លោក​ ហ៊ុន សែន​ បញ្ជា​ឱ្យ​ផ្អាក​ស្ថាប័ន រដ្ឋាភិបាល ព្រឹទ្ធសភា និង​រដ្ឋសភា ទាំង​ស្រុង​ដោយ​សារ​បញ្ហា​កូវីដ១៩ កំពុង​រាល​ដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍

ហេង រស្មី
2021-03-08
Share
លោក​ ហ៊ុន សែន​ បញ្ជា​ឱ្យ​ផ្អាក​ស្ថាប័ន រដ្ឋាភិបាល ព្រឹទ្ធសភា និង​រដ្ឋសភា ទាំង​ស្រុង​ដោយ​សារ​បញ្ហា​កូវីដ១៩ កំពុង​រាល​ដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​ ១០​ កុម្ភៈថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មាន ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩។
រូប៖ គេហទំព័រលោក​ ហ៊ុន សែន

លោក​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី៨ មិនា បាន​ចេញ​បទ​បញ្ជា​តាម​រយៈ​សារ​សំឡេង​ចែក​ចាយ​តៗ​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​ថា​ ការ​បិទ​ស្ថាប័ន​ជាតិ​ទាំង​បី​នេះ​ មិន​មែន​បិទ​ទាំង​ស្រុង​ទេ​ គឺ​ត្រូវ​កាត់​បន្ថយ​មនុស្ស​ចំនួន​ធ្វើការ​ចំនួន ៩០% និង​ត្រូវ​មាន​មនុស្ស​នៅ​ប្រចាំការ​ ចំណែក​ឯ​មនុស្ស​ភាគ​ច្រើន​ទៀត​ត្រូវ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​ក្នុង​រយៈ​ពេល​សិន។ លោក​ថា វិធានការបន្ទាន់​នេះ​​យ៉ាង​តិច​​ក៏​មាន​រយៈ​ពេល​ ៧​ថ្ងៃ​សិន​ដើម្បី​រង់ចាំ​មើល​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ បន្ត​ទៀត៖ «ធ្វើ​យ៉ាង​ដូច្នេះ​គឺ​យើង​អាច​បញ្ចៀស​បាន​នៅ​ហានិភ័យដែល​យើង​មិន​ទាន់​ស្គាល់​ នូវ​អ្នក​ដែល​មាន​ការ​ពាក់​ព័ន្ធ​ ពី​ព្រោះ​ពិត​ជា​ច្របូក​ច្របល់​ខ្លាំង​ណាស់​ នូវ​ពេល​នេះ​។​ មាន​ការ​ឆ្លង​នៅ​ក្នុង​ក្រម​ខណ្ឌ​នគរបាល​ មន្ត្រី​រាជការ​ រហូត​ដល់​សិល្បករ​ សិល្ប ការិនី​ ផង​ដែរ»។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ក៏បាន​ទម្លាយ​ឱ្យ​ដឹង​ថា មាន​មនុស្ស​ចំនួន ៤៩នាក់ បាន​ឆ្លង​ជំងឺ​កូវីដ១៩ បន្ថែម​ទៀត នៅ​ភ្នំពេញ ក្រុងព្រះសីហនុ ខេត្ត​ព្រៃ​វែង​ និង​ខេត្ត​កណ្ដាល។

លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ទៀត​ថា សម្រាប់​វិស័យ​ឯកជន​ បើ​អាច​ធ្វើ​ទៅ​បាន​គឺ​កាត់​បន្ថយ​បុគ្គលិក​ហើយ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​វេន​គ្នា​ ដើម្បី​បញ្ចៀស​មនុស្ស​កក​កុញ​នៅ​កន្លែង​ធ្វើ​ការ​ផង​ និង​នៅ​កន្លែង​តាម​ផ្លូវ​ផង។

លោក ហ៊ុន សែន បាន​បន្ត​ថា សម្រាប់​ក្រុម​គ្រួសារ​នី​មួយៗ ហាម​កូនៗ កុំ​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​ ហើយ​សម្រាប់​មនុស្ស​ចាស់​ និង​មនុស្ស​ពេញ​វ័យ​ប្រសិន​បើ​មិន​មាន​ការ​ចាំ​បាច់​ទេ គឺ​កុំ​ចេញ​ក្រៅ​ផ្ទះ ហើយ​បើ​ត្រូវ​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​តែ​ពាក់​ម៉ាស​ការពារ​ ពី​ព្រោះ​ឥឡូវ​នេះ​ជំងឺ​ពិត​ប្រាកដ​មិន​ដឹង​នៅ​កន្លែង​ណា​ ហើយ​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ៖ «ខ្ញុំ​គិត​ថា​ វិធានការនេះ គឺ​ជា​វិធានការចាំ​បាច់​របស់​សុខភាព​បុគ្គល​ម្នាក់ៗ ក៏​ដូច​ជា​ក្រុម​គ្រួសារ​នីមួយៗ ក៏​ដូច​សង្គម​ជាតិ​របស់​យើង​ផង​ដែរ។ ពិត​មែន​ហើយ​នៅ​សល់​ច្បាប់​មួយ​ដែល​ព្រឹទ្ធសភា​ មិន​ទាន់​អនុម័ត​ ខ្ញុំ​ស្នើ​ ឯក​ឧត្ដម​ប្រធាន​ព្រឹទ្ធសភា​ស្ដីទី មេត្តា​ពិនិត្យ​រក​វិធី​ណា​ដើម្បី​ឱ្យ​ច្បាប់​ដែល​សភា​បាន​អនុម័ត​នោះ​បាន​ចូល​ជាធរមាន»។

 ក្រោយ​ពី​លោក ហ៊ុន សែន បញ្ចេញសារនេះ ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏​បាន​ចេញ​សេចក្ដី​ណែនាំ​មួយ ឱ្យ​ផ្អាក​រាល់​សកម្មភាព​ជួប​ប្រជុំរបស់​មន្ត្រី​រាជការ​ទាំង​អស់​ ហើយ​រាល់​ការ​ជួប​ប្រជុំ​ត្រូវ​រៀប​ចំ​តាម​ប្រព័ន្ធ​អនឡាញ ក្នុង​ករណី​ចាំ​បាច់ និង​អនុញ្ញាត​ឱ្យ​មន្ត្រី​អប់រំ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​រៀងៗ ខ្លួន​ និង​ត្រូវ​រៀប​ចំ​មន្ត្រី​ប្រចាំ​ការ​ក្នុង​ចំនួន​តិច ១០ភាគ​រយ។

ទាក់​ទិន​នឹង​បញ្ហា​នេះ​ អ្នក​វិភាគ​នយោបាយ​លោក​ គឹម សុខ​ បាន​គាំ​ទ្រ​ចំពោះ​វិធានការ​របស់​លោក​ ហ៊ុន សែន​ ប៉ុន្តែ​លោក​ថា​ ការ​ចេញ​វិធានការ​នេះ​ហាក់​បី​ដូច​ជា​យឺត​ពេក​ គឺ​ដូច​ជា​លោក​ ហ៊ុន សែន​​ទើប​ភ្ញាក់​ពី​ដេក។ លោក​បន្ត​ថា ការ​ដាក់​ចេញ​វិធានការ​បែប​នេះ គឺ​ដោយសារ​តែ​ចំណាត់​ការ​មុខ​មាត់​នយោបាយ ដើរ​មុខ​ចំណាត់​ការ​បច្ចេកទេស​ ទើប​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ បាន​ឆ្លង​ចូល​ទៅ​សហគមន៍​លឿន​រហូត​មក​ដល់​ពេល​នេះ៖ «ដោយ​សារ​តែ​ឥទ្ធិពល​មុខ​មាត់ និង​លុយ​កាក់​ធំ​ពេក​ជា​ពិសេស​លុយ​ចិន​ នាយក​រដ្ឋ​មន្ត្រី​ខ្លួន​ឯង​បំពាន​ប្រតិបត្តិ​បី​យ៉ាង​ទៅ​ហើយ។​លោក​នាយក​រដ្ឋមន្ត្រី​មិន​ព្រម​ផ្ដល់​ឱកាស​អោយ​អ្នក​ជំនាញ​ ចាត់​ការ​ពេញ​អំណាច​បច្ចេកទេស​ ហើយ​ឱ្យ​ក្រុម​គ្រូពេទ្យ​អ្នក​ជំនាញ​រង់ចាំ​ស្ដាប់​ តែ​ផែន​ការ​រៀប​ចំ​ចង់​បាន​មុខ​មាត់​នយោបាយ​របស់​នាយក​រដ្ឋមន្ត្រី​ដែល​មិន​ចេះ​បច្ចេកទេស​ទៅ​វិញ»។​​​​​

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៨ មីនា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ សរុប ១.០១១នាក់ ក្នុង​នោះ​ជា​សះស្បើយ​ចំនួន ៥១៧នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៤៩៣នាក់៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល