រដ្ឋាភិបាល​ត្រៀម​ថវិកា​ខ្ទង់ ២០០​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ១៩

ដោយ សុជីវី
2020-12-15
Share
រដ្ឋាភិបាល​ត្រៀម​ថវិកា​ខ្ទង់ ២០០​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ ហ្វេសប៊ុក

ប្រមុខរដ្ឋាភិបាល​ប្រកាស​ថា ត្រៀម​​កញ្ចប់​ថវិកា ពី​មួយ​រយ​លាន (១០០លាន) ​ទៅ​ពីរ​រយ​លាន (២០០​លាន) ដុល្លារ​សម្រាប់​ទិញ​វ៉ាក់សាំង ​ជំងឺ​កូវីដ១៩ (Covid-19) តែ​ មិន​ទាន់​បញ្ជាក់​ថា នឹង​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ​ពី​​ប្រទេស​ណា​ឡើយ ដោយ​បន្ត​ធ្វើការ ​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក (WHO)​ បន្ត​ទៀត។ សង្គម​​ស៊ីវិល​ ស្វាគមន៍​​ចំណាត់​ការ​ របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើការ​ជាមួយ​អ្នក​ជំនាញ​ពិភព​លោក។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​មាន​ថវិកា​ក្នុង​ដៃ ៥៣៨​លាន​ដុល្លារ ដើម្បី​​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និង​ស្ដារ​​សេដ្ឋកិច្ច​ឡើង​វិញ។ លោក​ថា​លុយ​នេះ​ បាន​ពី​ធនាគារ​អភិវឌ្ឍន៍​កម្ពុជា (ADB) ទីភ្នាក់ងារ​​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា (JICA) និង​ធនាគារ​របស់​​​កូរ៉េ​ខាងត្បូង (EDCS)។ លោក ហ៊ុន សែន អះអាង លុយ​ជាង​ប្រាំ​រយ​លាន​ដុល្លារ​នេះ ​មិន​ទាន់​​​សរុប​ដល់​លុយ​សន្សំ​របស់​​រដ្ឋាភិបាល​នោះ​ទេ។

ចំណែក​លុយ​បាន​មក​ពី​ជំនួយ​សប្បុរសជន​វិញ លោក ហ៊ុន សែន​ ឲ្យ​ដឹង​ថា គិតត្រឹមថ្ងៃទី១៤ ​ធ្នូ មាន​​អ្នក​ជំនួញ មន្ត្រី​រាជការ ព្រះសង្ឃ និង​ពលរដ្ឋ ជិត​បួន​ម៉ឺន​​(៣៨,៤១១)​នាក់ បាន​ចូលរួម​បរិច្ចាគ​ទិញ​វ៉ាក់សាំង​ និង​ទទួល​បាន​​លុយ​​ជិត​ហា​សិប​​លាន(៤៨,​០៩៣,​៩០៥.១៣)​ដុល្លារ និង​លុយ​ខ្មែរ​​ជិត​បួន​ពាន់​លាន​ (៣ពាន់ ៩០០លាន)​ រៀល​។ ទោះ​យ៉ាង​ណា លោក អះអាង​ថា លុយ​ជំនួយ​នេះ មិន​ស្មើ​មួយ​ភាគ​បួន (/) នៃ​ប្រាក់​ខែ​​របស់​មន្ត្រី​ និង​កង​កម្លាំង​ប្រដាប់​អាវុធ ក្នុង​មួយ​ខែ​ទេ។

លោក បន្ត​ថា រដ្ឋាភិបាល​នៅ​តែ​រក្សា​ជំហរ​​ទិញ​វ៉ាក់សាំង​​ពី​ប្រទេស​ណា​ ដែល​មាន​​ការ​ទទួល​ស្គាល់​​​អង្គការ​សុខភាព​ពិភពលោក ​ខណៈ​មក​ដល់​ពេល​​អង្គការ​សុខភាព​ពិភព​លោក មិន​ទាន់​​ទទួល​ស្គាល់​វ៉ាក់សាំង​ណាមួយ​ នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា លោក ហ៊ុន សែន បញ្ជាក់​ថា​ តាម​គោលការណ៍​​មនុស្ស​ធម៌​(COVAX) កម្ពុជា នឹង​ទទួល​បាន​ជំនួយ​វ៉ាក់សាំង ​ពី​អង្គការ​សុខភាព​ពិភព​លោក ចំនួន​២០​ភាគ​រយ នៃ​ប្រជាជន​សរុប ហើយ​ដំណាក់​កាល​ដំបូង នឹង​ផ្ដល់​មក​ឲ្យ​កម្ពុជា ចំនួន​៣​ភាគ​រយ​សិន​។ ដូច្នេះ កម្ពុជា​ នឹង​ទិញ​វ៉ាក់សាំង​ ឲ្យ​ពលរដ្ឋ​ចំនួន​​៨០​ភាគរយ​​ផ្សេង​ទៀត ដែល​ស្មើ​​​ប្រមាណ​ដប់​បី​លាន (១៣លាន) នាក់។

ជាមួយគ្នានេះ លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល ​បាន​ត្រៀម​ឃ្លាំង ដែល​អាច​ទុក ​វ៉ាក់សាំង​រហូត​ដល់​កម្រិត​ត្រជាក់​ ដក​ប៉ែត​សិប (-៨០) អង្សា​ ឬ​ក្រោម​នេះ សម្រាប់​ស្ដុក​​ទុក​វ៉ាក់សាំង និង​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ គិតគូរ​​​​ដល់​ចំណុច​ដឹកជញ្ជូន​វ៉ាក់សាំង​​ផង​ដែរ។ លោក ​ក៏​ចេញ​​បញ្ជា​​ ទៅ​​ក្រសួងសុខាភិបាល ឱ្យ​ដឹក​បញ្ជូន​សម្ភារ និង​បរិ​ក្ខារ​វេជ្ជសាស្ត្រ​សង្គ្រោះ ទៅ​កាន់​មន្ទីរ​សុខាភិបាល នៅ​តាម​​​រាជធានី ខេត្ត​ ទាំង​អស់​ ព្រមទាំង​​ត្រូវ​បង្កើន​សមត្ថភាព​គ្រូពេទ្យ និង​បង្កើន​​ចំនួន​គ្រូពេទ្យ ដើម្បី​ត្រៀម​ឆ្លើយតប ក្នុង​ករណី​​​ផ្ទុះ​​ជំងឺ​កូវីដ​១៩ ក្នុង​ទ្រង់ទ្រាយ​ធំ​ ជាយថាហេតុ៖ «អ៊ីចឹង យើង​ត្រូវ​ការ​១លាន​ដូស មក​ដំបូង​សម្រាប់​មនុស្ស​​ហាសិប​ម៉ឺន​នាក់ ដែល​ក្នុង​មនុស្ស ៥០ម៉ឺន​នាក់​នេះ គឺ​យើង​មាន​បញ្ជី​រួច​ស្រេច អ្នក​ដែល​មាន​អាទិភាព​មាន ៤១ម៉ឺន ជាង ៤១ម៉ឺន​នាក់ ដែល​ត្រូវ​បាន​ទទួល​មុន​គេ។ ក្នុង​ហ្នុង មាន​តាំង​ពី​អ្នក​ប្រមូល​សំរាម​អនាម័យ​ទីក្រុង ដែល​ប្រឈម​នឹង​សភាពការណ៍​ មាន​តាំង​អ្នក​បើកបរ​ ដឹក​ជញ្ជូន ជា​តាក់ស៊ី ជា​កង់​បី មាន​បព្វជិត​សាសនា មាន​កីឡាករ​ កីឡា​ការិនី»

ក្រៅពី​នេះ លោក ហ៊ុន សែន នៅ​តែ​បន្ត​អំពាវនាវ និង​ប្រកាស​ឲ្យ​បិទ​ការ​ជួបជុំ​គ្នា លើស​ពី ២០នាក់​ដដែល ដើម្បី​រក្សា​សុខ​ភាព​សាធារណៈ។ លោក​សង្ស័យ​ថា អ្នក​ប៉ះពាល់​​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ​២៨ វិច្ឆិកា នៅ​មិនទាន់​បង្ហាញ​ខ្លួន​អស់​ នៅឡើយ។ ទោះ​យ៉ាង​ណា លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​អាច​គ្រប់គ្រង​ព្រឹត្តិ​ការណ៍​សហគមន៍​ ២៨វិច្ឆិកា ​បាន ប៉ុន្តែ​មិនទាន់​អាច​បញ្ចប់​បាន​ទេ ដោយ​​​ត្រូវការ​ពេល​បន្ថែម​ទៀត ដើម្បី​ធានា​ថា ​​ព្រឹត្តិការណ៍​​សហគមន៍ ២៨​ វិច្ឆិកា​ ​​​ពិត​ជា​ត្រូវ​ ផុត​រលត់​មែន។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សង្កេត​ឃើញ​ថា រដ្ឋាភិបាល​​កម្ពុជា បាន​ប្រឹងប្រែង​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ដូច​គ្នា នឹង​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ ទៀត​ដែរ។ អ្នកស្រី​ស្វាគមន៍​គោល​ជំហរ​របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ការ​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក ​ដើម្បី​ទិញ​វ៉ាក់សាំង​ ចាក់​ជូន​ពលរដ្ឋ​កម្ពុជា ឲ្យ​បាន​គ្រប់​គ្នា។ តែ​យ៉ាង​ណា អ្នកស្រី​សង្ឃឹម​ថា ក្រោយ​ពេល​​​វិបត្តិ​ជំងឺ​កូវីដ១៩​ បាន​ធូរស្រាល​ទៅ រដ្ឋាភិបាល​នឹង​បើក​លំហ​សិទ្ធិ​សេរី​ភាព​ជួបជុំ​របស់​ពលរដ្ឋ​ឡើង​វិញ៖ «យើង​អាច​ពិចារណា ថ្លឹងថ្លែង​ទៅ​តាម​ហ្នឹង។ ប៉ុន្តែ​គ្រាន់​ថា រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ ប្រកប​ដោយ​គតិ​យុត្តិ ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់ នូវ​ស្ថានការណ៍ នៃ​ការ​​វិវត្តន៍​កូវីដ​នេះ ដើម្បី​ធានា​ថា នៅ​ពេល​ស្ថានការណ៍​បាន​ធូរ​ស្រាល​អ្វី​ហ្នឹង អ៊ីចឹង​សិទ្ធិ​ដទៃ​ទៀត រាប់​ទាំង​សិទ្ធិ​នៃ​ការ​ជួប​ជុំ ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​អ្វី​ហ្នឹង ត្រូវ​បាន​បន្ធូរ​​បន្ថយ»

នៅ​ថ្ងៃ​ទី​១៥ ធ្នូ ដែរ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ​សម្រេច​អនុញ្ញាត​ឲ្យ​​មន្ត្រី​រាជការ​បម្រើ​ការងារ​​នៅ​ក្នុង​បរិមាណ​ក្រសួង​មហាផ្ទៃ​វិញ ក្រោយ​​​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក និង​បាន​ធ្វើតេស្ត​រក​​ជំងឺ​កូវីដ-១៩ លើក​ទី​៣ រួចរាល់ ដោយ​​​លទ្ធផល​អវិជ្ជមាន។ ប៉ុន្តែ ​​​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ត្រូវ​បន្ត​តាមដាន​ត្រួត​ពិនិត្យ​សុខភាព ដោយ​ក្រសួង​សុខាភិបាល ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​ចត្តាឡីស័ក​បន្ត។

ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល នៅ​តែ​បន្ត​រក​ឃើញ​អ្នក​​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហ​គមន៍​​ ២៨ វិច្ឆិកា។ សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៥​ ធ្នូ បង្ហាញ​ថា កុមារា​ម្នាក់​ អាយុ​០១​ឆ្នាំ រស់​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ បាន​រក​ឃើញ​ផ្ទុក​ជំងឺ​កូវីដ​១៩ ក្រោយ​ធ្វើតេស្ត​លើក​ទី​៣។ កុមារា​នេះ ជា​កូន​​របស់​ស្ត្រី ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ១៩ ហើយ​បច្ចុប្បន្ន​ ដាក់​ឲ្យ​សម្រាក​ព្យាបាល​ ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។

ចំណែក​​​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ ៦៦​ឆ្នាំ និង​ស្ត្រី​ជន​ជាតិ​ជប៉ុន​ម្នាក់ អាយុ ៣៤ឆ្នាំ បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១៣ ធ្នូ ក៏​ត្រូវ​បាន​​ធ្វើតេស្ត​រក​ឃើញ​មាន​ជំងឺ​កូវីដ១៩ ដែរ។ អ្នក​ទាំង​ពីរ​ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​ សូវៀត។

ក្រៅ​ពី​នេះ មាន​មនុស្ស​៣នាក់ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ​ទី១៥ ធ្នូ​ គឺ​អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក ឆែម សាវុធ និង​ ស្ត្រី​ម្នាក់ ជា​គ្រួសារ​របស់​អ្នក​បើកបរ​ឲ្យ​លោក ឆែម សាវុធ និង​បុរស​ម្នាក់ទៀត ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ធ្លាប់​ប៉ះពាល់ ជាមួយ​លោក ឆែម សាវុធ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៥ ធ្នូ កម្ពុជា រក​ឃើញ​អ្នក​មាន​ជំងឺ​កូវីដ១៩ ចំនួន ៣៦២នាក់ (ស្ត្រី ៨៦, បុរស​២៧៦)។ អ្នក​ជា​សះ​ស្បើយ​ចំនួន ៣១២នាក់។ ឯ​អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន ៥០នាក់ ដោយ​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត ចំនួន ៣៣នាក់ នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ ចំនួន ១០នាក់ និង​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​ជំងឺ​របេង និង​ហង់សិន ចំនួន ៧នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល