អ្នក​ជំនាញ​សុខភាព​រំឭក​សាធារណជន​កុំ​ឱ្យ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក

0:00 / 0:00

ចូល​ឆ្នាំ គឺ​ជា​ពិធី​បុណ្យ​ធំ​មួយ​របស់​ជាតិ ជា​ឱកាស​ដែល​ពលរដ្ឋ​ឈប់​សម្រាក​ពី​ការងារ ជួប​គ្រួសារ និង​ធ្វើ​ដំណើរ​ទៅ​កន្លែង​កម្សាន្ត​ផ្សេងៗ ហើយ​ក៏​ជា​ឱកាស ពេញ​និយម​ក្នុងកា​រ​ទទួលទាន​គ្រឿង​ស្រវឹង។ ករណី​នេះ​អ្នក​ជំនាញ​សុខភាព​រំឭក​ដល់ ពលរដ្ឋ​កុំ​ឱ្យ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ជួប​គ្រោះថ្នាក់​ផ្សេងៗ។

អ្នក​ជំនាញ​ផ្នែក​សុខភាព​ក្រើន​រំឭក​ដល់​សាធារណជន​ឱ្យ​ពិចារណា​ថ្លឹងថ្លែង​កុំ​ទទួល​គ្រឿង​ស្រវឹង​ច្រើន​ហួស​ហេតុ​ពេក​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ទាំង​បច្ចុប្បន្ន និង​ថ្ងៃ​អនាគ។

វេជ្ជបណ្ឌិត គួច ម៉េងលី ចាត់​ទុក​ការ​ទទួលទាន​គ្រឿង​ស្រវឹង គឺ​ជា​ការ​ចំណាយ​លុយ​ឱ្យ​អ្នក​ដទៃ​មាន​បាន ហើយ​ធ្វើ​ឱ្យ​ខ្លួន​ឯង​ធ្លាក់​ខ្លួន​ឈឺ។

វេជ្ជបណ្ឌិត គួច ម៉េងលី៖«ខ្ញុំ​សង្ឃឹម​ថា​ ប្រជា​ពលរដ្ឋ​យើង​កុំ​ចំណាយ​លុយ​ឱ្យ​គេ​មាន​ដោយ​សារ​គ្រឿង​ស្រវឹង​ហ្នឹង​ទី១​ធ្វើ​ឱ្យ​គេ​មាន​ហើយ​យើង​ក្រ​ខ្លួន​ជា​រឿង​មួយ​ប៉ុន្តែ​ធ្វើ​ឱ្យ​យើង​មាន​ជំងឺ​រ៉ាំ​រ៉ៃ​»។សំឡេងទី១

លោក គួច ម៉េងលី បន្ត​ថា ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ក្រៅ​ពី​ប៉ះពាល់ នៅ​ពេល​បច្ចុប្បន្ន ក៏​ធ្វើ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ក្រ​លំបាក​វេទនា​ទៀត​ផង។

វេជ្ជបណ្ឌិត គួច ម៉េងលី៖ « ពិបាក​ដល់​កូន​ចៅ​ជំនាន់​ក្រោយ ព្រោះ​ភាគ​ច្រើន​ស្លាប់​ដោយ​សារ​ជំងឺ​ក្រលៀន ជំងឺ​ថ្លើម ដែល​ជា​ទូទៅ ជំងឺ​ហ្នឹង​ធ្វើ​ឱ្យ​យើង​រ៉ាំ​រ៉ៃ​មុន​ស្លាប់។ វេទនា​អ៊ីចឹង​ធ្វើ​ឱ្យ​បង​ប្អូន​កូន​ចៅ​យើង​លក់​ដី​ធ្លី​អស់ ហើយ​ថ្ងៃ​ក្រោយ​កំព្រា​ឪ​ពុក​ម្ដាយ​គួរ​ឱ្យ​សោក​ស្ដាយ​ គួរ​ឱ្យ​អភ័ព្វ​ណាស់ »

ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​សម័យ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​សុខភាព និង​សង្គម មើល​ឃើញ​ថា ហាក់​កំពុង​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ក្នុង​ន័យ​គ្រាន់តែ​ជា​ពិធី​កម្សាន្ត សប្បាយ​ទៅ​តាម​ការ​នឹក​ឃើញ​រៀងៗ ខ្លួន​ច្រើន​ជាង​ការ​ប្រារព្ធ​ពិធី​ផ្សេងៗ តាម ប្រពៃណី​ជាតិ។ទិដ្ឋភាព​ជាក់​ស្ដែង ទាំង​នៅ​ទី​ប្រជុំ​ជន និង​ជនបទ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន ពុំ​សូវ​ទៅ​ជួបជុំ​ធ្វើ​បុណ្យទាន និង​លេង​ល្បែង​ប្រជាប្រិយ រួម​ទាំង​រាំ​លេង​តាម​ចង្វាក់​ប្រពៃណី​ជាតិ នៅ​តាម​ទី​វត្ត​អារាម​ទេ គឺ​ភាគ​ច្រើន​ប្រជាពលរដ្ឋ តែងតែ​ជួបជុំ​ទទួលទាន​សាច់​ក្លែម និង​ផឹក​គ្រឿង​ស្រវឹង​តាម​ផ្ទះ​រៀងៗ ខ្លួន ឬ​តាម​កន្លែង​កម្សាន្ត​នានា។

អ្នកជំនាញ​ផ្នែក​សុខភាព និង​សង្គម ចាត់ទុកថា ឥរិយាបថ​អវិជ្ជមាន​បែប​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្តសញ្ញាណ​សម្គាល់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង ទំនៀមទម្លាប់ វប្បធម៌​ដ៏​ល្អ​របស់​ខ្មែរ ហើយ​នឹង​ធ្វើ​ឲ្យ​ពិធី​កម្សាន្ត​សប្បាយ ច្រើន​តែ​ក្លាយ​ជា​ជម្លោះ កាប់​ចាក់​គ្នា និង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ក្លាយ​ទៅ​ជា​ថ្ងៃ​កាន់​ទុក្ខ នា​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​នេះ។

ចំណែក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជា​អ្នក​ផ្សព្វផ្សាយ​អប់រំ​ពី​ប្រវត្តិសាស្ត្រ និង​សីលធម៌​សង្គម​ចាត់​ទុក​ថា ការ​ទទួល​គ្រឿង​ស្រវឹង​ក្នុង​វត្តអារាម រួម​ទាំង​សកម្មភាព មិន​សមរម្យ​មួយ​ចំនួន​ទៀត ដែល​សាធារណជន​ចាត់​ទុក​ជា​ការ​សប្បាយ​ក្នុង​ពេល​ចូល ឆ្នាំ​នោះ​ថា កំពុង​បំផ្លាញ​វប្បធម៌​បន្សល់​ទុក​ពី​ដូនតា។

លោក សំបូរ មាណ្ណារ៉ា៖ « អា​រាំ​នៅ​ក្នុង​វត្ត​នោះ​ផឹក​ប៊ីយែរ​នោះ​ វត្ត​នីមួយៗ​យើង​ឱ្យ​លេង​ល្បែងរបាំ​ ប៉ុន្តែ​មិន​ត្រូវ​ឱ្យ​ផឹក​ប៊ីយែរ​ឱ្យ​រាំ​ទេ​។ អា​ហ្នឹង​បំផ្លាញ​ទេ ? បំផ្លាញ​សង្គម​ទេ ?​ យើង​ត្រូវ​ពិនិត្យ​មើល​។ អា​ជិះ​ម៉ូតូ​ដេញ​បាច​ទឹក​ ដេញ​ប៉ាត​ម្សៅ​ ហើយ​កាប់​ចាក់​នោះ​អា​ហ្នឹង​ជា​អំពើ​អាក្រក់​ទេ

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត​ឈាន​ដល់​បាត់​ម្ចាស់ការ​លើ​ខ្លួន​ឯង​នោះ ក្រៅពី​ធ្វើ​ឱ្យ​ខូច​សុខភាព និង​ការ​បង្ក​ជម្លោះ​កើត​ជា​អំពើ​ហិង្សា​នោះ ការ​បង្ក​គ្រោះថ្នាក់ ចរាចរណ៍​ក៏​ជា​មូលហេតុ​មួយ ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ។

របាយការណ៍​សិក្សា​រួម​គ្នា​រវាង​សកលវិទ្យាល័ Oxford របស់​អង់គ្លេស និង​សកលវិទ្យាល័យ Peking របស់​ចិន ចេញ​ផ្សាយ​នៅ​ឆ្នាំ២០១៩ បង្ហាញ​ថា ការ​ទទួលទាន​គ្រឿង​ច្រើន​អាច​បង្ក​ឱ្យ​កើត​ជំងឺ​ជាង ២០០ប្រភេទ។ ក្នុង​ចំណោម​ជំងឺ​ទាំង​ជាង ២០០ប្រភេទ​នោះ រួមមាន មហារីក​មាត់ មហារីក​ដោះ និង​មហារីក​ក្រពះ​ពោះវៀន​ជា​ដើម។

រីឯ​របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បង្ហាញ​ថា ក្នុង​ឆ្នាំ២០២២ គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ជិត ៣ពាន់​ករណី បណ្ដាល​ឱ្យ​មាន​មនុស្ស ស្លាប់ជាង១ ៧០០នាក់។ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​វ៉ា​ប្រជែង មិន​ប្រកាន់​ស្ដាំ និង​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង។



ចំណែកពេលចូលឆ្នាំខ្មែរ៣ថ្ងៃក្នុងឆ្នាំ២០២២គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមានអ្នកស្លាប់២៧នាក់និងរបួស៨០នាក់៕