១០០​នាក់​​​ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដានេះ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៤ ខែកក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ៦ម៉ឺន​​៣​ពាន់ ​(៦៣,៦១៥)​​ នាក់​ ​ក្នុង​នោះ អ្ន​ក​​ជា​សះ​ស្បើយ​មាន​ជាង ៥ម៉ឺន​៥ពាន់​(៥៥.៣៦៥)​ ​នាក់។ ចំពោះ​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​វិញ ក្រសួង​សុខាភិបាលអះអាង​ថា គិត​ត្រឹម​ថ្ងៃ​ទី១៣ ខែកក្កដា មាន​ចំនួន​ជាង​ ៥លាន​ ១សែន​នាក់ ឬ​ស្មើ​នឹង​ជាង​ ៥១ភាគ​រយ​ក្នុង​ចំណោម​ប្រជាជន ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០លាន​នាក់។

ក្រសួងសុខាភិបាល​នៅ​មិនទាន់​អាចវាយតម្លៃ​អំពីគុណភាព​ និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំងចិន​ស៊ីណូហ្វាម (Sinopharm) និង​ស៊ីណូវ៉ាក់ (Sinovac) ដែល​កម្ពុជា​បានបញ្ជាទិញ​ពីចិនប្រមាណ ១៥លានដូស​ នៅឡើយទេ។ រហូតមកដល់​ពេលនេះ មិត្ត​ដែកថែបចិន​របស់​លោក ហ៊ុន សែន ​បានបូម​យកលុយ​ពី​កម្ពុជា​អស់​ប្រមាណ ១៧០​លាន​​ដុល្លារ​ តាមរយៈ​ការលក់​វ៉ាក់សាំង​​ទាំងនេះ។

ទោះបីជា​រដ្ឋាភិបាល ​សម្រុក​ចាក់​វ៉ាក់​សាំង​បាន​ជាង ​៥១​ភាគ ​យ៉ាង​នេះ​ក្ដី​ ក៏​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ និង​ករណី​ឆ្លង​ថ្មី នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដដែល។ ក្នុង​រយៈ​ពេល​​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ​អ្នក​ឆ្លង​ថ្មី​មាន​ចន្លោះ​ពី​ជិត ៩រយ​នាក់ ដល់​ជាង ១ពាន់​នាក់ ខណៈ​អ្នក​ស្លាប់​វិញ មាន​ចន្លោះ​ពី ​ជាង ​២០​នាក់ រហូត​ដល់​ជិត ៤០នាក់​ ក្នុង​មួយ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល