អ្នកជំងឺកូវីដជាជនជាតិខ្មែរ ៥នាក់ទៀតបានស្លាប់ និងអ្នកឆ្លងថ្មី ៤៣១នាក់ នៅថ្ងៃទី២០ ខែមេសា។
ទោះជាយ៉ាងណាក្ដី ក្រសួងសុខាភិបាលប្រកាសថា មានអ្នកស្លាប់ដោយសារជំងឺកូវីដតែចំនួន ៤ នាក់ប៉ុណ្ណោះ គឺមានបុរសពីរនាក់ និងស្រី្តពីរនាក់។ ក្រសួង បញ្ជាក់ថា អ្នកស្លាប់ទី១ ជាបុរស អាយុ ៦៥ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយអ្នកស្លាប់ទី២ ជាបុរសអាយុ ៧២ឆ្នាំ រស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ។ អ្នកស្លាប់ទី៣ ជាស្ត្រីអាយុ ៤៨ឆ្នាំរស់នៅខេត្តព្រះសីហនុ និងអ្នកស្លាប់ទី៤ ជាស្ត្រីអាយុ ៤០ឆ្នាំ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ពួកគាត់ទាំង ៤នាក់ បានស្លាប់កាលពីថ្ងៃទី១៩ ខែមេសា ដោយសារវិបត្តិផ្លូវដង្ហើម និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបង្កឡើងដោយវីរុសកូវីដ-១៩។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ប្រកាសបកស្រាយពីករណីស្លាប់ស្ត្រីជនជាតិខ្មែរម្នាក់ទៀតអាយុ ៥៧ឆ្នាំ រស់នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺថា គាត់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនដោយសារជំងឺកូវីដនោះទេ។ ក្រសួងអះអាងថា ស្ត្រីរូបនេះ បានជួបគ្រោះថ្នាក់ចរាចរត្រូវក្បាលធ្ងន់ធ្ងរ ហើយបានចូលព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ កាលពីថ្ងៃទី៣១ ខែមីនា។ ក្រោយមកគ្រូពេទ្យបានពិនិត្យឃើញគាត់ឆ្លងជំងឺកូវីដ-១៩ ក៏បានបញ្ចូនទៅព្យាបាលបន្តនៅមណ្ឌលសុខភាពចាក់អង្រែ នៅថ្ងៃទី១៦ ខែមេសា ប៉ុន្តែដោយសារអ្នកជំងឺមានរបួសក្បាលធ្ងន់ធ្ងរ និងមានជំងឺទឹកនោមផ្អែមប្រចាំកាយផងនោះ គាត់បានស្លាប់នៅថ្ងៃទី១៩ ខែមេសា។
ដោយឡែក ករណីស្លាប់អ្នកជំងឺកូវីដម្នាក់ទៀតឈ្មោះ នូ ចុល ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នោះ ក្រសួងសុខាភិបាល មិនទាន់ចេញប្រកាសព័ត៌មាននៅឡើយ។ បុរសរូបនេះ បានស្លាប់តាំងពីយប់ថ្ងៃទី១៨ ខែមេសា ហើយក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិនាំគ្នាធ្វើបុណ្យសពដោយមិនបានដឹងថា គាត់ឆ្លងជំងឺកូវីដនោះទេ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោក ប្រាក់ វ៉ុន ប្រាប់កាសែតក្នុងស្រុកថា ក្រោយពេលបុរសនេះ បានស្លាប់ ហើយមានការសង្ស័យ ទើបគ្រូពេទ្យយកសំណាកទៅធ្វើតេស្ត កាលពីថ្ងៃទី១៩ ខែមេសា ហើយទទួលលទ្ធផលថា អ្នកស្លាប់វិជ្ជមានជំងឺកូវីដ-១៩ បណ្តាលឲ្យមានការភ្ញាក់ផ្អើល។ ជុំវិញករណីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបិទទីតាំងបីកន្លែងបណ្តោះអាសន្ន គឺមន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង វត្តទួលសទ្ធាសត្ថារាម និងផ្សារព្រៃខ្មែរ ដែលពាក់ព័ន្ធជាមួយនឹងអ្នកជំងឺមុនពេលគាត់ស្លាប់។
ចំណែកករណីអតីតប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុលោក គិន លី បានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមេសានោះ ក្រសួងសុខាភិបាល មិនបានបញ្ចូលក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនទេ។ ទោះជាយ៉ាងណា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីល្ងាចថ្ងៃទី១៩ ខែមេសា បានចេញសេចក្តីជូនដំណឹងថា លោក គិន លី បានស្លាប់ដោយសារជំងឺកូវីដ-19 កាលពីម៉ោង៨ព្រឹកថ្ងៃទី១៩ ខែមេសា។
ចំពោះករណីឆ្លងថ្មី ៤៣១នាក់វិញ ក្រសួងបញ្ជាក់ថា មានពីរនាក់ជាករណីនាំចូល ហើយក្រៅពីនេះ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ដែលភាគច្រើនរកឃើញនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកណ្តាល។ នៅថ្ងៃដដែលនេះ អ្នកជំងឺចំនួន ៣១នាក់ បានជាសះស្បើយ។
គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ៧.៤៤៤នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ៦.៨៩៩នាក់ ហើយអ្នកកំពុងសម្រាកព្យាបាល៤.៨៣៥នាក់។ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ក្រសួងសុខាភិបាល ប្រកាសទទួលស្គាល់ថា មានចំនួន ៤៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។