ពលរដ្ឋរស់នៅក្នុងខេត្តស្ទឹង ត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម អាចរងផលប៉ះពាល់ដោយសារតែទឹកជំនន់ទន្លេមេគង្គ។ កម្ពស់ទឹកទន្លេ មេគង្គនឹងកើនឡើងខ្លាំងហួសពីកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ដែលនឹងអាចឱ្យមានការជន់លិចតាមតំបន់មួយចំនួនដែលនៅតាមបណ្ដោយដងទន្លេមេគង្គ។
ការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយមខេត្តនៅជាប់ទន្លេមេគង្គ អាចនឹងជន់លិច ដោយឱ្យប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទាំងនោះប្រុងប្រយ័ត្ន ត្រៀមស្បៀងអាហារទុកបម្រុង ក្នុងករណីមានទឹកជំនន់ជន់លិចភូមិ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់ នៅថ្ងៃទី៥ កញ្ញា ឱ្យដឹងថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យកើតមានគ្រោះធម្មជាតិ ដែលបង្កផល ប៉ះពាល់សុខភាពប្រជាពលរដ្ឋ ហើយដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ទាំងនោះ ពលរដ្ឋត្រូវតាមដានស្ថានភាពទឹកជំនន់ និងត្រៀមសម្ភារៈប្រើប្រាស់ឱ្យបានគ្រប់គ្រាន់នៅមុនពេលមានទឹកជន់លិចដែលអាចកើតឡើង។ក្រសួងសុខាភិបាលបានណែនាំឱ្យមន្ត្រីនៅតាមមន្ទីរសុខាភិបាលរាជធានី ខេត្តទាំងអស់ឱ្យត្រៀមឱសថ បរិក្ខារពេទ្យ សេរ៉ូមប្រឆាំងពិសពស់នៅពេលដែលមានពលរដ្ឋណាត្រូវពស់ ចឹក ព្រមទាំងត្រៀមក្រុមគ្រូពេទ្យចល័តដើម្បីចាំជួយពិនិត្យព្យាបាលជូនពលរដ្ឋ។
ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ពលរដ្ឋ នៅមុនពេល ក្នុងពេល និងក្រោយពេលមានទឹកជំនន់ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព សូមស្វែងរកការព្យាបាលជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នកបំផុត។
បើនៅតំបន់ណាមានជំងឺឆ្លងរាតត្បាតប្រជាពលរដ្ឋទាក់ទងមកទូរស័ព្ទលេខ១១៥ ហើយការហៅមកលេខ១១៥នេះគ្មានការគិតលុយនោះទេ៕