ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អំពាវនាវដល់គ្រូពេទ្យទាំងអស់ទាំងនៅមន្ទីរពេទ្យរដ្ឋ និងឯកជន ត្រូវគោរពក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន ក្នុងការពិនិត្យព្យាបាលអ្នកជំងឺទូទៅ ដោយមិនត្រូវរើសអើង និងគិតលុយជាធំជាងអាយុជីវិតមនុស្សនោះទេ។ សង្គមស៊ីវិល យល់ថា សារអំពាវនាវរបស់លោក ហ៊ុន សែន នឹងមិនសូវមានប្រសិទ្ធភាពទេ បើគ្មានការកែទម្រង់ជាប្រព័ន្ធ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ឥរិយាបថមិនល្អ និងការមិនគោរពក្រមសីលធម៌ពីសំណាក់គ្រូពេទ្យមួយចំនួន គឺជារឿងដែលត្រូវតែគិត និងត្រូវតែធ្វើការកែលម្អឡើងវិញ។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតពេទ្យនៅកោះពេជ្រនៅព្រឹកថ្ងៃទី១៦ ខែធ្នូ លោក ហ៊ុន សែន សង្កត់ធ្ងន់ថា ប្រសិនបើគ្រូពេទ្យ មិនកែប្រែឥរិយាបថ និងពាក្យសម្ដី ដែលគ្មានក្រម សីលធម៌ និងវិជ្ជាជីវៈ ឬនៅតែមើលឃើញលុយធំជាងការជួយសង្គ្រោះជីវិតមនុស្សនោះ ទោះបីជាបំពាក់សម្ភារៈឧបករណ៍បច្ចេកទេសទំនើបៗ រាប់ពាន់លានដុល្លារថែមទៀត ក៏តែគ្មានប្រសិទ្ធភាព ហើយវិស័យសុខាភិបាលនៅតែទទួលរងការរិះគន់ពីប្រជាពលរដ្ឋដដែល៖ « ខ្ញុំអំពាវនាវឲ្យមន្ត្រីសុខាភិបាល ឲ្យគ្រូពេទ្យរបស់យើងយក ចិត្តទុកដាក់ទៅលើពាក្យសំដី ឥរិយាបថដែលប្រព្រឹត្តចំពោះអ្នកជំងឺ ហើយគ្មានការរើសអើងបែង ចែកនោះទេ។ ជីវិតមនុស្សមិនថា មានមិនថាក្រ គឺជាជីវិតមួយដូចគ្នា។ ហើយអ្នកក្រយើងត្រូវតែ យកចិត្តទុកដាក់ថែមទៀត ដោយសារតែគាត់ក្រហើយទើបគាត់មករកយើង » ។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន បានតម្រូវពិនិត្យឡើងវិញ ចំពោះករណីមន្ទីរពេទ្យឯកជនខ្លះ ដែលដឹងថា ខ្លួនគ្មានលទ្ធភាពព្យាបាលអ្នកជំងឺហើយ ប៉ុន្តែនៅតែព្យាយាមទុកអ្នកជំងឺឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរបស់ខ្លួន ដើម្បីយកលុយពីអ្នកជំងឺអស់ជាច្រើន រហូតដល់ស្ថានភាពជំងឺធ្ងន់ធ្ងរ ព្យាបាលលែងជា ទើបសម្រេចបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ។ លោក ថា អ្នកជំងឺធ្ងន់ធ្ងរដែលចេញពីមន្ទីរ ពេទ្យឯកជនទៅពេទ្យរដ្ឋនេះ ភាគច្រើនស្លាប់ ឬជួនកាលស្លាប់តាមផ្លូវក៏មាន ហើយទីបំផុតមន្ទីរពេទ្យរដ្ឋ ត្រូវប្រឈមមុខការស្តីបន្ទោសទៅវិញ។ លោកនាយករដ្ឋមន្ត្រី ស្នើសុំឲ្យមន្ទីរពេទ្យ ឯកជនទាំងអស់ ត្រូវតែទទួលខុសត្រូវព្យាបាលអ្នកជំងឺតាំងពីដើមដល់ចប់៖ «បើនិយាយឱ្យចំ មន្ទីរពេទ្យឯកជនដណ្ដើមអ្នកជំងឺយកទៅមើល ដល់ពេលសង្គ្រោះលែងបាន បញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ហើយថា ទើបអាចរស់ តែពេលទៅដល់ងាប់នៅមន្ទីរពេទ្យ ( ពលរដ្ឋ ) ជេររដ្ឋបណ្ដោយ។ ហើយពេទ្យដែលធ្ងន់ធ្ងរជាងគេគឺកាល់ម៉ែតតែម្ដង ព្រោះមន្ទីរពេទ្យឯកជនដទៃ ដោះស្រាយបញ្ហា ( អ្នកជំងឺ ) មិនចេញ គេថាបញ្ជូនទៅកាល់ម៉ែតសង្គ្រោះបាន ដល់ទៅកាល់ម៉ែតងាប់បណ្ដោយ » ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ជា រឿងសោកស្ដាយដែលវិស័យសុខាភិបាលកម្ពុជា នៅតែមិនទាន់អាចកែលម្អបាន ពាក់ព័ន្ធនឹងបញ្ហា ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យ ខណៈដែលប្រទេសជិតខាងកម្ពុជា រួមមាន វៀតណាម និងថៃ បានដោះស្រាយរួចរាល់ និងថែមទាំងទាក់ទាញប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ស្រទាប់វណ្ណៈទៅព្យាបាល នៅប្រទេសទាំងនោះទៀតផង។ លោកបន្តថា ការអំពាវនាវជារឿយៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះមិនសូវមានប្រសិទ្ធភាពនោះទេ ប្រសិនបើគ្មានការកែទម្រង់ ឬដោះស្រាយជាប្រព័ន្ធ និងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង។ អ្នកជំនាញគណនេយ្យភាពសង្គមរូបនេះ យល់ថា រដ្ឋាភិបាល គួរតែចាប់ផ្ដើមដោះស្រាយធ្វើយ៉ាងណាធានាកុំឲ្យនិស្សិតពេទ្យចំណាយថ្លៃសិក្សាខ្ពស់ ប៉ុន្តែរឹតបន្តឹង ការអប់រំសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យក្នុងសាលាឲ្យបានខ្លាំង ព្រមទាំងលុបបំបាត់អំពើពុករលួយក្នុង ពេលប្រឡងចេញ។ លើសពីនេះទៀត លោកថា រដ្ឋាភិបាល ត្រូវមានយន្តការតាមដានការងាររបស់វិស័យ សុខាភិបាល និងផ្ដល់ឱកាសឲ្យបានទូលំទូលាយសម្រាប់ការចូលរួម និងវាយតម្លៃពីមហាជន ព្រមទាំងមានយន្តការដោះស្រាយភ្លាមៗ ចំពោះបញ្ហាដែលបានលើកឡើង៖ « យើងនៅតែសង្កត់ធ្ងន់ទៅលើការវិនិយោគទៅលើវិស័យសុខាភិបាល កុំនិស្សិតរៀនអស់លុយច្រើនពេក នៅពេលប្រឡងអី ក្រែងលោមានណេះណោះអីទៅដាក់ លុយដាក់កាក់អីទៅ ធ្វើឲ្យសូកគេផង រៀនអស់លុយច្រើនផង ដូច្នេះពេលចេញមកធ្វើការមានតែស្រង់ដើម។ ខ្ញុំចង់ឲ្យពិនិត្យមើលទៅលើស្ថានភាពនេះ ត្រូវតែពិនិត្យមើលឲ្យបានហ្មត់ចត់ » ។
បច្ចុប្បន្ន ពលរដ្ឋខ្មែរ ដែលមានជីវភាពធូរធារ រួមទាំងក្រុមគ្រួសារលោក ហ៊ុន សែន និងមន្ត្រីធំៗ ច្រើនរកសេវាព្យាបាលសុខភាពនៅ អឺរ៉ុប សិង្ហបុរី ចិន ជាដើម។ ចំណែកអ្នកមានជីវភាពមធ្យម ច្រើនរកសេវាសុខាភិបាលនៅប្រទេសថៃ និងវៀតណាម។ អ្នកមានលទ្ធភាពបន្តិចបន្តួច នៅទ្រាំរកសេវាសុខភាពនៅមន្ទីរពេទ្យធំៗ នៅភ្នំពេញ និងអ្នកមានជីវភាពទីទ័ល ក្រ បង្ខំចិត្តរកសេវាសុខភាព នៅតាមមណ្ឌលសុខភាព ដែលរងការរិះគន់ថា ខ្វះទាំងឧបករណ៍ ថ្នាំសង្កូវ និងគ្រូពេទ្យជំនាញ។
ទោះយ៉ាងណាក្តី លោក ហ៊ុន សែន ប្រកាសកាលពីពេលថ្មីៗ នេះថា លោក នឹងពិចារណាប្រើសេវា ព្យាបាលជំងឺក្នុងស្រុកវិញ នៅពេលមន្ទីរពេទ្យកាល់ម៉ែត បំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបថ្មីៗ បន្ថែមទៀតរួចរាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
