វេជ្ជបណ្ឌិតខ្មែរម្នាក់ ជំនាញព្យាបាលជំងឺផ្លូវចិត្ត លោក ឈឹម សុធារ៉ា ដែលទើបទទួលបានពានរង្វាន់ រ៉ាម៉ន់ ម៉ាក់សៃសៃ (Ramon Magsaysay) ដែលពានរង្វាន់នេះ ត្រូវបានគេចាត់ទុកថា ជាពានរង្វាន់ ណូបែល សន្តិភាព ក្នុងតំបន់អាស៊ី (Asia's Noble Prize) នោះ។ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា រំភើប និងរីករាយ ចំពោះការទទួលបានពានរង្វាន់កម្រិតអន្តរជាតិមួយនេះ ហើយលោកថា ពានរង្វាន់នេះ គឺជាការជំរុញទឹកចិត្តលោក និងស្ថាប័នរបស់លោកធ្វើការព្យាបាលជំងឺផ្លូវចិត្តដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត។
វេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺផ្លូវចិត្ត លោក ឈឹម សុធារ៉ា កាលពីថ្ងៃទី៣១ ខែសីហា បានទទួលពានរង្វាន់ រ៉ាមុន ម៉ាក់សៃសៃ (Ramon Magsaysay Awarded) មួយទៀត ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាពានរង្វាន់ណូបែលសន្តិភាព ប្រចាំតំបន់អាស៊ី ចំពោះការងារលើកកម្ពស់សុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ក្រោយពីរបបខ្មែរក្រហម។
វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ប្រាប់វិទ្យុអាស៊ីសេរីថា លោករំភើប និងរីករាយ ដែលទទួលបានពានរង្វាន់អន្តរជាតិមួយនេះ។ លោកបន្ថែមថា ពានរង្វាន់នេះ មិនគ្រាន់តែជាការទទួលស្គាល់ និងផ្ដល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងក្នុងការងាររបស់លោកអស់រយៈពេលជាង ២០ឆ្នាំ មកហើយនោះទេ តែវាក៏ជាការជំរុញទឹកចិត្តដល់លោក និងស្ថាប័នលោកបន្តការងារក្នុងវិស័យ ព្យាបាលជំងឺផ្លូវចិត្តដល់ប្រជាពលរដ្ឋខ្មែរបន្តទៀតដែរ៖ ...

វេជ្ជបណ្ឌិត ឈឹម សុធារ៉ា គឺជានាយកប្រតិបត្តិអង្គការចិត្តសង្គម អន្តរវប្បធម៌ ហៅកាត់ថា ធីភីអូ (TPO) ដែលជាអង្គការផ្ដល់សេវាកម្មព្យាបាលជំងឺផ្លូវចិត្តធំជាងគេក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ មកម្លេះ។ លោកមានបងប្អូន ២នាក់ ដោយលោកជាកូនច្បង។ ម្ដាយរបស់លោកឈ្មោះ ឈឹម មាន គឺជាស្ត្រីមេម៉ាយ តែមានការងារជាស្ថាបត្យករ តាំងពីទសវត្សទី៦០ មកម្ល៉េះ។ លោក ឈឹម សុធារ៉ា បានរៀនចប់ថ្នាក់វេជ្ជបណ្ឌិត តាំងពីឆ្នាំ១៩៩២ ហើយលោកបានចូលរៀនជំនាញឯកទេសបន្ថែមផ្នែកចិត្តសាស្ត្រ និងបានផ្លាស់ប្ដូរការងារជំនាញវះកាត់របស់លោក មកព្យាបាលជំងឺផ្លូវចិត្តវិញ នៅក្នុងឆ្នាំ១៩៩៤។ ដោយមើលឃើញពីសារៈសំខាន់ និងភាពចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរជាជនរងគ្រោះពីរបបខ្មែរក្រហម ដែលមានជំងឺផ្លូវចិត្តជាច្រើននោះ លោក ឈឹម សុធារ៉ា បានបន្តការសិក្សាជំនាញផ្លូវចិត្តរបស់លោកបន្តទៀត ដោយនៅឆ្នាំ២០០០ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតជំនាញចិត្តសាស្ត្រ នៅសកលវិទ្យាល័យ នូ សៅវេល (UNSW University) ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី (Australia) និងនៅឆ្នាំ២០១៤ លោកបានបញ្ចប់ជំនាញចិត្តសាស្ត្រថ្នាក់បណ្ឌិត នៅសកវិទ្យាល័យ ម៉ូណាស (Monash University) ក្នុងប្រទេស អូស្ត្រាលីទៀតផងដែរ។
បុគ្គលិកដែលធ្វើការជាមួយលោក ឈឹម សុធារ៉ា ១៥ឆ្នាំ គឺលោកស្រី តាំង សុភាព ប្រាប់វិទ្យុអាស៊ីសេរីថា លោក ឈឹម សុធារ៉ា គឺជាថ្នាក់ដឹកនាំគំរូក្នុងការបើកគំនិតទូលាយ ដោយបើកការពិភាក្សាទទួលយកគំនិតថ្មីៗ ពីបុគ្គលិក ហើយគាត់ក៏មានជំនាញត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែរ ដោយគាត់តែងតែផ្ដួចផ្ដើមគំនិតច្នៃប្រឌិត ដើម្បីពង្រឹងគុណភាពសេវាព្យាបាលជំងឺផ្លូវចិត្តនៅក្នុងអង្គការ ធីភីអូ (TPO)។ លោកស្រី តាំង សុភាព បន្ថែមថា លោក ឈឹម សុធារ៉ា មិនត្រឹមតែមានជំនាញព្យាបាលជំងឺផ្លូវចិត្តនោះទេ គាត់ក៏ជាបុគ្គលគំរូ ក្នុងការលះបង់ទាំងកម្លាំងកាយ ចិត្ត និងថវិកាជួយដល់អង្គការ ធីភីអូ TPO ហើយធ្វើការយ៉ាងសកម្ម ដោយមិនគិតពីភាពនឿយហត់៖ ...
មូលនិធិពានរង្វាន់ រ៉ាមុន ម៉ាក់សៃសៃ (Ramon Magsaysay Awarded Foundation) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៧ ដោយដាក់ឈ្មោះតាមអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ាម៉ុន ម៉ាក់សៃសៃ (Ramon Magsaysay) ដែលបានស្លាប់ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះ ក្នុងឆ្នាំ១៩៥៧។ ពានរង្វាន់នេះ ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាពានរង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់ និងចាត់ទុកថា ជាពានរង្វាន់សន្តិភាព ណូបែល ប្រចាំតំបន់អាស៊ី។ នៅក្នុងការផ្ដល់ពានរង្វាន់លើកទី៦៤ នៅក្នុងឆ្នាំ២០២២ មូលនិធិនេះ ក៏បានផ្ដល់ពានរង្វាន់ដល់បុគ្គល ៣រូបផ្សេងទៀតដែរ ដែលពួកគេទាំងនោះមកពីប្រទេសជប៉ុន (Japan) ឥណ្ឌូនេស៊ី (Indonesia) និងប្រទេស ហ្វីលីពីន (Philipines)។ ដោយឡែក មូលនិធិ រ៉ាមុន ម៉ាក់សៃសៃ (Ramon Magsaysay Awarded Foundation) បានផ្ដល់ពានរង្វាន់ដល់វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ដោយផ្អែកលើមូលហេតុសំខាន់ ដូចជា ការលះបង់ប្រយោជន៍បុគ្គល ដើម្បីផ្ដល់សេវាព្យាបាលជំងឺផ្លូវចិត្តឱ្យបានដល់ប្រជាពលរដ្ឋរស់នៅតាមទីជនបទ។ ដឹកនាំការសិក្សាស្រាវជ្រាវផ្នែកចិត្តសាស្ត្រ និងរកឃើញវិធីសាស្ត្រថ្មីៗ ក្នុងការព្យាបាលជំងឺបាក់ស្បាត និងកិច្ចខិតខំប្រឹងប្រែងការងារ ដោយមិនគិតពីភាពនឿយហត់ ក្នុងការជួយផ្សះផ្សាផ្លូវចិត្តដល់ជនរងគ្រោះពីសម័យខ្មែរក្រហម។
កាលពីឆ្នាំ២០១៧ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ក៏ធ្លាប់ទទួលបានពានរង្វាន់វេជ្ជបណ្ឌិត ហ្គីស្លេន (Dr. Guislan Award) ពីប្រទេសបេហ្សិក (Belgium) ទៅលើការងារលុបបំបាត់ស្លាកស្នាមអវិជ្ជមានបណ្ដាលមកពីជំងឺផ្លូវចិត្ត ម្ដងរួចមកហើយដែរ ដោយកាលនោះ លោកវេជ្ជបណ្ឌិតបានបរិច្ចាគថវិកាពានរង្វាន់ ដែលមានចំនួន ប្រាំម៉ឺនដុល្លារអាមេរិក (៥០.០០០ដុល្លារអាមេរិក) ទៅអង្គការ ធីភីអូ (TPO) ទាំងអស់។ ដោយឡែក លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា និងថ្នាក់ដឹកនាំនៃអង្គការ ធីភីអូ (TPO) នឹងទៅទទួលពានរង្វាន់ រ៉ាមុន ម៉ាក់សៃសៃ (Ramon Magsaysay Awarded) នៅថ្ងៃទី៣០ ខែវិច្ឆិកា នៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Philippine) ក្នុងពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
