អ្នក​ជំងឺកូវីដ ២២​នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី​ជិត​៦​រយនាក់

0:00 / 0:00

អ្នក​​ស្លាប់​​ដោយ​​សារ​​ជំងឺ​កូវីដ-១៩ កើន​ឡើង​​ដល់​ ១.៤៤២នាក់​​​ហើយ គិតត្រឹម​​ថ្ងៃទី​២ ​ខែសីហា បន្ទាប់​ពី​​អ្នក​​ជំងឺ ២២នាក់​​ទៀត​​បាន​​ស្លាប់។ចំពោះ​​ករណី​​ឆ្លង​​ថ្មីវិញ ​មាន​​៥៦០នាក់ ក្នុង​នោះ ១៦៩នាក់​ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ រីឯ​អ្នកជា​​សះស្បើយវិញ ​មាន ៧៦៣នាក់​នៅ​ថ្ងៃ​​ដដែល​​នេះ។

បើទោះបីជា​ចំនួនអ្នកឆ្លង ​ហាក់ថយ​ចុះបន្តិចក្តី​ ក៏រដ្ឋាភិបាលកម្ពុជា​ និង​អង្គការ​​សុខ​ភាព​​ពិភព​លោក​ប្រចាំ​កម្ពុជា ​(WHO Cambodia) កំពុងព្រួយ​បារម្ភ​ពី​​ការ​ឆ្លង​​ជំងឺ​កូវីដ-១៩ ដែល​​បំប្លែង​ខ្លួន​​ថ្មី​ឈ្មោះ ឌែលតា (Delta Variant)។ វីរុស​កូវីដ-១៩​បំប្លែង​ថ្មី​ឌែល​តា (Delta Variant) ត្រូវ​​បាន​រក​ឃើញ​ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់​មក​កម្ពុជា​​វិញ​​តាម​​ច្រក​ព្រំដែន។ ក្រសួងសុខាភិបាល ​អះអាងថា​ គិតត្រឹម​រយៈពេល​ពីរថ្ងៃ​ចាប់​ថ្ងៃទី​៣១​ ខែកក្កដា ​ដល់ថ្ងៃទី១ ​ខែសីហា​ កម្ពុជា​រកឃើញ​អ្នកកើត​ជំងឺ​កូវីដ-១៩ ​បំប្លែងថ្មី ឌែលតា ​១០៩​ករណី ​​ក្នុងនោះ​ មានស្រី​ ៤៨​នាក់​។ ជំងឺកូវីដ-១៩ ​បំប្លែង​ថ្មី​នេះ​ កំពុង​រាលដាល​តាម​បណ្តាល​ខេត្ត​ជាប់ព្រំដែន​កម្ពុជា-ថៃ ​និងខេត្ត​​ត្បូងឃ្មុំ ​កំពង់ចាម ​ព្រៃវែង​ ព្រមទាំងបាន​រាលដាលដល់​រាជធានីភ្នំពេញ​ផងដែរ​។

ដោយឡែក ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ចនសុនអ៊ែនចនសុន ​(Johnson​&Johnson) ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​ជំហ៊ានទី២​ បាន​មកដល់​កម្ពុជា​ហើយ នៅ​​យប់​រំលង​អាធ្រាត្រ​ឈាន​ចូលថ្ងៃទី២ ​ខែសីហា។​ វ៉ាក់សាំង​ជំហាន​ទី២ នេះ ​មាន​ចំនួនជាង ៦​​សែន ​៩ពាន់​ដូស។ មកទល់​ពេលនេះ ​កម្ពុជាបាន​ទទួល​ជំនួយ​វ៉ាក់​សាំងពី​សហរដ្ឋអាមេរិក​ជាង ១​លាន​ដូស ហើយ​​តាមរយៈ​យន្តការ​កូវ៉ាក់ (COVAX)​។ ស្ថានទូត​សហរដ្ឋអាមេរិកប្រចាំកម្ពុជា ​បង្ហោះ​សារលើទំព័រហ្វេសប៊ុក (Facebook)ថា ​អំណោយ​​វ៉ាក់​សាំង​​របស់​ប្រជាជន​អាមេរិក​នេះ ​នឹងការពារប្រជាជន​កម្ពុជា​បាន​ជាង ១លាននាក់ ​​ហើយ​បង្ហាញពី​ការប្តេជ្ញាចិត្ត​យូរអង្វែង​របស់​អាមេរិក ​ចំពោះ​សុខភាព​ និង​សុខុមាល​ភាព​នៃ​ប្រជាជន​កម្ពុជា។ ចំណែក​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​វិញ ​លោកបាន​បង្ហោះ​សារថា​ អំណោយនេះ ​គឺជាផ្នែក​មួយ​នៃការគាំទ្រ​ជាបន្តបន្ទាប់​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រជាពលរដ្ឋកម្ពុជា ​និង​នៅក្នុង​តំបន់ ​ក្នុងពេលកំពុង​តែប្រឹងងើប​ចេញពី​ជំងឺ​រាតត្បាត​យ៉ាង​ធ្ងន់ធ្ងរនេះ។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី២ ​ខែសីហា​នេះ កម្ពុជា​មាន​អ្នក​កើត​ជំងឺកូវីដ-១៩ ចំនួន ៧៨.៤៧៤​នាក់ ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​មាន ៧១.​៥១៧នាក់។​ ទាក់ទង​នឹង​យុទ្ធនាការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា គិ​តត្រឹម​ថ្ងៃ១ ​ខែសីហា ​រដ្ឋាភិ​បាល​ចាក់ជូន​​ពលរដ្ឋ​បាន​ជាង ​៧​លាន​​នាក់​​ស្មើ​នឹង​ជាង ​៧៣% ​​ហើយ​ក្នុង​ចំណោម​ពលរដ្ឋគោលដៅ​ដែល​ត្រូវ​ចាក់វ៉ាក់​សាំង​ចំនួន​ ១០លាន​នាក់។ ទន្ទឹមគ្នានេះ ​រដ្ឋាភិបាល ​បាន​ចាក់វ៉ាក់​សាំង​សម្រាប់​កុមារ-យុវវ័យ​អាយុ​ពី ១២ឆ្នាំ​ទៅក្រោម​ ១៨ឆ្នាំ ​បានចំនួន​ ១.៨៧%​ ក្នុង​ចំណោម​កុមារ ​និង​យុវវ័យ​ដែលត្រូវ​ចាក់វ៉ាក់​សាំង​ជិត ២លាន ​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។