ក្រសួងអប់រំ និងក្រសួងការងារ សម្រេចដាក់ចេញសេចក្ដីណែនាំស្រដៀងគ្នា ដោយតម្រូវឲ្យគ្រឹះស្ថានសិក្សារដ្ឋ ឯកជន និងសហគ្រាសគ្រប់ធុនទាំងអស់ អនុវត្តវិធានការមួយចំនួន ដើម្បីបង្ការការឆ្លងជំងឺរលាកសួតថ្មី បង្កដោយវីរុសកូរ៉ូណា ដល់សិស្សានុសិស្ស និងកម្មករ។
វិធានការទាំងនោះរួមមានចៀសវាងប៉ះពាល់អ្នកមានជំងឺផ្លូវដង្ហើម ដែលមានអាការគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ - ចៀសវាងការខាកស្ដោះ និងទៅទីផ្សារលក់សត្វរស់ ឬកន្លែងចិញ្ចឹមសត្វ ដែលសង្ស័យថាមានមេរោគឆ្លង ត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាកុល ឲ្យបានទៀងទាត់ ក្រោយប៉ះពាល់សត្វ ឬអ្នកមានអាការៈ ក្អក កណ្ដាស់ ហើយអនុវត្តអនាម័យស្អាត សុវត្ថិភាពចំណីអាហារ ដោយបរិភោគអាហារឆ្អិន និងទឹកស្អាត។
ប្រសិនបើមានសិស្សានុសិស្ស ឬកម្មករណា មានអាការៈដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ផ្ដាសាយ ហៀរសំបោរ ឬឈឺបំពង់ក ត្រូវជូនដំណឹងដល់ក្រុមគ្រួសារ ដើម្បីបញ្ជូនទៅរកសេវាព្យាបាលឲ្យទាន់ពេលវេលា។
លើសពីនេះ ក្រសួងទាំងពីរសង្កត់ធ្ងន់ថា បើសង្ស័យមានករណីជំងឺរលាកសួតប្រភេទវីរុសកូរ៉ូណាថ្មី ដោយមានកម្ដៅខ្លួន ៣៨អង្សាសេ និងមានចេញរោគសញ្ញាមួយយ៉ាងតិច ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម ឬអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើម មិនដឹងអត្តសញ្ញាណ ឬប៉ះពាល់សត្វឈឺក្នុងកំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញា ត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ។
វិធានការនេះ ធ្វើឡើងក្រោយពេលក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី២៧ មករា បានរកឃើញករណី អ្នកទេសចរ ជនជាតិចិនម្នាក់ វ័យ ៦០ឆ្នាំ មានជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី បន្ទាប់ពីលោកបាននាំគ្រួសារពីទីក្រុងវូហាន (Wuhan) ខេត្ត ហ៊ូបេ (Hubei) ប្រទេសចិន មកលេងខេត្តព្រះសីហនុ។
គិតមកត្រឹមត្រឹមថ្ងៃទី២៨ មករា ជនជាតិចិនដែលស្លាប់ដោយសារជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី មានចំនួន ១០៧នាក់ ហើយអ្នកផ្ទុកជំងឺនេះ កើនឡើងដល់ ៤.៤៧៤នាក់។
បច្ចុប្បន្ន វីរុសកូរ៉ូណាថ្មី ដែលមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការ កំពុងរីករាលដាលនៅទីក្រុងវូហាន (Wuhan) ខេត្តហ៊ូបេ (Hubei) ប្រទេសចិន ហើយឆ្លងទៅបណ្ដាប្រទេសចំនួន ១៨ផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។