ក្រសួងអប់រំបញ្ចេញ​យុទ្ធនាការ​សុវត្ថិភាព​​ចំណី​​អាហារ ដើម្បី​លើក​​កម្ពស់​​សុខភាព​​របស់​​កុមារ

0:00 / 0:00

ក្រសួង​អប់រំ យុវជន និងកីឡា ប្រកាស​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​​ផ្សព្វផ្សាយ​​អំពី​​សុវត្ថិភាព​​ចំណី​​អាហារ​នៅ​​ក្នុង​​សាលា​រៀន ដើម្បី​​​ទប់​ស្កាត់​​ការ​​លក់​​អាហារ​​មាន​សារធាតុ​គីមី​និង​អាហារ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សិស្សនៅ​​តាម​​សាលារៀន​​ទូទាំង​ប្រទេស។

ថ្លែង​ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ​សុវត្ថិភាព​ចំណី​អាហារ កាលពីថ្ងៃទី៦ ខែមករា រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា​ការ​ផ្ដោត​លើ​សុវត្ថិភាព​ចំណី​អាហារ​ គឺ​មាន​សារៈសំខាន់​សម្រាប់​កុមារ ដែល​​អាច​​ជួយ​ឱ្យ​កុមារ​មាន​សុខភាព​ល្អនិង​​ក្លាយ​​ជា​​ធនធាន​​ល្អ​​នៅ​​ក្នុង​​សង្គម។ លោក ហង់ ជួនណារ៉ុន បន្ថែម​ថាយុទ្ធនាការ​សុវត្ថិភាព​ចំណី​អាហារ​នេះ​បាន​ប្រកាស​ហាមឃាត់​អាហារ​ចំនួន៦​ប្រភេទក្នុង​នោះ​រួម​មានអាហារ​​ដែល​​ផុត​​កំណត់​​​ប្រើប្រាស់​គ្រឿង​​​ស្រវឹងអាហារ​​គ្មាន​ប្រភព​ច្បាស់​លាស់និង​អាហារ​ប៉ូវកម្លាំង​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំង​ជាដើម៖ « មិន​មែន​ហាម​មិន​ឱ្យ​ហូប​អី​ផ្អែម​ទេ ប៉ុន្តែ ត្រូវ​មាន​តុល្យភាព មិន​ឱ្យ​ផ្អែម​ខ្លាំង មិន​​ឱ្យ​​​មាន​​ជាតិ​​ខ្លាញ់​​ខ្លាំង​​ពេក ឬ​មួយ​មិន​​ឱ្យ​ប្រៃ​ពេក។​ ប្រៃ​ពេក​នាំ​ឱ្យ​កើត​ជំងឺ​ឡើង​ឈាម ខ្លាញ់​​ច្រើន​​ពេក នាំ​ឱ្យ​ធាត់​ខ្លាំង​ពេក ដែល​អាច​ឈាន​​ទៅ​រក​​ជំងឺ​បេះដូង។ ដូច្នេះ គឺ​​ចៀសវាង​​ទាំង​​ស្ករ ស្ករ​​កៅស៊ូ ដែល​​​ប៉ះ​​ពាល់​​​ដល់​​​បរិស្ថាន​​​ផង​​​ដែរ និង​​អ្វី​ដែល​ផ្អែម​ខ្លាំង ដូច​ជា ចាហួយ ដូណាត់ អី​ជា​ដើម។ ដូច្នេះ​​អាហារ​​ទាំង​​នេះ ​ត្រូវ​ហាម​ឃាត់»។

ក្រសួង​អប់រំ​យុជន និងកីឡា នឹង​សហការ​ជា​មួយ​នឹង ក្រុមហ៊ុន​ចំនួនបី គឺក្រុមហ៊ុន MSA, KBSK និង​ក្រុមហ៊ុន Kino Cambodia ដើម្បី​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​នេះ​រយៈពេល​មួយ​ខែដែល​ចាប់​ផ្ដើម​ពី​ថ្ងៃទី១ ខែ​មករារហូត​ដល់​ថ្ងៃទី៣១ ខែមករា។

យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណី​អាហារ​ជំហាន​ដំបូងបាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី៦ ខែ​មករានៅ​ក្នុង​សាលាបឋមសិក្សា​ព្រះ​នរោត្តមនៅ​រាជធានី​ភ្នំពេញនិង​គ្រោង​រៀបចំ​ឡើង​នៅ​ក្នុង​សាលា​​​ចំនួន​បួន​ទៀតមាន​ដូចជា​សាលា​បឋម​សិក្សា​អង្គរបាន ខេត្តកំពង់ចាម សាលា​បឋម​សិក្សា​ផ្សារ ខេត្តកំពង់ឆ្នាំង សាលា​បឋមសិក្សា​ឃ្លាំងលើខេត្ត​ព្រះសីហនុនិង​សាលា​បឋម​សិក្សា​បាគូរ​ ខេត្ត​កណ្តាល។

ក្រៅពី​ការ​អំពាវ​នាវ​មន្ទីរអប់រំ នាយកសាលា អ្នកលក់ដូរ និងមាតាបិតាសិស្ស ឱ្យ​ចូលរួម​យកចិត្ត​ទុកដាក់​លើ​សុវត្ថិភាព​ចំណី​អាហារ​របស់​កុមារ លោក ហង់ ជួនណារ៉ុន ក៏​ស្នើ​ដល់​នាយក​សាលា​ឱ្យ​យក​ចិត្ត​ទុកដាក់​លើ​សុវត្ថិភាព​ផ្លូវកាយនិង​ផ្លូវ​ចិត្ត​របស់​កុមារ​ផង​ដែរ។លោក​ស្នើ​ដល់​នាយក​សាលា​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ជា​ប្រចាំ​លើ​ស្ថានភាព​អាគារ​សិក្សា​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​រាង​កាយ​របស់​សិស្សានុសិស្ស។ បន្ថែមពីលើនេះ លោក ហង់ ជួនណារ៉ុនក៏ស្នើដល់នាយកសាលា ឱ្យ​ទប់ស្កាត់​កុំ​អោយ​មាន​បង​តូច​បងធំ​នៅ​ក្នុង​សាលា ដែល​កត្តានេះ​ ជា​ការ​គំរាមកំហែង​ដល់​ផ្លូវចិត្ត​របស់​សិស្សានុសិស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។