កម្ពុជាប្រកាសភាពអាសន្ន អំពីការឆ្លងជំងឺរលាកសួត ដែលបង្កដោយវីរុសខូរូណា (Coronavirus) ប្រភេទថ្មី ដែលបានសម្លាប់មនុស្ស ចំនួន ១៨នាក់នៅប្រទេសចិន និងបណ្ដាលឱ្យមនុស្សជាច្រើនរយនាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ។ កម្ពុជាក៏បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ជំងឺនេះ ដែលរីករាលដាលមកពីប្រទេសចិន។ សង្គមស៊ីវិលបារម្ភថា កម្ពុជាអាចនឹងមានហានិភ័យដោយសារតែ មានជនជាតិចិនបានចូលមកកម្ពុជា។
មន្ត្រីក្រសួងសុខាភិបាលឱ្យដឹងថា កម្ពុជាមិនទាន់មានជំងឺរលាកសួតដែលបង្កដោយវីរុសកូរូណានេះនៅឡើយទេ ក៏ប៉ុន្តែមន្ត្រីនៃក្រសួងពាក់ព័ន្ធបានខិតខំយកចិត្តទុកដាក់ដើម្បីទប់ស្កាត់មិនឱ្យឆ្លងដល់អ្នកដទៃ បន្ទាប់ពីជំងឺនេះបានរីករាលដាលដល់ប្រទេសថៃ និងសិង្ហបុរីមក។
មន្ត្រីនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៣ ខែមករា ថា ដើម្បីបង្ការកុំឱ្យមានជំងឺនេះនៅកម្ពុជា ក្រសួងបានដាក់មន្ត្រីនៅតាមអាកាសយានដ្ឋាន បីកន្លែង និងមានដាក់ម៉ាស៊ីនស្ទង់កម្ដៅដើម្បីកំណត់អ្នកជំងឺ៖ «ចំពោះក្នុងស្រុកវិញ ទាំងមន្ទីរពេទ្យឯកជន រដ្ឋ យើងបានផ្សព្វផ្សាយហើយក្នុងករណីឃើញសង្ស័យ ត្រូវរាយការណ៍មកក្រសួងសុខាភិបាល ឬមួយមកលេខ១១៥ របស់ក្រសួងសុខាភិបាល ដើម្បីឱ្យមន្ត្រីរបស់យើងចុះអង្កេតស្រាវជ្រាវ»។
លោកបន្តថា កម្ពុជាធ្លាប់មានបទពិសោធន៍ដោះស្រាយការរីករាលដាលនៃជំងឺថ្មីៗកាលពីពេលកន្លងមកដូចជាជំងឺផ្តាសាយបក្សី កាលពីឆ្នាំ២០១៥ និងជំងឺពងបែកដៃជើងក្នុងឆ្នាំ២០១២ ហើយក្រោយមកមានជំងឺរាតត្បាតសាកលក្នុងឆ្នាំ២០០៩ និងជំងឺសារ (SARS) ក្នុងឆ្នាំ២០០២ និង២០០៣៖ «យើងធ្លាប់មានបទពិសោធន៍ហ្នឹងហើយ ហើយយើងនិងប្រើប្រាស់សមត្ថភាពរបស់យើងដើម្បីបង្ការទៅនឹងជំងឺដទៃទៀត ក្នុងនោះមានជំងឺរលាកសួតបង្កឡើងដោយ Coronavirus ដែលកំពុងតែរាតត្បាតនេះ»។
លោកបញ្ជាក់ថា បើសិនប្រជាពលរដ្ឋណាមានចេញរោគសញ្ញាគ្រុនក្តៅលើសពី៣៨អង្សាសេឡើងទៅ ហើយមានសញ្ញាផ្លូវដង្ហើមដូចជាក្អក ឬហត់ វាគឺជារោគសញ្ញានៃការរលាកសួតដែលបង្កដោយវីរុសខូរូណា។
លោកបន្តថា ក្រសួងសុខាភិបាលបានដាក់ពង្រាយមន្ត្រីចំនួនជាង ២.០០០ នាក់នៅទូទាំងប្រទេសដើម្បីតាមដានជំងឺរាតត្បាតដែលបង្កដោយវីរុសខូរូណានេះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង មានប្រសាសន៍ថា កម្ពុជាអាចនឹងមានហានិភ័យខ្ពស់ចំពោះការឆ្លងជំងឺរលាកសួតដែលបង្កដោយវីរុសខូរូណានេះ បើសិនជារដ្ឋាភិបាលមិនមានវិធានការជាក់លាក់ទេ ព្រោះមានលំហូរអ្នកទេសចរចិនច្រើន៖ «យើងដឹងហើយថា កំណើនទេសចរណ៍ អ្នកដែលចេញចូលជាទេសចរណ៍ អ្នកមករកស៊ីហ្នឹងគឺសំបូរទៅដោយជនជាតិចិន ហើយជនជាតិចិនទាំងអស់ហ្នឹង យើងក៏មិនហ៊ានធានាថា ពួកគេហ្នឹងមិនមានការឆ្លងជំងឺទាំងអស់ហ្នឹងមកពីប្រទេសរបស់គេដែរ»។
កាលពីឆ្នាំមុនមានអ្នកទេសចរចិនចំនួន ២ លាននាក់បានមកទស្សនាប្រទេសកម្ពុជា។
ជំងឺរលាកសួតដែលបង្កដោយវីរុសខូរូណាថ្មីនេះបានផ្ទុះឡើងនៅខេត្តហ៊ូបេ (Hubei) ប្រទេសចិន ហើយបានសម្លាប់មនុស្សចំនួន ១៨នាក់ហើយ ចាប់តាំងពីជំងឺនេះបានរីករាលដាលចុងខែធ្នូ។ មនុស្សប្រមាណជាង៦០០នាក់ បានឆ្លងជំងឺនេះមកទល់ពេលនេះ ហើយពួកគេស្ទើរតែទាំងអស់មានលំនៅឋានក្នុងខេត្តហ៊ូបេ។
បើតាមក្រសួងសុខាភិបាលចិនឱ្យដឹងថា ទីក្រុង វូហាន ខេត្តហ៊ូបេ មានប្រជាជនចំនួន ១១ លាននាក់ ដែលជាកន្លែងវីរុសខូរូណា ផ្ទុះឡើងដំបូងគេ ហើយមកទល់ពេលនេះ រថភ្លើងឬយន្តហោះត្រូវបានផ្អាកការធ្វើដំណើរទាំងស្រុង។
អ្នកមានជំងឺនេះ ត្រូវគេរកឃើញនៅប្រទេស ថៃ សិង្ហបុរី អារ៉ាប់ប៊ីសាអូឌីត សហរដ្ឋអាមេរិក និងប្រទេសវៀតណាមផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
