ក្រសួង​សុខាភិបាល​ហាម​ប្រើ​ផលិតផល​ឱសថ​មួយ​ចំនួន​ដែល​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក

0:00 / 0:00

ក្រសួងសុខាភិបាល​ប្រកាស​ហាមឃាត់​ការ​នាំ​ចូល លក់ ចែកចាយ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នូវ​ផលិតផល​ឱសថ​មួយ​ចំនួន​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ជា​ឱសថ​ក្លែងក្លាយ ពុំ​បាន​ចុះ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។ អ្នកឃ្លាំមើល​សង្គម​ថ្លែង​ថា បញ្ហា​ចរាចរណ៍​ទំនិញ​ខូច​គុណភាព ទំនិញ​ក្លែងក្លាយ និង​ទំនិញ​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​នេះ គឺជា​រឿង​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ ដោយសារ​ផលិតផល​ទាំងនោះ​អាច​បង្ក​ផល​ប៉ះពាល់​ច្រើនយ៉ាង​ដល់​សុខភាព​អ្នកប្រើប្រាស់ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​ធ្ងន់ធ្ងរ។

ផលិតផល​ឱសថ​ដែល​ត្រូវ​បាន​ក្រសួងសុខាភិបាល​ហាមឃាត់​នោះ រួមមាន ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ការ៉ូលីន ខេបស៊ុល (Caroline Capsule) និង​ការ៉ូលីន កាហ្វេ (Caroline Coffee) និង​ប្រភេទ​ឱសថ​ព្យាបាល​ជំងឺ​សន្លាក់​ឈ្មោះ អូស្តូ (OSTO) ដែល​ផលិតផល​ទាំងនេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​លក់​ដោយ​គណនី​ហ្វេសប៊ុក​ឈ្មោះ សុខភាព​បៃតង។ ក្រសួង​ក៏បាន​ហាមឃាត់​ផលិតផល​ឱសថ​មួយ​ចំនួន​ទៀត​ផង​ដែរ មានឈ្មោះ​ដូចជា ហ្វូឃយឌេន (Fucoidan) អូមេហ្គា ស្រ៊ីអ៊ីភីអេ និង​ឌីអេចអេ (OMEGA 3 EPA & DHA) និង​បាលីហ្ក្រាស (Barley grass) ព្រមទាំង​ផលិតផល​ឱសថ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​គណនី​ហ្វេសប៊ុក​ឈ្មោះ ស្ពីរូលីណា ១០០ % (SPIRULINA 100%)

ក្រសួង​សុខាភិបាល​អះអាង​នៅ​ក្នុង​សេចក្ដីជូនដំណឹង​កាល​ពេល​ថ្មីៗ​នេះ​ថា ផលិតផល​ឱសថ​ទាំងនេះ​ត្រូវ​បាន​ដាក់​លក់​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​គុណភាព ពុំ​បាន​ចុះ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង ព្រមទាំង​បាន​ផ្សព្វផ្សាយ​ដោយ​ភូត​កុហក និង​បំផ្លើស​ហួស​ពី​ការពិត។

ស្រប​ពេល​ជាមួយគ្នា​នេះ ក្រសួង​ក៏បាន​ប្រកាស​ប្រមូល​ត្រឡប់​មក​វិញ​នូវ​ផលិតផល​ឱសថ​ឈ្មោះ ម៉ាឌូរ៉ា (MADURA) គ្រប់​ពណ៌ គ្រប់​ឡូតិ៍ និង​គ្រប់​ប្រភេទ ដើម្បី​យក​មក​កម្ទេច​ចោល​ជា​បន្ទាន់ បន្ទាប់ពី​រកឃើញ​ថា ឱសថ​បំប៉ន​សុខភាព​ប្រភេទ​នេះ មាន​ផ្ទុក​សារធាតុ សាយដេណាហ្វីល (Sidenafil) ដែល​ជា​សារធាតុ​ប្រើ​សម្រាប់​បង្កើន​តណ្ហា​ផ្លូវ​ភេទ​បុរស ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកប្រើប្រាស់។ ក្រសួង​បាន​កំណត់​ថា ផលិតផល​ឱសថ​ឈ្មោះ ម៉ាឌូរ៉ា (MADURA) នេះ​ជា​ប្រភេទ​ឱសថ​ក្លែងក្លាយ ផលិត​នៅ​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ និង​ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែកចាយ​ដោយ​គណនី​ហ្វេសប៊ុក​ឈ្មោះ សុខភាព​បៃតង។

ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​ផលិតផល​ឱសថ​ទាំងនេះ ឱ្យ​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់ ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈាន​ដល់​ការបាត់បង់​អាយុជីវិត​ទៀត​ផង។ ក្រសួង​ក៏បាន​តម្រូវ​ឱ្យ​ម្ចាស់​គណនី​សុខភាព​បៃតង បញ្ឈប់​ការ​នាំ​ចូល ផ្សព្វផ្សាយ លក់ ឬ​ចែកចាយ​ផលិតផល​ឱសថ​ខុសច្បាប់​ទាំងនេះ​ជាបន្ទាន់ ហើយ​ក្រសួង​បាន​ប្រកាស​ទៀត​ថា នឹង​ចាត់វិធានការ​តឹងរ៉ឹង​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​សុខភាព​បៃតង​ទៅតាម​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ការ​ចរាចរណ៍​ទំនិញ ឬ​ផលិតផល​គ្មាន​ការ​ត្រួតពិនិត្យ​គុណភាព​ច្បាស់លាស់ ទំនិញ​ក្លែងក្លាយ និង​ខូចគុណភាព គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល​កំពុង​បង្ក​ជា​ក្តី​បារម្ភ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ទាក់ទង​នឹង​បញ្ហា​សុខភាព។ ក្រៅ​ពី​នេះ វា​ក៏​ជា​បន្ទុក​នៃ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ផង​ដែរ ដ្បិត​ពលរដ្ឋ​ត្រូវ​ចំណាយ​លុយ​បន្ថែម​ទៀត​ទៅលើ​ការ​ព្យាបាល​សុខភាព ឬ​ជំងឺ បន្ទាប់ពី​បាន​ប្រើប្រាស់​ផលិតផល​ក្លែងក្លាយ​ទាំង​នោះ៖ «ផលិត​ផល​ដែល​លក់​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​​ហ្នឹង វា​អាច​មាន​ប្រភព​ពីរ​។ ទីមួយ​វា​អាច​ជា​ការ​នាំ​ចូល​ដោយ​មិន​មាន​ការ​អនុញ្ញាត ការ​នាំចូល​មួយ​ដែល​ការ​ឃុបឃិត​ជា​ប្រព័ន្ធ ឬក៏​ពុក​រលួយ​នៅ​តាម​ព្រំដែន​។ ទីពីរ​ផលិត​ផល​ខ្លះ​ក្រៅពី​ឱសថ​ហ្នឹង ក៏​វា​មាន​ការ​ផលិត​នៅ​ក្នុង​ស្រុក​ដែរ ដោយ​គេ​នាំចូល​វត្ថុធាតុដើម​ រួច​ធ្វើ​ដោយ​ខ្លួន​ឯង​ជា​លក្ខណៈ​ឯកជន​ ហើយ​ដោយ​សារ​តែ​ខ្វះ​ការ​ត្រួតពិនិត្យ​ ធ្វើ​ឱ្យ​ផលិត​ផល​ទាំង​អស់​ហ្នឹង អាច​ដាក់​លក់​បាន​ដោយ​សេរី​នៅ​លើ​ទីផ្សារ ឬ​នៅ​លើ​អនឡាញ។ កង្វះ​ការ​ត្រួត​ពិនិត្យ​ ឬក៏​ការ​ធ្វេសប្រហែស​ក្នុង​ការ​ត្រួត​ពិនិត្យ​ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ឱកាស​ប្រើ​ប្រាស់​ផលិត​ផល​ក្លែង​ក្លាយ​នេះ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខ​ភាព​តែ​មួយ​មុខ​ទេ គឺ​វា​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​ទៀត​ផង​។ អញ្ចឹង​ទាំងនេះ​វា​ជា​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​យើង ហើយ​វា​ក៏​ជា​បន្ទុក​នៃ​ភាព​ក្រី​ក្រ​ផង​ ដែរ»។

អ្នកឃ្លាំមើល​សង្គម​រូប​នេះ យល់​ឃើញ​ថា ដំណោះស្រាយ​រឿង​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការចូលរួម​ពី​ក្រសួង​ជំនាញ​ដទៃ​ទៀត ដូចជា ក្រសួង​សេដ្ឋកិច្ច និង​ក្រសួងមហាផ្ទៃ​ជាដើម។ បន្ថែម​ពីលើ​នេះ ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ផលវិបាក​នៃ​ផលិតផល​ផល​ក្លែងក្លាយ និង​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ផលិតផល​ទាំងនោះ សុទ្ធសឹងតែ​ជា​រឿង​ចាំបាច់​ដែល​រដ្ឋាភិបាល​គួរ​ធ្វើ​ដើម្បី​ធានា​ថា ពលរដ្ឋ​របស់​ខ្លួន​នឹង​មិន​រងគ្រោះ​ដោយសារ​ផលិតផល​ក្លែងក្លាយ​ទាំងនោះ​ទៀត​ឡើយ៖ «កន្លង​មក​យើង​ឃើញ​មាន​ការ​លក់​យ៉ាង​សម្បើម​ ហើយ​គេ​ Tag ឱ្យ​អ្នក​ប្រើ​ហ្វេសប៊ុក​ជា​ច្រើន​ផ្សេង​ទៀត ដោយ​គ្មាន​ការ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​​ណាមួយ​ទេ។ ដូច្នេះ​វិធាន​ការ​បន្ទាប់​ គឺ​ក្រសួង​សុខាភិបាល​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ ឬ​ក៏​មាន​ប្រតិកម្ម​បន្ទាន់​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​បំប៉ន​សុខភាព​ណាមួយ​ដែល​ក្រសួង​យល់​ថា បាន​លក់​ដោយ​ខុស​ច្បាប់ មិន​មាន​ការ​អនុញ្ញាត​ ហើយ​រឿង​ទីពីរ ការ​ផ្សព្វផ្សាយ​ឱ្យ​មាន​ការ​យល់​ដឹង​ជូន​មហាជន​ឱ្យ​បាន​ទូលំ​ទូលាយ​ជាង​មុន​ ដើម្បី​កុំ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​រងគ្រោះ​នៃ​ការ​ប្រើប្រាស់​ផលិត​ផល​ទាំង​អស់​នោះ»

កម្ពុជា បាន​ក្លាយ​ជាទី​ផ្សារ​នៃ​ទំនិញ​ខូចគុណភាព ទំនិញ​ក្លែងបន្លំ​ម៉ាក​យីហោ និង​ទំនិញ​ក្លែងក្លាយ​ជាច្រើន​ប្រភេទ ហើយ​ជា​ញឹកញាប់​អាជ្ញាធរ​ជំនាញ​បាន​ចុះទៅ​ត្រួតពិនិត្យ និង​រឹបអូស​យក​ផលិតផល​ទាំងនោះ​ទៅ​បំផ្លាញ​ចោល​ចាប់ពី​រាប់​សិប​តោន ដល់​រាប់​រយ​តោន។ ទោះបីជា​យ៉ាងណា អ្នក​នាំចូល​ផលិតផល ឬ​អាជ្ញាធរ​ដែល​បើកដៃ​ឱ្យ​មាន​ការ​នាំ​ចូល​ផលិតផល​ទាំងនោះ មិនដែល​ត្រូវ​បាន​នាំ​យក​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ ជាហេតុ​នាំ​ឱ្យ​បញ្ហា​នេះ​ចេះតែ​បន្ត​កើតមាន​។ អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ជនរងគ្រោះ​នៃ​ផលិតផល​ក្លែងក្លាយ ខូច​គុណភាព និង​ផលិតផល​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​ទាំងនោះ មិន​មាន​អ្នកណា​ផ្សេង​ក្រៅពី​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​មាន​ជីវភាព​ខ្សត់ខ្សោយ និង​មធ្យម​នោះ​ឡើយ ព្រោះ​ពួកគេ​ជា​អ្នកប្រើប្រាស់​ផលិតផល​ទាំងនោះ​ដោយ​ខ្វះ​ការ​យល់ដឹង ខណៈ​វិស័យ​សុខាភិបាល​បន្ត​រង​ការ​រិះគន់​ថា នៅ​មាន​កម្រិត​ទាប និង​រើសអើង​ជន​ក្រីក្រ​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។