ក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើកឡើងថា នៅឆ្នាំ២០១៥ នេះ កម្ពុជា បានសម្រេចគោលដៅផ្គត់ផ្គង់វិស័យទឹកស្អាតនៅទីប្រជុំជនទូទាំងរាជធានី-ខេត្តនៃប្រទេសកម្ពុជា រហូត ៨១%។ ទន្ទឹមគ្នានេះ ក្រសួងអះអាងថា ដើម្បីឲ្យប្រជាជនរស់នៅទីប្រជុំជនអាចទទួលបានទឹកស្អាតប្រើប្រាស់រហូត ១០០% ទៅតាមគម្រោងត្រឹមឆ្នាំ២០២៥ នោះ ក្រសួងឧស្សាហកម្ម ដាក់កំហិតឲ្យអ្នកផ្តល់សេវាទឹកស្អាតទាំងអស់ ត្រូវតែចុះឈ្មោះចូលសមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដាក់កំហិតឲ្យអ្នកផ្តល់សេវាទឹកស្អាត ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មទឹកស្អាតទាំងអស់ ត្រូវតែចុះឈ្មោះចូលជាសមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ឲ្យបានត្រឹមចុងឆ្នាំ២០១៥ ជាកំហិត។ ជាងនេះទៀត ក្រសួងអះអាងថា បើអ្នកផ្តល់សេវាទឹកស្អាតណាមួយមិនចូលជាសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា នោះទេ ក្រសួងនឹងមិនផ្តល់អាជ្ញាប័ណ្ណជូន ឬដកអាជ្ញាប័ណ្ណតែម្តង។
ការលើកឡើងរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មនៅពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទ និងការតាំងពិព័រណ៍ទឹកកម្ពុជា លើកទី១ ដែលបានរៀបចំឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា។
ថ្លែងបើកសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ មានប្រសាសន៍ថា ទោះជាការផ្គត់ផ្គង់វិស័យទឹកស្អាតនៅទីប្រជុំជនទូទាំងរាជធានី-ខេត្តនៃប្រទេសកម្ពុជា បានរហូត ៨១% ក្តី ប៉ុន្តែលោកថា នៅតែមានពលរដ្ឋច្រើនលាននាក់ទៀតមិនទាន់ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតទៅដល់ផ្ទះនៅឡើយ។ ហេតុនេះ ក្រសួងត្រូវតែដាក់លក្ខខ័ណ្ឌជាកំហិតដល់អ្នកផ្តល់សេវាទឹកស្អាតនៅកម្ពុជា ទាំងអស់ ត្រូវតែចូលជាសមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម អះអាងថា វិធានការនេះដើម្បីឲ្យការវិយោគសេវាផ្គត់ផ្គង់ទឹកស្អាត អាចធានាបានសុខុមាលភាព អនាម័យ ជីវភាព និងពង្រីកសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសដើម្បីឲ្យបច្ចេកទេសផលិតទឹកស្អាតមានកម្រិតស្តង់ដារ៖ «បើអត់ទាន់ក្លាយជាសមាជិកសមាគមនេះ គ្មានសិទ្ធិទទួលបានអាជ្ញាប័ណ្ណដំណើរការទឹកស្អាតនោះទេ យើងត្រូវតែចាប់បង្ខំចឹងហ្មង ចឹងបើអ្នកផ្តល់សេវាទឹក អត់ព្រមចូលជាសមាជិកសមាគមគ្មានថ្ងៃដឹងពីបញ្ហា និងដំណោះស្រាយក្នុងវិស័យទឹកស្អាតទេ»។
ជាងនេះទៀត ដើម្បីជំរុញឲ្យវិស័យទឹកស្អាតនៅកម្ពុជា មានការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព ជាពិសេសដើម្បីបំពេញតម្រូវការប្រើប្រាស់ទឹកស្អាត និងទឹកមានសុវត្ថិភាពប្រកបដោយតម្លៃ សមស្របសម្រាប់ពលរដ្ឋទូទាំងប្រទេស ក្រសួងនឹងខិតខំដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យទឹកស្អាត ដែលអាចឈានទៅទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នៅឆ្នាំ២០២៥។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា លោក អ៊ុន យុទ្ធី បានឲ្យដឹងដែរថា អ្នករកស៊ីផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា កំពុងប្រឈមខ្លាំងនឹងបញ្ហាទុន បច្ចេកទេស តម្លៃមិនទាន់កំណត់ត្រូវស្តង់ដារ និងបញ្ហាធនធានមនុស្ស។ ជាងនេះទៀត លោកថា បច្ចុប្បន្ន កម្ពុជា មានអ្នកផ្គត់ផ្គង់សេវាទឹកស្អាតជិត ២០០ស្ថាប័ន ប៉ុន្តែមានជិត ១០០ស្ថាប័នប៉ុណ្ណោះដែលបានចូលជាសមាជិកសមាគម។ លោកគាំទ្រវិធានការក្រសួង ព្រោះធ្វើឲ្យអ្នកផ្គត់ផ្គង់ទឹកស្អាតទាំងអស់ ទទួលផលចំណេញច្រើន៖ «ករណីយើងនៅតែម្នាក់ឯង មិនព្រមចូលសមាគម យើងជួបឧបសគ្គច្រើនណាស់ ទាំងដំណើរការទទួលអាជ្ញាប័ណ្ណ និងឧបសគ្គដទៃទៀត តែបើយើងចូលសមាគម សមាជិកសមាគមគេមានអ្នកជំនាញ និងធនធានមនុស្ស។ គេអាចជួយដោះស្រាយបញ្ហាប្រឈមយើងបាន»។
ចំណែកឯអ្នកផ្គត់ផ្គង់ទឹកស្អាតឯកជនមកពីខេត្តកំពង់ចាម លោក យឹម សំអឿន និយាយថា ការយឺតយ៉ាវចូលជាសមាជិកសមាគម ដោយសារមិនទាន់បានរៀបចំបណ្ដាញទឹកស្អាតបានត្រឹមត្រូវ និងមិនទាន់ទទួលបានអាជ្ញាប័ណ្ណ ពិសេសកង្វះការផ្សព្វផ្សាយពីស្ថាប័នពាក់ព័ន្ធ៖ «ពេលណាខ្ញុំបានអាជ្ញាប័ណ្ណ ខ្ញុំនឹងចូលជាសមាជិកសមាគមភ្លាម»។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម អះអាងថា បើអ្នកផ្តល់សេវាទឹកស្អាត និងក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលទាំងអស់ចូលជាសមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ក្រសួងរំពឹងថា នៅឆ្នាំ២០១៨ ប្រជាជនរស់នៅទីប្រជុំជន ៨៥% នឹងទទួលបានទឹកស្អាតប្រើប្រាស់។ ជាងនេះទៀត ក្រសួងឲ្យដឹងថា ក្រសួងនឹងខិតខំរៀបចំផែនការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនទូទាំងរាជធានី ដែលមានសមត្ថភាពផលិតទឹកបាន ១៥០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
