សង្គម​ស៊ីវិល​បារម្ភ​ពី​សុខភាព​និង​ការលូតលាស់​របស់​កុមារ​ដែល​មាន​ម្តាយ​ជា​កម្មករ​រោងចក្រ

ដោយ សុជីវី
2024.02.15
សង្គម​ស៊ីវិល​បារម្ភ​ពី​សុខភាព​និង​ការលូតលាស់​របស់​កុមារ​ដែល​មាន​ម្តាយ​ជា​កម្មករ​រោងចក្រ ទារកដ្ឋានសហគមន៍ថែទាំកុមារចំបក់ ដែលបង្កើតឡើងដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
Photo Courtesy of VOD

អង្គការ​អន្តរជាតិ​រក​ឃើញ​ថា ប្រទេស​កម្ពុជា​កំពុង​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​អត្រា​របស់​មាតា​ដែល​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ។ បញ្ហា​នេះ កំពុង​កើតមាន​លើ​ស្ត្រី​ខ្មែរ​ជាច្រើន​ជា​កម្មការិនី​ធ្វើការ​នៅ​តាម​រោងចក្រ​នានា​ដោយសារតែ​បច្ចុប្បន្ន នៅ​តាម​រោងចក្រ​មិន​មាន​ទារកដ្ឋាន​សម្រាប់​ឱ្យ​ម្ដាយ​យក​កូន​មក​ផ្ញើ​ដើម្បី​បំបៅ​ដោះ​ឱ្យ​បាន​ត្រឹមត្រូវ​និង​ទៀត​ទាត់​នៅ​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​កម្មករ​មួយ​ចំនួន កំពុង​ព្រួយ​បារម្ភ​ទៅ​លើ​ការ​លូតលាស់​ផ្នែក​រាងកាយ​និង​បញ្ញា​ស្មារតី​របស់​កុមារ​មិនបាន​ល្អ ដោយសារតែ​បច្ចុប្បន្ន​នេះ​ម្ដាយ​របស់​កុមារ​ភាគច្រើន​ដែល​ជា​កម្មការិនី មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​បំបៅ​ដោះ​កូន ចំណែកឯ​ការ​ផ្ដល់​ជីវជាតិ អាហារ​ជំនួស​ទឹកដោះ​ទៀតសោត​ក៏​មិន​គ្រប់គ្រាន់។

នាយក​ប្រតិបត្តិអង្គការ​សង់ត្រាល់ លោក មឿន តុលា ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ម្ចាស់​រោងចក្រ​និង​សហគ្រាស ជាច្រើន​នៅ​កម្ពុជា​មិន​ទាន់​បាន​អនុវត្ត តាមច្បាប់​ការងារ​ដែល​តម្រូវ​ឱ្យ​ធ្វើ​ទារកដ្ឋាន មាន​ស្តង់ដារ​ត្រឹមត្រូវ​សម្រាប់​ស្ត្រី​ជា​ម្ដាយ អាច​យក​ទារក​តូចៗ​ទៅ​ផ្ញើ ដើម្បី​ងាយស្រួល​ទៅ​បំបៅ​ដោះ​កូន​នៅ​ពេល​ដែល​កំពុងតែ​ធ្វើ​ការងារ​នោះ​ទេ។

ម្ចាស់​រោងចក្រ​និង​សហគ្រាស បាន​ត្រឹម​តែ​ធ្វើ​បន្ទប់​ដែល​គ្មាន​ទាំង​បរិស្ថាន​និង​ផាសុកភាព​ឱ្យ​ស្ត្រី​ដែល​មាន​កូនតូច​សម្រាប់​ចូល​ទៅ​បំបៅ​ដោះ​ហើយ​កន្លែង​ខ្លះ​បាន​ត្រឹមតែ​ចំណាយ​ប្រាក់​ពី​៥​ទៅ​២០​ដុល្លារ ឱ្យ​ម្ដាយ​សម្រាប់​ទិញ​ទឹកដោះគោ​ឱ្យ​កូន​បៅ​នៅផ្ទះ​ក្នុង​១​ខែៗ​ជាដើម។

លោក មឿន តុលា យល់​ថា បញ្ហា​ដែល​រោងចក្រ​និង​សហគ្រាស​ការងារ មិន​មាន​ទារកដ្ឋាន​សម្រាប់​ម្ដាយ​បំបៅ​ដោះ​កូន​ត្រឹមត្រូវ​នេះ នឹង​ធ្វើ​ឱ្យ​កុមារ​កម្ពុជា​ប្រឈម​មុខ​ជាច្រើន​ចំពោះ​ការ​លូតលាស់​ទាំង​រាងកាយ សុខភាព​និង​បញ្ញា​ស្មារតី។

លោក មឿន តុលា៖ «ធម្មតា​រោងចក្រ​គាត់​បារម្ភ​ពី​ចំណាយ​ដែរ​ព្រោះ​កាលណា​បង់ថ្លៃ​ទៅលើ​សេវា​ទារកដ្ឋាន​ឱ្យ​កូន​កម្មករ​របស់​គាត់​ដូចនេះ​វា​ចំណាយ​កើនឡើង​។ បើសិនជា​យក​តម្លៃ​ហ្នឹង​ជាហេតុ​ផល​មិន​អនុវត្ត​ច្បាប់​គឺ​វា​មិន​ត្រូវ​ទេ។ ​ប៉ុន្តែ​សម្រាប់​ជា​ការ​យោគយល់​គ្នា​ដើម្បី​អនុវត្ត​ទៅ​កុំឱ្យ​ភាគី​ណាមួយ​រលំ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អាច​ផ្ដើម​គំនិត​ក្នុង​ការ​ជជែក​ជាមួយ​ភាគី​រោងចក្រ​ហើយ​និង​ភាគី​អ្នកបញ្ជា​ទិញ​ឱ្យ​គេ​អាច​បន្ថែម​តម្លៃ​បន្តិច​ដើម្បី​ឱ្យ​រោងចក្រ​ហ្នឹង​មាន​លទ្ធភាព​ទូទាត់​សេវា​ថែ​ក្មេង​ហ្នឹង»

កម្មការិនី​រោងចក្រ​កាត់ដេរ​ស្បែកជើង ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី អ៊ុន ស្រីល័ក្ខ មាន​ប្រសាសន៍​ថា នៅ​ក្នុង​រោងចក្រ​ដែល​គាត់​កំពុង​ធ្វើ​ការ​បច្ចុប្បន្ន​មាន​តែ​រោង​សម្រាប់​បំបៅ​ដោះ​កូន និង​ដាក់​សម្ភារៈ ខ្លះៗ​ឱ្យ​ប្រើ​ប្រាស់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ទារកដ្ឋាន និង​អ្នក​មើលថែ​ក្មេង​ដែល​អាច​ឱ្យ​ម្ដាយ​យក​កូន​ទៅ​ផ្ញើ ក្នុង​ពេល​ធ្វើ​ការ​បាន​ឡើយ។

អ្នកស្រី អ៊ុន ស្រីល័ក្ខ ដែល​កំពុងតែ​មានកូន​តូច​ចង់​ឱ្យ​ថៅកែ​រោងចក្រ​បង្កើត​ទារកដ្ឋាន ដែល​អាច​យក​កូន​ទៅ​ផ្ញើ​ក្នុង​ពេល​ធ្វើ​ការងារ ដើម្បី​ឱ្យ​គាត់​ក៏ដូចជា​ម្ដាយ​គ្រប់រូប​អាច​ទៅ​បំបៅ​ដោះ​កូន​បាន​ទៀង​ទាត់ និង​មាន​ភាព​កក់ក្តៅ​ក្នុង​ចិត្ត​ផង។

អ្នកស្រី អ៊ុន ស្រីល័ក្ខ៖ «គ្រាន់​តែ​មាន​សាងសង់​ជា​អគារ​ហ្នឹង​ហើយ មាន​សម្ភារៈ​ឧបត្ថម្ភ​ដូចជា​របស់​ប្រើ​ដូចជា​បូម​ទឹកដោះ​ទុក​ឱ្យ​កូន​បៅ​តែ​ប៉ុណ្ណឹង អត់​ទាន់​មាន​អ្នក​ថែទាំ​ទារក​ទេ។ ចង់បាន​អ្នក​មើលថែ​ទារក​ដែរ​គ្រាន់​បាន​កូន​នៅ​ជិត​ខ្លួន​ស្រួល​ត្រង់​ថា មាន​ពេល​ចេញទៅ​បំបៅ​កូន​មួយ​ភ្លែត។ ហើយ​នៅ​ធ្វើ​ការ​ក៏​កក់ក្តៅ​ពីព្រោះ​បាន​នៅ​ជិត​កូន​ផង»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការអធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ន បាន​ទេ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ដោយសារតែ​លោក​មិន​ទទួល​ទូរស័ព្ទ។

ប៉ុន្តែ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ធ្លាប់​ថ្លែងប្រាប់​ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​ជិត​២​ម៉ឺន​នាក់ នៅ​ឯ​ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​កាលពី​ខែ វិច្ឆិកា​ឆ្នាំ​២០២៣ កន្លង​ទៅ​ថា ការងារ​អាទិភាព​ចំនួន​៤ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​អនុវត្ត​នៅ​រយៈពេល​២​ឆ្នាំ​ខាងមុខ គឺ​បាន​សិក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ រួម​ទាំង​ម្ចាស់​រោងចក្រ សហគ្រាស សួន​ឧស្សាហកម្ម រួចហើយ​អំពី​យន្តការ​កសាង ការ​គ្រប់គ្រង ការ​ធានា​គុណភាព និង​ការ​រក្សា​និរន្ត​ភាព​នៃ​ទារកដ្ឋាន និង​មត្តេយ្យ​សហគមន៍ ដើម្បី​ឱ្យ​កម្មករ​និយោជិត​ដែល​មាន​កូនតូច អាច​យក​ទារក ឬ​កូន​របស់​ខ្លួន ទៅ​ផ្ញើ​នៅ​ទារកដ្ឋាន​សហគមន៍ ឬ​មត្តេយ្យ​របស់​សហគមន៍​ដែល​នៅ​តាម​កន្លែង​ការងារ។

ទោះជា​យ៉ាងណា អង្គការ​សង់ត្រាល់​បាន​យក​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ​ប្រចាំ​អាស៊ី​និង​ប៉ាស៊ីហ្វិក មក​ផ្សាយ​បន្ដ​កាល​ពី​ពេល​ថ្មីៗ​ថា ក្នុងចំណោម​ស្ត្រី​១០​នាក់​ជា​កម្មការិនី​នៅ​តាម​រោងចក្រ​បាន​ផ្ដល់​សម្ភាសន៍​ថា កន្លែង​ពួកគេ​ធ្វើការ​មិន​មាន​ទារកដ្ឋាន​ទេ ហើយ​ក្នុង​ចំណោម​ស្ត្រី​១០​នាក់ នោះ​មាន ២​នាក់​បាន​អះអាង​ថា នៅ​ក្នុង​រោងចក្រ​ខ្លួន​មិន​អនុញ្ញាត​ឱ្យ​បំបៅ​ដោះ​កូន​ទៀត​ផង។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាង​ថា បច្ចុប្បន្ន​នៅ​តាម​រោងចក្រ និង​ក្រុមហ៊ុន​ជាច្រើន​គឺ​មិន​បាន​រៀបចំ​ឱ្យ​មាន​កន្លែង​បំបៅ​ដោះ​កូន​ទេ។ ចំណែក​រោងចក្រ​ខ្លះទៀត​ដែល​មាន​រៀបចំ​នោះ ក៏​មិន​ត្រឹមត្រូវ​និង​អាច​ឱ្យ​ស្ត្រី យក​កូន​មក​ផ្ញើ​ក្នុង​ពេល​ធ្វើ​ការ​បាន​នៅឡើយ។

លោក អាត់ ធន់ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​គិតគូរ​អំពី​ការ​បង្កើត​ទារកដ្ឋាន ឬ​មត្តេយ្យ​សហគមន៍ នៅ​តាម​រោងចក្រ និង​សហគ្រាស​នានា​ឱ្យ​បាន​ឆាប់។

លោក អាត់ ធន់៖ «បើ​និយាយ​ពី​ទារកដ្ឋាន​ដែល​មាន​តិចតួច​វា​អត់​មាន​លក្ខណៈ​អី​ច្បាស់លាស់​ឬក៏​អាច​ថា យកជាការ​បានទេ គឺ​វា​មិនល្អ​។ កន្លែង​ខ្លះ​តូច​ចង្អៀត​អត់​មាន​សម្ភារៈ អត់​មាន​អ្នក​ថែទាំ​ក្មេង​ដូច្នេះ​ម្ដាយ​មិន​អាច​យ​កកូន​មក​ផ្ញើ​បាន​ទេ។ មិនមែន​ដូច​គេ​ផ្ញើ​កូន ហើយ​ចេញទៅ​ផ្ទះ​មក​យក​កូន​ទេ ស្ត្រី​ជា​កម្មករ​ត្រូវធ្វើ​ការ​ថែម​ម៉ោង​វា​ស្មុគស្មាញ​ណាស់»

ចំណែក អនុប្រធាន សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អ្នកស្រី សាយ សុខនី យល់​ថា ការ​ដែល​កូន​បាន​ទទួល​ទឹកដោះ​ម្ដាយ គឺ​វា​មាន​លក្ខណៈ​ពិសេស​ដែល​អាច​ជួយ​ឱ្យ​កុមារ​មិន​ត្រឹមតែ ទទួល​បាន​សុខភាព​ល្អ ការ​លូត​ខាង រាងកាយ​និង​សតិបញ្ញា​បាន​គ្រប់គ្រាន់​ប៉ុណ្ណោះ​ទេ គឺ​វា​ថែមទាំង​ធ្វើ​ឱ្យ​កូន​ទទួល​បាន​មនោសញ្ចេតនា​និង​ភាព​កក់ក្តៅ​ពី​ម្ដាយ ហើយ​ម្ដាយ​ក៏​គេច​ផុត​ពី​ជំងឺ​មហារីក​សុដន់​ផង​ដែរ។

អ្នកស្រី សាយ សុខនី៖ «ប្រសិនបើ​យើង​គិតគូរ​អំពី​សុខុមាលភាព​របស់​កុមារ និង​ម្តាយ​គឺ​វា​មានតម្លៃ​ណាស់​សម្រាប់​សង្គម​ជាតិ​ទៅ​ថ្ងៃក្រោយ។ ពីព្រោះ​ការថែទាំ​ទំពាំង​ល្អ ឫស្សី​នឹង​ល្អ សសរទ្រូង​ជាតិ​នឹង​ល្អ។ កុមារ​ប្រៀប​ដូច​ជា​ក្រដាស​ស យើង​ដាក់​ពណ៌​អី​គឺ​វា​ចេញ​ពណ៌​ហ្នឹង។ គឺ​កុមារ​សំខាន់​ណាស់​ផ្ដល់​ឱ្យ​ក្តី​ស្រឡាញ់​មនោសញ្ចេតនា​ឱ្យ​កុមារ​ប្រដាប់​លេង មាន​កន្លែង​កីឡា​ឬក៏​សួន​ដែល​មាន​ដើមឈើ​ល្អៗ ខ្ញុំ​យល់​ថា កុមារ​នោះ​នឹង​ល្អ​ឯ​ម្ដាយ​ក៏​មាន​អារម្មណ៍ល្អ ហើយ​គិតតែ​បង្កើន​ផលិតភាព​ការងារ»

ច្បាប់​ស្តីពី​ការងារ​របស់​កម្ពុជា​មាត្រា ១៨៦​ចែង​ថា នាយក​សហគ្រាស​ដែល​មាន​កម្មករ​លើស​ពី​១០០នាក់ គួរតែ​រៀប​ចំ​ឱ្យ​មាន​បន្ទប់​បំបៅ​ដោះ​សម្រាប់​ស្ត្រី​មានកូន​តូច។ ស្ត្រី​ជា​ម្ដាយ​ដែល​កំពុង​បម្រើ​ការងារ​អាច​បែងចែក​ម៉ោង​ពេល​បំបៅ​ដោះ​កូន​ជា​ពីរ ដោយ​អាច​ព្រឹក​៣០​នាទី និង​រសៀល​៣០​នាទី ដោយ​មាន​ការ​ព្រមព្រៀង​ជាមួយ​និយោជក។

បើ​ទោះបី​ជា​ច្បាប់​បាន​ចែង​យ៉ាងនេះ​ក្តី ក៏​ជាច្រើន​ឆ្នាំ​មក​នេះ​ការ​បង្កើត​ទារកដ្ឋាន​នៅ​តាម​រោងចក្រ​សហគ្រាស​ដូច​មាន​ចែង​នៅក្នុង​ច្បាប់ នៅ​មិនទាន់​ឃើញ​លេចចេញ​ជា​រូបរាង​ឱ្យ​បាន​ត្រឹម​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។