សង្គមស៊ីវិល ជំរុញថ្នាក់ដឹកនាំប្រទេសឱ្យធ្វើជាគំរូ ក្នុងការព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងស្រុក
2019.10.30

ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន ស្នើសុំថ្នាក់ដឹកនាំ និងមន្ត្រីធំៗ ឱ្យធ្វើជាគំរូព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងប្រទេសកម្ពុជា ហើយឈប់នាំគ្នាទៅក្រៅប្រទេសទៀត។ ការលើក ឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋដែលតែងតែទៅព្យាបាលនៅ ក្រៅប្រទេស ងាកមកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងស្រុកវិញ។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល លើកឡើងថា ប្រសិនបើគ្មានកំណែទម្រង់វិស័យសុខាភិបាលឲ្យបានល្អត្រឹមត្រូវ និងគ្មានគំរូភាពពីមន្ត្រីរដ្ឋាភិបាលធំៗ ក្នុងការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងប្រទេសទេ គឺវិស័យសុខាភិបាលមិនអាចស្តារទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋបានឡើយ។
ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តសៀមរាប លោក ភ័ណ្ឌ សុខថី រៀបរាប់ថា មូលហេតុដែលប្រជាពល រដ្ឋខ្មែរកាន់តែច្រើនឡើងៗ សម្រុកចេញទៅពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាង ព្រោះពួកគេបាត់បង់ជំនឿលើគ្រូពេទ្យក្នុងស្រុក។ លោក មើលឃើញថា ក្រៅពីពិនិត្យ និងព្យាបាលជំងឺគ្មានប្រសិទ្ធិភាពហើយគ្រូពេទ្យមួយចំនួននៅស្រុកខ្មែរ ខ្វះក្រមសីលធម៌ប្រើភាសាគំរោះគំរើយ ខ្វះការយកចិត្តទុកដាក់លើសុខភាពអ្នកជំងឺ ហើយគិតប្រាក់ជាធំ៖ «បើថា យើងគិតថា ឈឺអ៊ីចេះ ស្រាប់តែពេទ្យមួយគេថាយើងឈឺក្រពះ ពោះវៀន ហើយទៅពេទ្យផ្សេងមួយទៀត គេថាមានជំងឺផ្សេង។ ពេទ្យបីបួនថាផ្សេងគ្នាទាំងអស់។ បានន័យថា ពេទ្យអត់ច្បាស់លាស់ដែរ។ ដូច្នេះ ឱ្យគេទុកចិត្តម៉េច បើអត់ច្បាស់លាស់ផង»។
ពលរដ្ឋរូបនេះបន្តថា ប្រជាពលរដ្ឋទូទៅ មិនចង់ចេញទៅព្យាបាលនៅក្រៅប្រទេសនោះទេ ព្រោះត្រូវចំណាយថវិកា និងពេលវេលាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ប៉ុន្តែ ពួកគាត់គ្មានជម្រើសនោះទេ ដើម្បីសុខភាព និងអាយុជីវិត។ លោកស្នើសុំរបបលោក ហ៊ុន សែន ឱ្យពង្រឹងគុណភាពវិស័យសុខាភិបាល ហើយមន្ត្រីធំៗ និងគ្រួសាររបស់ពួកគេទាំងអស់ ត្រូវតែ ធ្វើភាពជាគំរូក្នុងការព្យាបាលជំងឺតាមមន្ទីរពេទ្យនានា ក្នុងស្រុកដែរ ដើម្បីកសាងទំនុកចិត្តជូនប្រជាពលរដ្ឋឡើងវិញ ជាជាងគ្រាន់តែដើរអួតខុសពីការពិតជាក់ស្តែង៖ «ដោយសារពួកគាត់ (អ្នកធំ) មិនជឿជាក់ស្រុកខ្មែរហើយទើបទៅរកពេទ្យនៅក្រៅប្រទេសនោះ។ បើគាត់ជឿជាក់គាត់នៅព្យាបាលក្នុងស្រុកហើយ។ បើគាត់ជា អ្នកដឹកនាំក្នុងក្រសួងសុខាភិបាលមួយ ហើយគាត់ចេះពេទ្យទៀត តែគាត់អត់នៅព្យាបាលនៅក្នុងស្រុកដែរ។ ដូច្នេះ បើគាត់នៅតែទៅក្រៅដែរ គឺប្រជាពលរដ្ឋទៅតាមគាត់ដែរហើយ»។
ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមទទួលសេវាសុខាភិបាល ដែលមាននៅក្នុងប្រទេសកម្ពុជាវិញ ព្រោះបច្ចុប្បន្នកម្ពុជា មានមន្ទីរពេទ្យឯកទេសកើនឡើងជាបន្តបន្ទាប់សម្រាប់បម្រើសេវាកម្មព្យាបាលជំងឺជូន ប្រជាពលរដ្ឋ ស្របតាមស្តង់ដារខ្ពស់ មិនចាញ់មន្ទីពេទ្យនៅតាមបណ្តាប្រទេសដទៃនោះទេ។ ការអំ ពាវនាវជាថ្មីនេះ ធ្វើឡើងក្នុងពេលលោក ម៉ម ប៊ុនហេង ចុះពិនិត្យការដ្ឋានសំណង់អគារមជ្ឈមណ្ឌល ពហុឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី២៨ ខែតុលា។
មិនមែនមានតែប្រជាពលរដ្ឋនោះទេដែលចេញទៅពិនិត្យ និងព្យាបាលជំងឺនៅបរទេស ប៉ុន្តែវាជារឿង សាមញ្ញទៅហើយសម្រាប់ក្រុមគ្រួសារមន្ត្រីធំៗ និងគ្រួសារលោក ហ៊ុន សែន ព្រមទាំងមានក្រុមគ្រួសាររបស់មន្ត្រីក្រសួងសុខាភិបាលផងដែរ។ ពេលខ្លះក្រុមគ្រួសារមន្ត្រីគ្រាក់ៗ របស់របបក្រុងភ្នំពេញ មិនមែនចេញទៅព្យាបាលជំងឺធ្ងន់ធ្ងរអ្វីនោះទេ ពោលគឺត្រឹមសម្រាលកូន ក៏ពួកគេនាំគ្នាទៅមន្ទីរពេទ្រនៅបរទេសដែរ។ កាលពីពេលប៉ុន្មានខែមុននេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏បានទៅព្យាបាលបញ្ហគ្រេចស្មានៅប្រទេសសិង្ហបុរី ៤ថ្ងៃដែរ ដែលនាំមានការរិះគន់នៅពេលនោះថា លោក ហ៊ុន សែន មិនបានឲ្យតម្លៃគ្រូពេទ្យស្រុកខ្មែរឡើយ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការដែលអ្នកដឹកនាំប្រទេស មន្ត្រីរាជការ និងប្រជាពលរដ្ឋ កាន់តែមានចំនួនច្រើនសម្រុកចេញទៅព្យាបាលនៅក្រៅប្រទេសនេះ គឺផ្តើមចេញពីការបាត់បង់ទំនុកចិត្តលើគ្រូពេទ្យខ្មែរ ហើយករណីនេះបានធ្វើឲ្យកម្ពុជាបាត់បង់ចំណូលជាច្រើនទៅបរទេស។ លោកយល់ថា ប្រសិនបើក្រសួងសុខាភិបាល ប្រកូកប្រកាសចង់បង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋឲ្យទទួលសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យក្នុងស្រុកនោះ លុះត្រាតែក្រសួងខំប្រឹងកែលម្អគុណភាពសេវាព្យាបាល តម្លៃសេវា សមរម្យ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យជាដើម។ លើសពីនេះ លោកថា ក្រសួងត្រូវជ្រើសរើសដាក់គ្រូពេទ្យ ដែលមានចំណេះជំនាញច្បាស់លាស់ បញ្ឈប់ការជ្រើសរើសគ្រូពេទ្យតាមបែបបក្ខពួកសែ ស្រឡាយ និងតាមបែបពុករលួយសូកប៉ាន់ជាដើម៖ «រឿងសំខាន់ទី១ ត្រូវគិតអំពីសីលធម៌របស់គ្រូពេទ្យធ្វើម៉េចឲ្យគ្រូពេទ្យព្យាបាលមានសីលធម៌ កុំបំភ័យគេ ដើម្បីយកលុយ ទី២ ត្រូវប្រាប់អំពីស្ថានភាពជំងឺដល់គេ ជាក់ស្តែង។ ទី៣ គ្រូពេទ្យ មិនត្រូវធ្វើខ្លួនដូចជាស្តេចទេ គឺត្រូវធ្វើខ្លួនជាអ្នកផ្តល់សេវាជួយដល់អ្នកជំងឺ»។
លោក យង់ គិមអេង ទទួលស្គាល់ថា ការដែលពលរដ្ឋបាត់បង់ទំនុកចិត្តលើគ្រូពេទ្យក្នុងស្រុកនេះ ក៏ដោយសារតែក្រុមមន្ត្រីធំៗ មិនធ្វើភាពគំរូក្នុងការព្យាបាលជំងឺនៅតាមមន្ទីរពេទ្យក្នុងស្រុក។ លោក សង្កេតឃើញថា សព្វថ្ងៃនេះ មន្ត្រីធំៗ តែងតែទៅព្យាបាលជំងឺសិង្ហបុរី ហើយមន្ត្រីល្មមៗ តែងតែនៅ ព្យាបាលតឹ្រមប្រទេសថៃ និងប្រទេសវៀតណាម៖ «ប្រសិនបើមានមន្ត្រីធំៗ ព្យាបាលនៅក្នុងស្រុក គឺមន្ត្រីសុខាភិបាល ឬគ្រូពេទ្យរបស់យើង គាត់នឹងប្រឹងប្រែងពង្រឹងគុណភាពគ្រប់បែបយ៉ាង។ កាលណាអ្នកធំទៅព្យាបាលក្នុងមន្ទីរពេទ្យ គាត់មើលឃើញខុសឆ្គងកន្លែងណាមិនសមរម្យកន្លែងណា គាត់ផ្តល់យោបល់ក្នុងការកែលម្អលឿនជាងពលរដ្ឋតូចតាចធម្មតា»។
ស្រដៀងគ្នានេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល និងប្រធាន អង្គការវេទិកាអនាគត លោក អ៊ូ វីរៈ បានបង្ហោះសារនៅលើហ្វេសប៊ុកឆ្លើយតបនឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ប្រសិនបើរដ្ឋមន្ត្រីក្រសួងសុខាភិបាលផ្ទាល់ រួមទាំងថ្នាក់ដឹកនាំប្រទេស ព្រមទាំងក្រុមគ្រួសារ អាចធ្វើជាគំរូដោយនាំគ្នាសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក ហើយឈប់ទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅបរទេសនោះ គឺប្រជាពលរដ្ឋខ្មែរប្រាកដជាធ្វើតាមជាពុំខានឡើយ។
ក្រសួងសុខាភិបាលរបស់ថៃ បង្ហាញរបាយការណ៍ថា អតិថិជនពីប្រទេសកម្ពុជាទៅទទួលសេវាពិនិត្យ និងព្យាបាលសុខភាពនៅប្រទេសថៃ គឺនាំមុខគេក្នុងចំណោមប្រទេសចំនួន ៤ ដែលជាសមាជិក ប្រទេស CLMV រួមមាន កម្ពុជា ឡាវ ភូមា និងវៀតណាមដោយក្នុងឆ្នាំ២០១៧ កន្លងទៅ មានប្រជាជនកម្ពុជាចំនួនប្រមាណជាង២២ម៉ឺននាក់ទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសថៃ៕
(សកម្មភាពគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតពិនិត្យអ្នកជំងឺ។ រូប៖ ហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។