មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​ដាក់​ទោស​ធ្ងន់ធ្ងរ​ដល់​ជន​ល្មើស ក្រោយ​ពេល​រឹបអូស​សារធាតុ​មេតាណុល​ក្លែង​បន្លំ

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​អាជ្ញាធរ​ឱ្យ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​ជន​ល្មើស ក្រោយ​ពី​បាន ​រឹបអូស​សារធាតុ​មេតាណុល​ក្លែង​បន្លំ​ជា​អេតាណុល ឬ​អាកុល​ក្លែងក្លាយ ៩ . ៦៩២លីត្រ សម្រាប់​ប្រើប្រាស់​សម្លាប់​មេរោគ​កូវីដ១៩។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គឹមអេង មាន​ប្រសាសន៍​​​ថា ​លោក​សាទរ​ចំពោះ​វិធានការ​បង្ក្រាប និង​រឹបអូស​​សារធាតុ​ផ្សំ​មេតាណុល​​​ សម្រាប់​​ការ​ក្លែង​បន្លំ​នេះ ប៉ុន្តែ​លោក​ជំរុញ​សមត្ថកិច្ច ឱ្យ​ពង្រឹង​វិធានការ​ម៉ឺងម៉ាត់​បន្ថែម​ទៀត និង​ដាក់​ទោស​ជន​ល្មើស​ឲ្យ​បាន​ធ្ងន់ធ្ងរ ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​ប្រឈម​គ្រោះថ្នាក់​ដល់​សុខភាព ដោយសារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ១៩៖ « ផលិតផល​ក្លែងក្លាយ​នេះ ជា​គ្រោះថ្នាក់​មួយ​ធំ ហើយ​អាជ្ញាធរ​បាន​ទប់ស្កាត់​កន្លង​មក។ ក្នុង​កាលៈទេសៈ​នេះ ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ១៩ យ៉ាង​គ្រោះថ្នាក់ អ៊ីចឹង​ផលិតផល​បង្ក​គ្រោះថ្នាក់​នេះ គួរតែ​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ហើយ​អាជ្ញាធរ​ត្រូវ​ដាក់​ទោស​ធ្ងន់ធ្ងរ កុំ​ឲ្យ​គាត់​យក​ឱកាស​នេះ​បន្ត​ធ្វើ​បាប​គេ​បន្ត​ទៀត »

សំណូមពរ​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ ក្រោយ​ពេល​ដែល​មន្ត្រី​ជំនាញ​រក​ឃើញ​ការ​លក់​អាល់កុល (Alcohol) ​ក្លែងក្លាយ ចំនួន ៣ ករណី រួមមាន ​នៅ​ខេត្ត​រតនគីរី ខេត្ត​បាត់ដំបង និង​នៅ​រាជធានី​ភ្នំពេញ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ ឬ​ហៅ​កាត់​ថា «ក.ប.ប.» នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ដោយសារ​ការ​រីក​រាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩ និង​តម្រូវការ​​អាល់កុល និង​ជែល (Gel) សម្លាប់​មេរោគ​ទើប​ក្រុម​ឆ្លៀត​ឱកាស​មួយ​ចំនួន បាន​យក​សារធាតុ​មេតាណុល (Methanol) មក​លាយ​ផ្សំ​សម្រាប់​ផលិត​ជា​អាកុល​ក្លែងក្លាយ ដើម្បី​សម្លាប់​មេរោគ។

លោក ផាន អូន អំពាវនាវ​ដល់​អាជីវករ​ទាំង​អស់ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ការ​ចរាចរ ចែកចាយ លក់​សារធាតុ​មេតាណុល​ក្លែង​បន្លំ​ជា អេតាណុល (អាល់កុល​ក្លែងក្លាយ) សម្រាប់​សម្លាប់​មេរោគ​កូវីដ១៩។

អង្គការ​សុខភាព​ពិភព​លោក​ឲ្យ​ដឹង​ថា សារធាតុ​មេតាណុល​ (Methanol) មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​សារធាតុ​ផ្សំ​សកម្ម​ នៅ​ក្នុង​ការ​ផលិត​សារធាតុ​លាង​សម្អាត​ដៃ​ឡើយ ដោយសារ​​សារធាតុ​នេះ ​ជា​សារធាតុពុល គ្មាន​ប្រសិទ្ធភាព​សម្លាប់​មេរោគ​កូវីដ១៩ នោះ​ទេ តែ​នឹង​ធ្វើ​ឱ្យ​រលាក​ស្បែក ស្រវាំងភ្នែក ឈឺ​ក្បាល និង​វិល​មុខ ក្អួត​ចង្អោរ​ជា​ដើម។ សារធាតុ​មេតាណុល គឺ​ជា​អាល់កុល​ពុល គ្មាន​ពណ៌ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​ទៅ​នឹង​អាល់កុល​ធម្មតា ហើយ​ភាគ​ច្រើន​គេ​ប្រើ​សម្រាប់​ធ្វើ​ជា​សារធាតុ​រំលាយ៕

Methanol_seized_by_CCFKH_April_2021_1.jpg
សារធាតុ​មេតាណុល (Methanol) ដែល​ជា​សារធាតុពុល ជិត​ ១ម៉ឺន​លីត្រ ដែល​ឈ្មួញ​យក​មក​បន្លំ​ធ្វើ​ជា​អេតាណុល (Ethanol) (អាល់កុល Alcohol) សម្រាប់​សម្លាប់​មេរោគ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ «ក.ប.ប.» រឹបអូស​បាន​ភ្នំពេញ នៅ​ក្នុង​ខែមេសា ឆ្នាំ២០២១ នេះ។ រូប៖ ហ្វេសប៊ុក​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ «ក.ប.ប.» CCF



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។