មន្រ្តីសិទ្ធិមនុស្ស និងសហជីពស្នើឲ្យអាជ្ញាធរស៊ើបអង្កេតដោយឯករាជ្យ លើបនល្បែងអនឡាញដែលឲ្យបុគ្គលិកធ្វើការទាំងផ្ទុះរាលដាលជំងឺកូវីដ-១៩ ពេញកាស៊ីណូ។ សារនេះធ្វើឡើក្រោយបនល្បែងស៊ីសងអនឡាញមួយរបស់ថៅកែចិន ឈ្មោះ ឌឹសិនឆឺរី (the Century) នៅខេត្តព្រះសីហនុ ផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងបុគ្គលិកជាង ៤០០ នាក់ និងស្លាប់ម្នាក់។
មន្រ្តីសិទ្ធិមនុស្ស និងតំណាងសហជីពដាក់ការសង្ស័យទៅលើអាជីវកម្មបនល្បែងស៊ីសងអនឡាញ ដែលនៅតែអាចបើកដំណើរការបានបើទោះបីជារដ្ឋាភិបាលបានប្រកាសឲ្យបិទទម្រង់អាជីវកម្មទាំងនេះ តាំងពីឆ្នាំ ២០០៩។
បើតាមសារាចរណែនាំ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ រដ្ឋាភិបាលត្រូវបញ្ឈប់ការផ្តល់គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក តាមអ៊ិនធើណិតអនឡាញ ក្នុងនៅក្រៅប្រទេស នៅកម្ពុជាចាប់ថ្ងៃចុះហត្ថលេខានោះតទៅ។
បន្ថែមលើសារាចរណែនាំនេះ ក្រោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីដើមឆ្នាំ២០២០ មក បនល្បែងកាស៊ីណូជាច្រើន ត្រូវបានបញ្ជាឲ្យផ្អាកដំណើរការ។ ប៉ុន្តែបុគ្គលិកនៅបនល្បែងស៊ីសងតាមអនឡាញ ឌឹសិនឆឺរី (the Century) នេះអះអាងថា បនល្បែងស៊ីសងរបស់ថៅកែចិននេះ មិនដែលផ្អាកដំណើរការម្តងណាទេ ក្នុងរយៈពេលជាង ៥ឆ្នាំចុងក្រោយនេះ។

ជាងនេះទៅទៀតជាងពីរឆ្នាំចុងក្រោយនេះ ពោលគឺតាំងពីរដ្ឋាភិបាលចេញសារាចរណែនាំឲ្យបិទបនល្បែងស៊ីសងអនឡាញ កាស៊ីណូ ឌឹសិនឆឺរី នៅតែអាចបើកដំណើរការធម្មតា ថែមទាំងបង្ខាំងបុគ្គលិកមិនឲ្យចេញក្រៅក្នុងរយៈពេលនេះទៀតផង។ តំណាងបុគ្គលិកម្នាក់ បានបង្ហោះសារវីដេអូផ្សាយផ្ទាល់តាមហ្វេសប៊ុកឈ្មោះ ដួង ច័ន្ទស្រីពៅ កាលពីថ្ងៃទី៣០ ខែកញ្ញា រៀបរាប់ទាំងទឹកភ្នែក អំពីការដែលត្រូវនៅជាប់គាំងក្នុងបនល្បែង មិនអាចចេញទៅក្រៅបាន សូម្បីតែទៅជួបឳពុកម្តាយអស់រយៈពេលជាង ២ ឆ្នាំមកនេះ។
ស្រ្តីរូបនេះបន្ថែមថា អ្វីដែលគួរឲ្យឈឺចាប់ជាងនេះនោះ គឺភាពខ្វះការយកចិត្តទុកដាក់ពីថៅកែកាស៊ីណូ និងអាជ្ញាធរសុខាភិបាល ពេលពួកគាត់ធ្លាក់ខ្លួនឈឺដោយជំងឺកូវីដ-១៩៖ «ពួកខ្ញុំពីរឆ្នាំហើយ ដែលពួកខ្ញុំមិនអាចទៅគ្រួសារខ្ញុំបាន។ ឳពុកម្តាយបងប្អូនសាច់ញាតិ ខ្ញុំដែលឃើញមុខពួកគាត់ឬអត់ ? ខ្ញុំមិនដែលឃើញមុខពួកគាត់ទេ ព្រោះអីពីរឆ្នាំនេះ ខ្ញុំមិនដែលបានចេញទៅក្រៅ។ ខ្ញុំធ្វើតាមអ្វីដែលក្រុមហ៊ុន បានប្រាប់ពួកខ្ញុំ។ តែចុងក្រោយពេលពួកខ្ញុំកើតកូវីដ អត់មានពេទ្យប្រចាំការនៅហ្នឹង ! ហើយដល់មានអ្នកស្លាប់ទៀត គ្មានអ្នកអើពើ។ តើរឿងហ្នឹងវាយ៉ាងម៉េច?»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុអ្នកស្រី ជៀប សុធារី ក៏ងឿងឆ្ងល់ដែរ ថាហេតុដូចម្តេច បានជាបនល្បែងស៊ីសងអនឡាញនេះ នៅតែអាចបើកដំណើរការបាន បើទោះបីជារដ្ឋាភិបាលឲ្យបិទយូរហើយ។
ម្យ៉ាងទៀតអ្នកស្រីឆ្ងល់ដែរថា តំបន់កាស៊ីណូ ឌឹសិនឆឺរីនេះ ធ្លាប់ស្ថិតក្នុងតំបន់ក្រហមទៅទៀត ប៉ុន្តែហេតុដូចម្តេចក៏នៅតែអាចបើកដំណើរការបានរហូតមក។ អ្នកស្រីថា ការបើកបនល្បែងស៊ីសងអនឡាញ គឺជាការបំពានសារាចរណ៍ណែនាំរបស់រដ្ឋាភិបាលមួយទៅហើយ ចុះបើមានការបង្ខាំងបុគ្គលិក ដូចការអះអាងរបស់បុគ្គលិកទៅទៀតនោះ វារឹតតែជាការបំពានមួយជាន់ទៀតទៅហើយ។ នេះនៅមិនទាន់គិតដល់ការបំពានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នោះផង ព្រោះក្រោយបុគ្គលិកឆ្លងជំងឺកូវីដ-១៩ រាប់រយនាក់ទៅហើយ កាស៊ីណូនេះនៅតែឲ្យបុគ្គលិកបន្តធ្វើការតទៅទៀត។ អ្នកស្រីស្នើឲ្យអាជ្ញាធរ ស៊ើបអង្កេតករណីទាំងនេះ ឲ្យបានស៊ីជម្រៅ និងចាប់ជនដែលប្រព្រឹត្តល្មើស និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យទទួលទោសនៅចំពោះមុខច្បាប់៖ «ខ្ញុំសំណូមពរឲ្យអាជ្ញាធរ និងសមត្ថកិច្ចហ្នឹងមេត្តាសិក្សាស្រាវជ្រាវអំពីរឿងនេះ ព្រោះសមត្ថកិច្ចនិងអាជ្ញាធរលោកមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចុះទៅសិក្សាស្រាវជ្រាវ មើលថាតើកាស៊ីណូ ឌឹសិនឆឺរីនេះ ពិតជាមានការបង្ខំឲ្យបុគ្គលិករបស់ខ្លួន បន្តធ្វើការងារតទៅទៀត សម្រាប់អ្នកមិនផ្ទុកនូវជំងឺកូវីដ - ១៩»។
មន្រ្តីសហជីពក៏ងឿងឆ្ងល់អំពីការបណ្ដែតបណ្តោយឲ្យបនល្បែងស៊ីសងអនឡាញនេះ បើកដំណើរការបាននៅក្បែរច្រមុះអភិបាលខេត្ត ទោះបំពានបម្រាមរបស់រដ្ឋាភិបាល។ ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជាលោក ម៉ម រិទ្ធី ថាខាងបុគ្គលិកកាស៊ីណូ បានប្រាប់លោក ថាអ្នកគ្រប់គ្រងកាស៊ីណូនេះ ដឹងខ្លួនថា បើកអាជីវកម្មនេះខុសច្បាប់ដែរ ប៉ុន្តែនៅតែបើកទាំងបំពាន និងអាចគេចរួចពីសំណាញ់ច្បាប់បានរហូត ព្រោះថៅកែដូចជាបានដឹងមុនរហូត ឲ្យតែមានអាជ្ញាធរមានសមត្ថកិច្ច ចុះទៅពិនិត្យមើលទីតាំងនោះម្តងៗ៖ «ហើយរឿងផ្ទៃក្នុងមួយទៀត ដែលពួកគាត់ប្រាប់ខ្ញុំហ្នឹង ថាមានពេលខ្លះ ពេលគេចុះឆែកគាត់រើតុរើអីបិទទុកចោលទៅ។ ម្ង៉ៃហ្នឹងដូចជាបិទកាស៊ីណូ។ ប៉ុន្តែបន្ទាប់ពីគេចេញទៅផុត គាត់បើកវិញហើយ។ អាហ្នឹងអ្វីដែលកម្មករប្រាប់ខ្ញុំ។ ដូច្នេះយើងមើលចំណុចហ្នឹង វាចំណុចមួយបំបាំងភ្នែក បានន័យថាតាំងពីរដើមមក គាត់បើករហូត ៥ទៅ៦ឆ្នាំមកនេះ គាត់បើករហូត»។
មន្រ្តីសហជីពរូបនេះសង្ស័យថា មានមន្រ្តីជាច្រើនពាក់ព័ន្ធក្នុងការបិទបាំងព័ត៌មាននេះ ព្រោះបើទោះបីជាកាស៊ីណូនេះ បើកដោយខុសច្បាប់ឬយ៉ាងណាក្ដី ការណ៍ដែលមានបុគ្គលិកបម្រើការរហូតជាង ៤០០ នាក់យ៉ាងនេះ ច្បាស់ជាខាងមន្រ្តីក្រសួងការងារ ក៏ត្រូវដឹងរឿងនេះដែរហើយ៖ «ឥឡូវយើងអត់ដឹងថាគាត់បានចុះជាមួយមន្ទីរការងារ ឬក្រសួងការងារយ៉ាងម៉េច ហើយប្រើលក្ខខណ្ឌការងារយ៉ាងម៉េច យើងអត់ដឹងទាំងអស់!»។
បញ្ហាសិទ្ធិការងារនេះ កំពុងចោទជាបញ្ហាមួយជាន់ទៀត ដោយសារតែបុគ្គលិកម្នាក់បានស្លាប់។ ប៉ុន្តែមិនដឹងខាងណាជាអ្នកទទួលខុសត្រូវសម្រាប់ការផ្តល់សំណងដល់គាត់ ដោយសារតែគាត់ស្លាប់ដោយសារកើតជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ។
កាស៊ីណូអនឡាញចិន ឌឹសិនឆឺរី មានទីតាំងនៅភូមិ ៥ សង្កាត់លេខ ៤ ខេត្តព្រះសីហនុ មានចំនួនកម្មករបុគ្គលិកបម្រើការសរុប ៤៣៧នាក់។ បុគ្គលិកក្រុមហ៊ុននេះ អះអាងថា កម្មករទាំងអស់ឆ្លងជំងឺនេះ។
ការផ្ទុះរាលដាលជំងឺនេះផ្តើមដំបូងពីថ្ងៃទី២៣ ខែកញ្ញា ក្រោយបុគ្គលិកម្នាក់ទៅភ្នំពេញ ធ្វើតេស្តរកឃើញថា មានផ្ទុកជំងឺនេះ។ ភ្លាមនោះអ្នកគ្រប់គ្រងកាស៊ីណូ បានធ្វើតេស្តរហ័សលើបុគ្គលិក និងរកឃើញបុគ្គលិកជាច្រើនផ្ទុកជំងឺនេះ។ ប៉ុន្តែកាស៊ីណូនេះ នៅតែបន្តបើកដំណើរការរហូត និងឲ្យបុគ្គលិកបន្តធ្វើការទាំងឈឺ។ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ក្រោយបុគ្គលិកម្នាក់ស្លាប់ដោយសារជំងឺនេះ ទើបបែករឿង។ ពេលនោះគេឃើញអាជ្ញាធរចុះមកបញ្ជាឲ្យផ្អាកអាជីវកម្មនេះសិន។
មន្រ្តីសហជីពមួយរូបទៀត ថាលោកហួសចិត្ត ដែលចំនួនបុគ្គលិកឆ្លងជំងឺនេះកើតឡើងទៅហើយ ខាងកាស៊ីណូនៅតែបើកដំណើរការទៀត។ ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ថានេះជាការបំពានធ្ងន់ធ្ងរលើច្បាប់ស្តីពីកូវីដ-១៩ និងប្រមាថសុខភាព សុវត្ថិភាព និងអាយុជីវិតបុគ្គលិកកាស៊ីណូនោះ៖ «វាមិនគួរឲ្យជឿហ្នឹង គឺនៅពេលមានចំនួនហ្នឹងកើតឡើងហើយ ចំនួនកូវីដកើតឡើយហើយ នៅតែអនុញ្ញាតឲ្យធ្វើការទៀត បើតាមច្បាប់កូវីដនេះ មិនត្រឹមតែរឿងថាដឹងហើយ មិនប្រាប់គេ ឬក៏ទៅចម្លងគេហ្នឹងមានទោស ហើយនេះមានន័យថាដឹងហើយឆ្លងហើយឲ្យធ្វើការទៀត អាហ្នឹងចង់និយាយថាត្រួតលើត្រួតហើយ»។
ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មាត្រា ៩ និង ១០ ចែងអំពីបទល្មើសចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ និងបទមិនគោរពវិធានការរដ្ឋបាល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ២០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ២០ លានរៀល។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភិរម្យបាននៅឡើយទេ មកត្រឹមការផ្សាយនេះ ដោយសារលោកមិនលើកទូរស័ព្ទ។

ទោះជាយ៉ាងនេះក្ដី រដ្ឋបាលខេត្តព្រះសីហនុ ចេញ សេចក្តីជូនដំណឹងកាលពីថ្ងៃទី២៧ ខែកញ្ញា ថានឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់កាស៊ីណូ ដែលមានការពាក់ព័ន្ធទោះក្នុងរូបភាពដោយប្រយោល ឬដោយផ្ទាល់ក្ដី ទៅលើការបង្ខំឱ្យមនុស្សធ្វើការជាដើម។ រដ្ឋបាលខេត្តនេះបន្តថា ក្នុងករណីម្ចាស់ កាស៊ីណូប្រព្រឹត្តបទល្មើសដូចមានចែងខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្អាកទីតាំងអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសបុគ្គល ដែលមានការពាក់ព័ន្ធ ស្របតាមច្បាប់ជាធរមាន ព្រមទាំងស្នើសុំរដ្ឋាភិបាលដើម្បីលុបអាជ្ញាប័ណ្ណអាជីវកម្មជាស្ថាពរ។
ស្របពេលដែលអាជ្ញាធរប្តេជ្ញាចិត្តបែបនេះ បុគ្គលិកកាស៊ីណូជាច្រើនរងការគម្រាមកំហែង ឲ្យលុបវីដេអូផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុក ដែលរាយការណ៍អំពីការមិនយកចិត្តទុកដាក់របស់អាជ្ញាធរលើបញ្ហាពួកគាត់នោះ។
ទោះបីយ៉ាងណា បុគ្គលិកទាំងនោះ ប្រកាន់ជំហរថា មិនលុបវីដេអូនោះទេ ព្រោះពួកគាត់និយាយតែការពិត។ ក្រោយបុគ្គលិកទាំងនេះមិនព្រមធ្វើតាមការចង់បានរបស់អាជ្ញាធរ មានបុគ្គលិកមួយក្រុមផ្សេងទៀត ដែលស្ថិតក្នុងក្រុមអ្នកគ្រប់គ្រងក្រុមហ៊ុន និងជាអ្នកកាន់ជើងខាងថៅកែ បានបង្ហោះ វីដេអូមួយ កាលពីថ្ងៃទី៣ ខែតុលា ដើម្បីបន្សាបព័ត៌មានរបស់ក្រុមបុគ្គលិកដែលរងគ្រោះពិតប្រាកដ។ វីដេអូនោះត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ យកមកបង្ហោះលើហ្វេសប៊ុករបស់ខ្លួន។
យ៉ាងណាក៏ដោយចុះ ក្រុមសង្គមស៊ីវិល ទាមទារឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតបនល្បែងកាស៊ីណូ ឌឹសិនឆឺរី (the Century) ជាបន្ទាន់ដើម្បីលាតត្រដាងការពិតដល់ពលរដ្ឋខ្មែរពីបញ្ហានានាដែលបានលើកឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។