អ្នក​ជំងឺ​កូវីដ១៩ ចំនួន ១១នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជិត ៧រយ​នាក់

0:00 / 0:00

អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១១នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់​ ២.០៨៩​នាក់។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ ៦៩៨នាក់នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ ១៥១​នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៧ កញ្ញា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១សែន​នាក់ (១០២.៨៣៤) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ៩ម៉ឺន​នាក់ (៩៦.២៧៥)។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១៦ កញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន ៩លាន ៨សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ១លាន ៧សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ២លាន​នាក់។

រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​ដែល​មាន​អាយុ​ពី ៦ឆ្នាំ​ដល់ ១១ឆ្នាំ នៅ​ថ្ងៃ​ទី១៧ កញ្ញា​នេះ សម្រាប់​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ព្រះសីហនុ និង​ខេត្ត​កោះកុង ស្រប​ពេល​ខេត្ត​ទាំង២១ ​ផ្សេង​ទៀត ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃទី១៨ កញ្ញា ស្អែក​នេះ​តទៅ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ បាន​ណែនាំ​ដល់​គណៈកម្មការ​ចាក់​វ៉ាក់សាំង​ឱ្យ​សិក្សា​ពី​ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់​ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ដែល​មាន​ចំនួន​ប្រមាណ ៩សែន​នាក់​បន្ថែម​ទៀត ពីព្រោះ​ពួកគេ​ត្រូវ​ចូល​រៀន​ថ្នាក់​មត្តេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។