លោក ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​ពង្រឹង​សេវា​សុខាភិបាល​គ្រប់​កន្លែង

ដោយ ថា ថៃ
2024.03.19
លោក ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​ពង្រឹង​សេវា​សុខាភិបាល​គ្រប់​កន្លែង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី១៩ មីនា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក កំពុង​យកចិត្តទុកដាក់​ពង្រឹង​វិស័យ​សុខាភិបាល​គ្រប់​កម្រិត​បន្ថែម​ទៀត​ដើម្បី​ធានា​ថា ពលរដ្ឋ​គ្រប់រូប ទទួល​បាន​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង មិន​រំពឹង​ថា លោក ហ៊ុន ម៉ាណែត អាច​ជំរុញ​សេវា​សុខភាព​សាធារណៈ​ឲ្យ​កាន់តែ​ប្រសើរ​នោះ​ទេ។

ថ្វី​ត្បិត​បញ្ហា​គុណភាព​សុខាភិបាល​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ក្តី ក៏​លោក ហ៊ុន ម៉ា​ណែ​ត នៅតែ​កោតសរសើរ​សមត្ថភាព​គ្រូពេទ្យ​នៅ​កម្ពុជា​ដែរ​។ ប៉ុន្តែ​លោក ក៏​មិន​ភ្លេច​ជំរុញ​ឲ្យ​ក្រសួងសុខាភិបាល បន្ត​ពង្រឹង​វិស័យ​សុខាភិបាល​បន្ថែម ទៀត​ដោយ​ឈរ​លើ​អភិក្រម​ចំនួន​ពីរ គឺ​ពីក្រោម​ឡើងលើ និង​ពីលើ​ចុះក្រោម។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​និង​លើក​ទិសដៅ​ការងារ​ក្រសួងសុខាភិបាល នៅ​ល្ងាច​ថ្ងៃទី​១៩ មីនា លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​ពង្រឹង​មណ្ឌល​សុខភាព​ពីក្រោម​ទៅលើ​នោះ គឺជា​ការ​ពង្រឹង​សេវា​ព្យាបាល​កម្រិត​ស្រាល​នៅ​ថ្នាក់​មូលដ្ឋាន សេវា​បឋម សេវា​បញ្ជូន ជ្រើសរើស​គ្រូពេទ្យ ពង្រឹងគុណភាព​ថ្នាំ និង​បរិក្ខារ​ពេទ្យ​ជាដើម​។​ចំណែក ការ​ពង្រឹង​ពីលើ​ចុះក្រោម​វិញ គឺ​ការ​ធ្វើ​ទំនើបកម្ម​ឧបករណ៍​ពេទ្យ និង​ការ​ធ្វើ​ពិពិធ​កម្ម​សមត្ថភាព​គ្រូពេទ្យ​នៅ​ថ្នាក់​ជាតិ តំបន់ និង​ថ្នាក់​ខេត្ត​ដើម្បី​ព្យាបាល​ជំងឺ​កម្រិត​ខ្ពស់។

លោក ហ៊ុន ម៉ាណែត៖ «អភិក្រម​ពីរ​នេះ​ត្រូវ​ដើរ។ ពង្រឹង​មូលដ្ឋាន យើង​ពង្រឹង​ពីក្រោម យើង​មិន​ចាំបាច់​ពង្រឹង​ថ្នាក់​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​បឋម​ទេ​។ តែ​ផ្ដោត​ទៅ​លើ​ទំនើបកម្ម និង​ពិពិធកម្ម​សមត្ថភាព»

ក្នុង​ពិធី​នោះ លោក ហ៊ុន ម៉ាណែត ក៏​បង្ហាញ​ពី​បំណង​បង្កើត​មន្ទីរពេទ្យ​តំបន់​នៅ​កន្លែង​ផ្សេងៗ​ទៀត​ដើម្បី​ធានា​ផ្តល់​សេវា​សុខភាព​ល្អ ជូន​ពលរដ្ឋ​គ្រប់រូប​ដោយ​មិន​ទុក​អ្នកណាម្នាក់​ចោល។ លើស​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​អំពាវនាវ​កុំ​ឲ្យ​មានការ​រិះគន់​គ្រូពេទ្យ​ទូទៅ ដោយ​គ្រាន់​តែ​ឃើញ​គ្រូពេទ្យ​ម្នាក់​ឬ​ពីរ​នាក់​មិនល្អ។

បើ​ទោះ​បី​ជា​លោក ហ៊ុន ម៉ាណែត និយាយ​បែប​ណា​ក្តី ក៏​ពលរដ្ឋ​ភាគច្រើន សុទ្ធតែ​បានដឹង​អំពី​គុណភាព​នៃ​ការ​ព្យាបាល​ជំងឺ​ដោយ​គ្រូពេទ្យ​ក្នុង​ស្រុក។ កាល​ពី​ថ្ងៃទី​២៦ ខែ​មករា កន្លង​ទៅ បុរស​ម្នាក់​បាន​ស្លាប់ ដោយ​គ្រួសារ​របស់​អ្នកជំងឺ​បាន ចោទ​ថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត ឬ​ហៅថា​ពេទ្យ​រុស្ស៊ី បាន​ទុក​អ្នកជំងឺ​ចោល ជាច្រើន​ម៉ោង ដោយ​គ្មាន​ការសង្គ្រោះ​បឋម គ្មាន​ពេទ្យ​ប្រចាំការ​គ្រប់គ្រាន់ និង​តម្រូវ​ឲ្យ​បង់លុយ​ជាមុន។ រឿង​ដែល​ហួសចិត្ត​ទៀត​នោះ នៅ​ពេល​គ្រួសារ​ស្នើសុំ​ពេទ្យ​យក​អ្នកជំងឺ​ចេញទៅ​ព្យាបាល​បន្ត នៅ​វៀតណាម បែរជា​ខាង​ឡាន​សាមុយ​ពេទ្យ​រុស្ស៊ី បាន​រារាំង​រហូត​ទាល់តែ​អ្នកជំងឺ​បាត់បង់​ជីវិត។ រឿង​គ្រូពេទ្យ​សម្ដី​គំរោះគំរើយ មើល​លុយ​មុន​នឹង​ព្យាបាល ហើយ​ព្យាបាល​ដោយ​ធ្វេសប្រហែស និង​គ្មាន​គុណភាព​នេះ តែង​កើត​ឡើងជា​ញឹកញាប់​។ កាល​ពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ កម្មការិនី​រោងចក្រ​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺរាំរ៉ៃ​រយៈពេល​៤​ខែ ដោយសារ​គ្រូពេទ្យ វះកាត់​យក​កូន​ចេញ​ខុស​បច្ចេកទេស។ គ្រូពេទ្យ​បាន​ច្រឡំ​កាត់​ពោះវៀន​ម្តាយ​ថា ជា​ទងសុក​ទារក។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ រដ្ឋ​វ៉ិកតូរីយ៉ា លោក អ៊ិន ហេមរ៉ា ចាត់ទុក​ប្រសាសន៍​របស់​លោក ហ៊ុន ម៉ាណែត ថា ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព និង​មិន​អាច​ជំរុញ​សេវា​សុខភាព​សាធារណៈ​ឲ្យ​កាន់តែ​ប្រសើរ​នោះ​ទេ។ លោក​យល់​ឃើញ​ថា ចំណុច​សំខាន់​ដែល​ត្រូវ​ដោះស្រាយ​នោះ គឺ​ការ​លុបបំបាត់​អំពើពុករលួយ ពង្រឹង​សីលធម៌ និង​ពង្រឹងសមត្ថភាព​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​។​លើស​ពី​នេះ លោក​ជំរុញ​ឲ្យ​មន្ត្រីរាជការ​និង​គ្រួសារ​អ្នកកាន់អំណាច​ទាំងអស់ ឈប់​ទៅ​ស្វែងរក​សេវា​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស ហើយ​ងាក​មក​ទទួល​សេវា​ព្យាបាល​តាម​ពេទ្យ​រដ្ឋ​ក្នុងស្រុក​វិញ ក៏​នឹង​ជួយ​កែលំអ​វិស័យ​សុខាភិបាល​ដែរ។

លោក អ៊ិន ហេមរ៉ា៖ «បើ​យើង​ប្រៀបធៀប​មន្ទីរពេទ្យ​រដ្ឋ និង​មន្ទីរពេទ្យ​គន្ធបុប្ផា យើង​ឃើញ​មាន​ការ​ខុស​ប្លែក​គ្នា​ពីរ​បី​ចំណុច​ធំៗ។ ទី​១ វិជ្ជាជីវៈ​មាន​ន័យថា បើ​យើង​ក្លាយជា​វេជ្ជបណ្ឌិត យើង​ត្រូវ​យកចិត្តទុកដាក់​ព្យាបាល​ជំងឺ ទោះបី​មាន​លុយ​អត់​លុយ ព្រោះ​ភារកិច្ច​ព្យាបាល​ជំងឺ​។ ទី​២ ការ​ចំណាយ​តិច​ច្រើន​នេះ ខ្ញុំ​គិតថា មាន​អំពើពុករលួយ​ធំ និង​ជា​ប្រព័ន្ធ​ដែល​មិន​អាច​ប្រើ​ថវិកា​ប្រចាំឆ្នាំ មិន​ព្យាបាល​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ដិតដល់»

ថវិកា​ជាតិ​ដែល​ត្រូវ​ចំណាយ​លើ​វិស័យ​សុខាភិបាល​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ។ ក្នុង​ឆ្នាំ​២០២៣ ក្រសួង​សុខាភិបាល ចំណាយ​លុយ​ជាង​ប្រាំពីរ​រយ​(៧០០)​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ពលរដ្ឋ នៅតែ​រិះគន់​ពី​សេវា​ព្យាបាល​អន់ និង​មាន​អ្នកជំងឺ​ខ្លះ​ស្លាប់ ដោយសារ​អត់​ប្រាក់​។​ចំណែក​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​នៅ​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប​វិញ ចំណាយ​ថវិកា​ក្នុង​ឆ្នាំ​២០២៣​ប្រមាណ​ជាង ៤០​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ទទួល​បាន​ការ​កោត​សរសើរ​ថា ជា​ពេទ្យ​ទេវតា ព្យាបាល​កុមារ​ខ្មែរ​រាប់​ម៉ឺន​នាក់​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ឲ្យ​ផុត​ពី​សេចក្តី​ស្លាប់ ដោយ​មិន​បង់ប្រាក់។

ពេទ្យ​រដ្ឋ​ស្រុក​ខ្មែរ​សព្វថ្ងៃ ជា​ពេទ្យ​ដែល​ក្រុម​គ្រួសារ​រាជវង្ស និង​ក្រុម​គ្រួសារ​មន្ត្រីរាជការ​ធំៗ ព្រមទាំង​ក្រុម​គ្រួសារ​អ្នកមានៗ ពុំ​សូវ​ទៅ​ស្វែងរក​សេវា​ព្យាបាល​ឡើយ។ ក្រុម​គ្រួសារ​ឪពុក​ម្តាយ និង​បងប្អូន​របស់​លោក ហ៊ុន ម៉ាណែត ផ្ទាល់ ព្រមទាំង​គ្រួសារ​អ្នកធំៗ​ឯទៀត​ទុកចិត្ត​លើ​ពេទ្យ​សិង្ហបុរី។ រីឯ​អ្នក​ធូរធារ​ល្មមៗ​ទាំង​នៅ​ខេត្ត និង​នៅ​ភ្នំពេញ សម្រេច​ទៅ​ព្យាបាល​នៅ​ថៃ និង​វៀតណាម។ ចំណែក​អ្នក​ធម្មតាៗ ព្យាបាល​នៅក្នុង​ស្រុក ជាពិសេស​គឺ​គ្រូពេទ្យ​តាម​ភូមិ​តែម្ដង។ អ្នកឃ្លាំមើល​យល់​ថា ការ​មិន​គាំទ្រ​សេវា​សុខាភិបាល​ក្នុងស្រុក​របស់​ក្រុម​គ្រួសារ​មេដឹកនាំ​ធំៗ ក៏​ជា​មូលហេតុ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។