មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ក្រសួង​សុខាភិបាល​ឱ្យ​មាន​វិធានការ​តឹងរ៉ឹង​លើ​មន្ទីរ​សម្រាក​ព្យាបាល ដែល​ខ្វះ​ការ​ទទួល​ខុសត្រូវ បណ្ដាល​ឱ្យ​ស្ត្រី​ម្នាក់​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត

ដោយ ជាតិ ចំណាន
2022.11.30
Share on WhatsApp
Share on WhatsApp
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ក្រសួង​សុខាភិបាល​ឱ្យ​មាន​វិធានការ​តឹងរ៉ឹង​លើ​មន្ទីរ​សម្រាក​ព្យាបាល ដែល​ខ្វះ​ការ​ទទួល​ខុសត្រូវ បណ្ដាល​ឱ្យ​ស្ត្រី​ម្នាក់​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត ទីស្ដីការ​ក្រសួងសុខាភិបាល ឋិតនៅ​សង្កាត់​ទឹកល្អក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។
រូបពីពលរដ្ឋ

ស្ត្រី​រង​គ្រោះ​ដែល​ជា​កម្មករ​រោងចក្រ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ។ ស្ត្រី​រូប​នេះ អាយុ ២២ឆ្នាំ ឈ្មោះ ឈាង ស្រីអូន ជា​កម្មករ​រោងចក្រ​នៅ​ខេត្ត​កណ្ដាល​ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ។ ស្ត្រី​រូប មុន​ដំបូង​ជួប​បញ្ហា​កូន​ស្លាប់​ក្នុង​ពោះ​អាយុ ៥ខែ ដែល​គ្រូ​ពេទ្យ​តម្រូវ​រំលូត​កូន​ចេញ ប៉ុន្តែ ចុង​ក្រោយ​ក៏​កើត​មាន​បញ្ហា​គ្រូ​ពេទ្យ​ច្រឡំ​កាត់​ពោះវៀន ថា​ជា​ទង​ស្បូន ដែល​ធ្វើ​ឱ្យ​ស្ត្រី​រូប​នេះ​ដាច់​គ្រឿង​ក្នុង​ជា​ច្រើន​កន្លែង។

ប្ដី​លោកស្រី ឈាង ស្រីអូន ​គឺ​លោក​ ផេង វឿន ដែល​ជា​កម្មករ​រោងចក្រ​ដែរ​នោះ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ថា​ ប្រពន្ធ​របស់​លោក​បាន​មក​សង្គ្រោះ​បន្ទាន់​មន្ទីរពេទ្យ​កាល់ម៉ែត ៣​ថ្ងៃ​ហើយ ប៉ុន្តែ​លោក​ថា ប្រពន្ធ​របស់​លោក​មិន​ទាន់​បាន​ធូរស្រាល​នៅឡើយ​ទេ។ លោក​ ផេង វឿន បារម្ភ​ពី​​សុខភាព​ប្រពន្ធ​របស់​លោក ព្រោះ​កន្លង​មក​មុន​ពេល​លោក​បញ្ជូន​ប្រពន្ធ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត គ្រូ​ពេទ្យ​​នៅ​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ ប្រាប់​ថា ប្រពន្ធ​របស់​លោក​ពិបាក​សង្ឃឹម​ថា ថា​នឹង​អា​ជួយ​សង្គ្រោះ​ជីវិត​ណាស់៖

«ប្រពន្ធ​ខ្ញុំ​ឥឡូវ​ហ្នឹង​គាត់​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ បាទ​គាត់​នៅ​កាល់ម៉ែត​បង ពេទ្យ​គេ​ថា នៅតែ​ដាក់​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​អ៊ីចឹង»

លោក ផេង វឿន ឱ្យ​ដឹង​ពី​ដំណើរ​រឿង​នេះ​ថា ប្រពន្ធ​របស់​មាន​ផ្ទៃពោះ​កូន​អាយុ​៥​ខែ​ ហើយ​ពេល​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ឈ្មោះ ដើមអង្គ្រង​ គ្រូ​ពេទ្យ​ថា កូន​ក្នុង​ផ្ទៃ​នោះ​​បាន​ស្លាប​ដោយ​បេះដូង​មិន​ធ្វើ​ចលនា។ លោក​បន្ត​ទៀត​ថា ​​កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា លោក​និង​ប្រពន្ធ បាន​​យល់​ព្រម​ឱ្យ​មន្ទីរ​សំរាក​ព្យាបាល ដើមអង្គ្រង ជួយ​រំលូត​កូន​ ហើយ​ពេល​នោះ​ក៏​មិន​ទាន់​មាន​បញ្ហា​អ្វី​កើតឡើង​ដែរ។ លោក​បន្ត​ទៀត​ថា ១០ថ្ងៃ​​ក្រោយ​មក​ ប្រពន្ធ​របស់​លោក​ឈឺ​ពោះ​ ហើយ​គ្រូ​ពេទ្យ​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ ដដែល​នេះ​ ប្រាប់​ថា ក្នុង​ពោះ​ប្រពន្ធ​របស់​លោក​សម្អាត​មិន​ទាន់​អស់​​ដោយ​ត្រូវ​សម្អាត​ម្ដង​ទៀត។ លោក​ ផេង វឿន ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​សម្អាត​ពោះ​ប្រពន្ធ​លោក​លើក​ទី២ នោះ ប្រពន្ធ​មាន​ការ​ឈឺចាប់​ខ្លាំង​ និង​ធ្លាក់​ឈាម​មិន​ឈប់​ ហើយ​ក៏​ត្រូវ​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​ពេទ្យ​រដ្ឋ​វិញ គឺ​មន្ទីរ​ពេទ្យ​ស្រលាញ់​ទារក ហៅ​ពេទ្យ​ជប៉ុន។ លោក​ថា គ្រួ​ពេទ្យ​ប្រាប់​លោក​ថា ប្រពន្ធ​របស់​លោក​ប្រឈម​នឹង​បាត់បង់​ជីវិត​ព្រោះ ប្រពន្ធ​របស់​លោក​បាន​​ដាច់​ស្បូន និង​ពោះវៀន ជា​ច្រើន​កន្លែង។ លោក​បន្ត​ទៀត​ថា នៅ​ពេល​គ្រួ​ពេទ្យ​ប្រាប់​ដូច្នេះ ក៏​បញ្ជូន​ប្រពន្ធ​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម បន្ត​ទៀត​ ហើយ​គ្រូ​ពេទ្យ​វៀតណាម ក៏​ប្រាប់​ដែរ​ថា ប្រពន្ធ​របស់​លោក​ដាច់​គ្រឿង​ក្នុង​ដែរ។ បុរស​ជា​ប្ដី​រូប​នេះ ក៏​សម្រេច​ដឹក​ប្រពន្ធ​មក​ខ្មែរ​វិញ។ លោក​ថា នៅ​ពេល​ដឹក​ប្រពន្ធ​មក​ដល់​​ផ្ទះ ​គឺ​លោក​អស់​សង្ឃឹម​ ទៅ​ហើយ​ ហើយ​ប្រពន្ធ​លោក​ នៅតែ​ឈឺចាប់ ហើយ​នាង​ប្រាប់​ថា គាត់​មិន​អាច​គេង​រង់ចាំ​ស្លាប់​ទេ​ ហើយ​លោក​ក៏​សម្រេច​បញ្ជូន​ប្រពន្ធ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត៖

«នៅ​សល់​តិច​គេ (គ្រូពេទ្យ) គេ​សុំ​សម្អាត​ម្ដង​ទៀត នៅ​ពេល​គេ​សម្អាត​គេ​ចេះ​តែ​ទាញ​យូរ​ទៅ​ច្រើន​ទៅៗ ខ្ញុំ​ក៏​សួរ​ថា អា​ហ្នឹង​អី​គេ​ខ្លះ​ម៉េច​ក៏​ច្រើន​ម្ល៉េះ? ហើយ​អ្នក​គ្រូ​ពេទ្យ​គាត់​ថា ទង​សុក ដល់​ពេល​គេ​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ជប៉ុន​ ពេល​វះកាត់​ទៅ​គេ (គ្រូពេទ្យ) ថា អស់​ពោះវៀន អស់​អី​ហើយ​គេ​ជួយ​អត់​បាន បាទៗ ពេទ្យ​ជប៉ុន​គេ​ថា មនុស្ស​អស់​គ្រឿង​ក្នុង​អស់​ពោះវៀន គេ​ជួយ​អត់​បាន»

ទាក់ទង​ករណី​នេះ នាយិកា​អង្គការ​ក្លាហាន លោក​ស្រី បុណ្យ រចនា លើកឡើង​ថា ករណី​នេះ គឺ​ជា​រឿង​សោកសៅ និង​តក់ស្លុត ដែល​អាច​ធ្វើ​ឱ្យ​ស្ត្រី​រូប​នោះ​ប្រឈម​នឹង​ការ​បាត់បង់​ជីវិត។ អ្នក​ធ្វើ​ការងារ​ទាក់ទង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​រូប​នេះ ជំរុញ​ឱ្យ​មាន​ការ​អនុវត្តន៍​ច្បាប់​លើ​មន្ទីរ​គ្លីនិក​ឯកជន​នោះ​។ លោកស្រី​បន្ត​ទៀត​ថា ការ​ធ្វេសប្រហែស​ ក៏​ជា​បទ​ល្មើស​ដែរ។ លោក​ស្រី បុណ្យ រចនា ថា បើ​ក្រសួង​សុខាភិបាល​ មិន​ការពារ​និង​ដោះស្រាយ បញ្ហា​នេះ​ឱ្យ​ទាន់​ពេល​ទេ នោះ​ករណី​បែប​នេះ​អាច​កើត​មាន​ដដែលៗ​ទៀត៖

«ក្រៅ​ពី​ការ​ដាក់​ពិន័យ ឬ​ដក​អាជ្ញាប័ណ្ណ​លើ​គ្លីនិក​ណា​មួយ ដែល​គាត់​អត់​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ គួរតែ​ពិនិត្យ​បច្ច័យ​ទៅ​លើ​ការ​អនុវត្តន៍​ច្បាប់​ដែល​មាន​ក្នុង​ក្រមព្រហ្មទណ្ឌ​របស់​យើង ព្រោះ​រាល់​ទង្វើ​ការ​ធ្វេសប្រហែស​ណាមួយ​ដែល​ធ្វើ​បាត់បង់​អាយុជីវិត ឬ​ក៏​បង្ក​នូវ​ពិការភាព​ទៅ​លើ​បុគ្គល​ណាមួយ​ដោយ​សារ​សេវា​របស់​ខ្លួន​ដែល​មាន​ការ​ធ្វេស​ប្រហែស​ហ្នឹង វា​ជា​ទោស​ទណ្ឌ​ដែរ«

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា ការ​ច្រឡំ​កាត់​ពោះវៀន ថា​ជា​ទង​សុក គឺ​អាច​កើត​ឡើង​ដោយសារ​ពេទ្យ​ធ្វើការ​ខ្វះ​វិជ្ជាជីវៈ គ្មាន​ស្មារតី​រឹងមាំ​ក្នុង​ការ​វះកាត់ បូក​រួម​ទាំង​​បញ្ហា​ឧបករណ៍​សម្ភារ​ផង​ដែរ។ លោក​បន្ត​ទៀត រដ្ឋាភិបាល ឬ​ក្រសួង​សុខាភិបាល មុន​ពេល​អនុញ្ញាត​ឱ្យ​គ្លីនិក​ឯកជន​បើក​ធ្វើ​អាជីវកម្ម គួរ​មាន​ការ​ពិនិត្យ​ដិតដល់ ដើម្បី​ធានា​ថា ការ​ធ្វើ​អាជីវកម្ម​នោះ​មិន​បង្ក​គ្រោះថ្នាក់៖

«ជា​បញ្ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​ត្រូវ​ពិនិត្យ​លើ​គុណភាព​សេវាកម្ម​ហ្នឹង​ឯង​ តាម​ទស្សនៈ​របស់​ខ្ញុំ​ មុន​ឱ្យ​គ្លីនិក​ណាមួយ​បម្រើ​សេវា​ហ្នឹង​បាន​លុះ​ត្រា​តែ​មាន​លក្ខណៈ​វិនិច្ឆ័យ​សុខាភិបាល​អី​ខ្លះ គ្រូ​ពេទ្យ​ទាំង​ឡាយ​ត្រូវ​មាន​គេ​ហៅ​ថា ឆ្លងកាត់​បទពិសោធន៍​អី​ខ្លះ ទើប​អាច​ឱ្យ​មក​ធ្វើ​ការ​អ៊ីចឹង​​បើ​មិន​អ៊ីចឹង​ទេ អាច​ជា​បញ្ហា​សេវាកម្ម​មួយ ដែល​មាន​គ្រោះថ្នាក់​សម្រាប់​ប្រជាជន​កម្ពុជា»

ជុំវិញ​រឿង​នេះ​វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន បាន​ទេ​នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា។

ទោះ​យ៉ាងណា ក្រសួង​សុខាភិបាល​សម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​ដែល​មាន​បញ្ហា​នោះ​ជា​បណ្ដោះអាសន្ន។ សេចក្ដី​សម្រេច​របស់​ក្រសួង​សុខាភិបាល​ចុះ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា មន្ទីរ​សម្រាក​ព្យាបាល​ឈ្មោះ ដើម​អង្គ្រង មាន​ទីតាំង​នៅ​ស្រុក​គង​ពិសី​ខេត្ត​កំពង់ស្ពឺ ដែល​មាន​អ្នកស្រី វេជ្ជបណ្ឌិត សូស ច័ន្ទរស្មី អ្នក​ទទួល​ខុសត្រូវ។ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ទៀត​ថា ការ​បិទ​បណ្ដោះអាសន្ន​នេះ ដើម្បី​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ពី​ហេតុការណ៍​ដែល​បណ្ដាល​មក​ពី​​ករណី​រំលូត​កូន​​ស្លាប់​ក្នុង​ពោះ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ជា​ធរមាន។

ទោះ​បែប​នេះ​ក្ដី ក្រសួង​សុខាភិបាល មិន​បាន​បញ្ជាក់​លំអិត​ពី​ដំណើរ​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់​ដូច​ការ​ចែករំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ដែល​ថា ​មន្ទីរ​សម្រាក​ព្យាបាល​នេះ​​បាន​ច្រឡំ​កាត់​ពោះវៀន ថា​ជា​ទង​ស្បូន ក្នុង​ពេល​រំលូត​កូន​ឱ្យ​ស្ត្រី​នោះ​ឡើយ។

ករណី​ក្លាយ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ពួកគេ​បាន​ចែករំលែក​ព័ត៌មាន​នេះ​ជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។ នៅ​ពេល​ដែល​ក្រសួង​សុខាភិបាល​បង្ហោះ​សេចក្ដី​សម្រេច​ ពី​ការ​ផ្អាក​មន្ទីរ​សម្រាក​ព្យាបាល​នេះ តាម​ទំព័រ​ហ្វេសប៊ុក ក៏​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ខ្លះ បញ្ចេញ​មតិ ឬ​ខំមិន​ថា ទោះ​ក្រសួង​បិទ​ក្ដី ប៉ុន្តែ ​ម្ចាស់​​មន្ទីរ​សម្រាក​ព្យាបាល ឬ​គ្លីនិក នោះ​ប្ដូរ​ឈ្មោះ​ហើយ​ទៅ​បើក​កន្លែង​ថ្មី​និង​អ្នក​ខ្លះ​ទៀត រិះគន់​ថា គោ​បាត់​ទើប​ធ្វើ​របង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។