ព័ត៌មាន​ថា ជា រដ្ឋា ​រស់​នៅ​ប្រទេស​ថៃ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​បារម្ភ​សុវត្ថិភាព

គ្រួសារ​ជន​រង​គ្រោះ​ដោយ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត លោក​ស្រី យ៉ា សុខនីម កំពុង​ព្រួយ​បារម្ភ​ចំពោះ​ព័ត៌មាន​ថា​ទណ្ឌិត ជា រដ្ឋា ដែល​ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត​នេះ កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ។

0:00 / 0:00

ស្វាមី​ជន​រងគ្រោះ​ដោយ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត​កាល​ពី ២​​ឆ្នាំ​កន្លង​មក គឺ​លោក អ៊ួង វិបុល បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ម្ដង​ទៀត នៅ​ពេល​ដែល​ទស្សនាវដ្ដី​ក្នុង​ស្រុក​បាន​ផ្សាយ​នៅ​ពេល​ថ្មី​ៗ​នេះ ថា ទណ្ឌិត ជា រដ្ឋា កំពុង​រស់​នៅ​ដោយ​មាន​សេរីភាព​នៅ​ប្រទេស​ថៃ ដោយ​គ្មាន​ការ​ភ័យ​ព្រួយ​ពី​ការ​ចាប់​ខ្លួន​ឡើយ។

លោក អ៊ួង វិបុល ស្វាមី​របស់​លោក​ស្រី យ៉ា សុខនីម បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មិថុនា​នេះ ថា លោក និង​ក្រុម​គ្រួសារ​របស់​លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​បន្ថែម​ទៀត​ចំពោះ​ព័ត៌មាន​នេះ។

ទណ្ឌិត ជា រដ្ឋា ជា​អតីត​អគ្គសេនាធិការ​រង​របស់​កង​រាជ​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស និង​ក្រុម​បក្ស​ពួក​ចំនួន ៥​នាក់​ទៀត ត្រូវ​បាន​តុលាការ​ឧទ្ធរណ៍​កាត់​ឲ្យ​ជាប់​ទោស កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពី ១៥​ឆ្នាំ ទៅ​ដល់ ១៨​ឆ្នាំ ផ្សេង​ៗ​គ្នា ចំពោះ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត​ទៅ​លើ​លោក​ស្រី យ៉ា សុខនីម ពី​ខែ​ឧសភា ឆ្នាំ​២០០៨។ លោក​ស្រី ជា រដ្ឋា ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ជា​អ្នក​បញ្ជា​ការ​វាយ​​ប្រហារ​ទឹក​អាស៊ីត​នេះ បន្ទាប់​ពី​ដៃគូ​ស្នេហា​របស់​គាត់ គឺ​កញ្ញា អ៊ិន សុខលីដា ត្រូវ​ជា​ក្មួយ​ស្រី​របស់​ជន​រងគ្រោះ​បាន​បែក​ចិត្ត​ចេញ​ពី​គាត់។

បច្ចុប្បន្ន​នេះ កញ្ញា អ៊ិន សុខលីដា និង​ក្រុម​គ្រួសារ​របស់​នាង​ចំនួន ១៧​នាក់ កំពុង​ស្នាក់នៅ​ប្រទេស​ ម៉ាឡេស៊ី ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ទី​៣ ដោយ​មាន​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​របស់​ពួក​គេ។

លោក អ៊ួង វិបុល មាន​ប្រសាសន៍​ថា ៖ «បញ្ហា​ហ្នឹង ខ្ញុំ​មិន​យល់​ត្រង់​ថា នៅ​ពេល​ដែល​ជន​ល្មើស​ត្រូវ​នៅ​ក្រៅ​ឃុំ ហើយ​ត្រូវ​បាន​ដើរ​ហើរ មាន​សិទ្ធិ​សេរីភាព​ចេញ​ចូល ពីព្រោះ​ខ្ញុំ​មើល​ទស្សនាវដ្ដី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខ្ញុំ​ទិញ​មើល ពេល​ខ្ញុំ​មក​វិញ ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ​មែនទែន! ព្រោះ​គេ​បាន​សរសេរ​ថា ជន​ល្មើស​ចេញ​ចូល​នៅ​ព្រំ​ប្រទល់​ខ្មែរ​ថៃ​ហ្នឹង គឺ​ថា ដូច​ជា​អត់​មាន​ទោសពៃរ៍​អ្វី​ទាំង​អស់»

លោក​ឧត្ដមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មិថុនា​នេះ ថា ប៉ូលិស​នៅ​មិន​ទាន់​បាន​ចាប់​ខ្លួន​ទណ្ឌិត​ម្នាក់​ណា​ឡើយ ទាក់ទង​នឹង​ករណី​ជះ​ទឹក​អាស៊ីត​នេះ ដោយសារ​ជន​ល្មើស​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។

ប៉ូលិស​អ៊ិនធើប៉ូល (INTERPOL) បាន​ដាក់​ការ​តាម​ចាប់​លោក​ស្រី ជា រដ្ឋា ពី​ឆ្នាំ​២០០៨ អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជីវិត និង​សុខភាព​នៅ​ក្នុង​គេហ​ទំព័រ​របស់​ខ្លួន។ លោក​ស្រី ជា រដ្ឋា មាន​អាយុ ៤៥​ឆ្នាំ កម្ពស់ ១,៥៧​ម៉ែត្រ និង​ទម្ងន់ ៥២​គីឡូ​ក្រាម។

លោក​ថា ទោះបី​ប៉ូលិស​អ៊ិនធើប៉ូល​របស់​កម្ពុជា​បាន​ផ្ញើ​ដីកា​ចាប់​ខ្លួន​លោក​ស្រី ជា រដ្ឋា ទៅ​ប្រទេស​ថៃ ជា​កន្លែង​ដែល​ប៉ូលិស​សង្ស័យ​ថា គាត់​កំពុង​លាក់​ខ្លួន​នោះ​ក៏​ដោយ ក៏​នៅតែ​មិន​ទាន់​មាន​ការ​ចាប់​ខ្លួន ពីព្រោះ​កម្ពុជា និង​ថៃ​មិន​មាន​កិច្ច​សហការ​ល្អ​ជាមួយ​គ្នា។

លោក គៀត ច័ន្ទថារិទ្ធ បាន​បញ្ជាក់​ថា ៖ «គឺ​យើង​មាន​ការ​ឈឺចាប់​ណាស់ អ្នក​ណា​ក៏​ដោយ​ដែល​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​យើង ជា​ពិសេស​អ្នក​ដែល​មាន​ដីកា​តុលាការ​អី​តាម​ចាប់​អ៊ីចឹង​ទៀត គឺ​ថា យើង​អត់​មាន​ព្រងើយ​កន្តើយ​ទេ ប៉ុន្តែ​គ្រាន់តែ​ជម្រាប​ថា លទ្ធភាព​របស់​សមត្ថកិច្ច វា​អាស្រ័យ​លើ​រឿង​ជាក់ស្ដែង​នីមួយ​ៗ មិន​មែន​ថា នៅ​កម្ពុជា​យើង​ទេ ដូច​ខ្ញុំ​ធ្លាប់​បញ្ជាក់ នៅ​អាមេរិក​ក៏​នៅ​មាន​មុខសញ្ញា​សេសសល់​មួយ​ចំនួន​ដែល​រត់​គេច ហើយ​អាមេរិក​ចាប់​មិន​ទាន់​បាន​ដូច​គ្នា​ហ្នឹង!»

លោក គៀត ច័ន្ទថារិទ្ធ បន្ថែម​ថា សមត្ថកិច្ច​ប៉ូលិស​នឹង​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​សុវត្ថិភាព​ជូន​គ្រួសារ​ជន​រងគ្រោះ និង​បន្ត​ការ​ស្វែងរក​ចាប់​ខ្លួន​ជន​ល្មើស។

លោក អ៊ួង វិបុល បន្ថែម​ថា ភរិយា​របស់​គាត់​កំពុង​ព្យាបាល​នៅ​ប្រទេស​វៀតណាម​បន្ត​ទៀត ហើយ​បន្ទាប់​ពី​ការ​ព្យាបាល លោក​ស្រី​នឹង​ទៅ​ប្រទេស​ម៉ាឡេស៊ី រួម​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់ ដោយ​គាត់​មិន​ហ៊ាន​រស់​នៅ​ប្រទេស​កម្ពុជា​ទេ។

លោក អ៊ួង វិបុល បាន​ឲ្យ​ដឹង​ថា ៖ «បើ​តាម​ខ្ញុំ​គិត​មើល ពីព្រោះ​អ្នក​ទាំង ១៨​ហ្នឹង ទោះបី​គាត់​មក​ស្រុក​ខ្មែរ​វិញ គាត់​ក៏​មិន​ហ៊ាន​រកស៊ី​អី ធ្វើ​អី ពីព្រោះ​នៅតែ​ក្នុង​ផ្ទះ ហើយ​ការ​ដើរ​ហើរ គេ​ហៅ​ថា ដូច​ភ្នែក​នៅ​កញ្ចឹង​ក។ ការ​ដែល​គាត់​មិន​មក​វិញ ហើយ​គាត់​ជ្រកកោន​នៅ​ទី​នោះ គឺ​បើ​ប្រៀបធៀប​ទៅ គាត់​នៅ​ទី​នោះ​វា​មាន​ការ​លំបាក ប៉ុន្តែ​ខាង​ផ្លូវ​ចិត្ត​គាត់​មិន​សូវ​ជា​ភ័យ​ប៉ុន្មាន​ទេ បើ​សិន​ជា​គាត់​មក​ស្រុក​ខ្មែរ​វិញ ជន​ល្មើស​នៅ​ក្រៅ​ឃុំ​ដដែល ហើយ​ដើរ​ហើរ​ដោយ​សេរី អ៊ីចឹង​គឺ​គាត់​លំបាក​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ»

ប្រធាន​កម្មវិធី​អង្កេត​សិទ្ធិ​មនុស្ស​របស់​សមាគម​សិទ្ធិ​មនុស្ស អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​នៅ​ថៃ្ង​ច័ន្ទ ទី​១៤ ខែ​មិថុនា​នេះ ថា ប្រសិន​បើ​រដ្ឋាភិបាល​មាន​បំណង​ចាប់​ខ្លួន​លោក​ស្រី ជា រដ្ឋា រដ្ឋាភិបាល​ពិត​ជា​អាច​ចាប់​ខ្លួន​បាន ប៉ុន្តែ​កន្លង​មក​ជន​ល្មើស​ជា​មន្ត្រី​រាជការ​មាន​អំណាច​ច្រើន​តែ​រួច​ផុត​ពី​សំណាញ់​ច្បាប់។

លោក ចាន់ សុវ៉េត បាន​អះអាង​ថា ៖ «កន្លង​មក​យើង​ឃើញ​ថា ករណី​ដែល​លេច​ធ្លោ​ក្នុង​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ គឺ​យើង​ឃើញ​តែ​ករណី ហេង ពៅ មួយ​ទេ ដែល​យើង​ឃើញ​ថា មាន​ការ​ចាត់​វិធានការ​ទាំង​ពី​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​តំបន់ ស្វែងរក​ជន​នោះ​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់ ហើយ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ជា​មន្ត្រី​រាជការ ពី​មុន​មក​មាន​ឋានៈ មាន​លុយ​មាន​កាក់​បែប​នេះ យើង​គិត​ថា កន្លង​មក​នេះ វា​ពិបាក​ក្នុង​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ណាស់ ដោយសារ​តែ​អ្នក​ទាំង​អស់​នោះ​មាន​បក្ស​ពួក មាន​ខ្នង បើ​ទោះ​បី​ជា​នៅ​ក្នុង​កម្ពុជា ក៏​យើង​មិន​ទាន់​ដឹង​ថា តើ​យើង​មាន​លទ្ធភាព​ចាប់​ដែរ ព្រោះ​ករណី​និទ្ទណ្ឌភាព​ដូច​អ៊ីចឹង​គឺ​មាន​ច្រើន​នៅ​ក្នុង​ស្រុក​យើង»

ក្រសួង​មហាផ្ទៃ​កម្ពុជា​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត ដោយ​ជន​ល្មើស​អាច​នឹង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ចំពោះ​ការ​វាយ​ប្រហារ​ទឹក​អាស៊ីត៕