ពលករខ្មែរឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃទាំងនោះថ្លែងថា ចាប់តាំងពីរដ្ឋាភិបាលថៃបិទខ្ទប់ការដ្ឋានសំណង់នៅទីក្រុងបាងកក និងខេត្តចំនួន ៥ ជុំវិញ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩មក បានប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពួកគាត់។
ពលការិនីមានស្រុកកំណើតនៅខេត្តសៀមរាបលោកស្រី ហុង សារ៉េត ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១១ ខែកក្កដាថា លោកស្រីនិងកូនស្រីរបស់គាត់អាយុ ៧ឆ្នាំបានឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានថៅកែថៃបង្ខាំងឱ្យនៅក្នុងការដ្ឋានសំណង់នៅកណ្ដាលទីក្រុងបាងកកចំនួន ២ ខែហើយ ពុំមានគ្រូពេទ្យណាមកព្យាបាលជំងឺរបស់ពួកគាត់នោះទេ។ លោកស្រីបញ្ជាក់ថា ប្រមាណ ២ សប្ដាហ៍មកនេះពួកលោកស្រីគ្មានអាហារហូបគ្រប់គ្រាន់ទេ ពោលគឺហូបតែត្រីខកំប៉ុង និងមីកញ្ចប់ដែលថៅកែថៃផ្ដល់ជូនបន្តិចបន្តួចប៉ុណ្ណោះ៖ «ខ្លាំងទៅខ្ញុំចូលបន្ទប់ទឹកបែកចិញ្ចើម ហើយនៅពេលខ្ញុំចេញមកវិញបាន ក៏ប្ដីជួយមើល កោសខ្យល់ដូចរបៀបខ្មែរយើង វាបានគ្រាន់បើមកវិញ។ ហេតុផលមកពីហូបចុកអត់គ្រប់គ្រាន់ ពេលមានអាការអីមិនស្រួលអីតិចតួចចង់តែដួលសន្លប់ ខ្ញុំខ្សោយ ម្សិលមិញក៏មានអាការថប់ៗណែនដូចយើងខ្សោយអត់មានកម្លាំង » ។
ដូចគ្នានេះដែរ ពលការិនីខ្មែរម្នាក់ទៀតលោកស្រី សួន ច្រឹង ថ្លែងថា លោកស្រីគ្មានលទ្ធភាពជួយខ្លួនឯងបានទេ ពីព្រោះចាប់តាំងពីថៅកែថៃបានបង្ខាំងពួកលោកស្រីឱ្យនៅក្នុងការដ្ឋានសំណង់មក មិនបានធ្វើការងាររកប្រាក់ចំណូលឡើយ។ បន្ថែមពីនេះលោកស្រីថា អាជ្ញាធរថៃបានដាក់ពង្រាយប៉ូលិសនិងទាហានជាច្រើននាក់យាមការពារនៅជុំវិញការដ្ឋានសំណង់ដែលលោកស្រីស្នាក់នៅហាមឃាត់មិនឱ្យពួកគាត់ចេញដើរទៅខាងក្រៅបាននោះទេ។ ស្ត្រីវ័យ ៣៩ ឆ្នាំរូបនេះ បញ្ជាក់ទៀតថា ស្ថានការណ៍បែបនេះបានប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងការរស់នៅរបស់ពួកគាត់៖ «លំបាកណាស់ពេលបាយគេឱ្យហូបតែមួយពេល ឱ្យតែមីត្រីខមកហូបអត់មានកម្លាំងទេ លុយក៏គ្មានទិញអីហូប ហើយគេហ៊ុំ អត់មានចេញដើរទៅណាបានផង។ យករបស់អីចូលក៏អត់បានដែរ ពេទ្យគេអត់មកយកផង គេប្រាប់ថា គ្រែពេញអត់បានមកយកទេ មិនដឹងគេមកយកពេលណា»។
ពលករខ្មែរនៅកណ្ដាលទីក្រុងបាងកកមួយក្រុមនេះមានគ្នាប្រមាណ ៨០ នាក់ ពួកគេបានឆ្លងជំងឺកូវីដ១៩ទាំងអស់គ្នាប្រមាណ ២ ខែមកហើយ មិនទាន់មានគ្រូពេទ្យណាយកទៅព្យាបាលជំងឺនៅឡើយទេ។ សព្វថ្ងៃថៅកែថៃបានផ្ដល់ស្បៀងអាហារបន្តិចបន្តួចជូនដល់ពួកគាត់។
ដោយសារជំងឺកូវីដ១៩ កាន់តែរីករាលដាលខ្លាំង អាជ្ញាធរថៃនឹងបិទទីក្រុងបាងកក និងខេត្តចំនួន ៥ នៅជុំវិញ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ខែកក្កដាតទៅ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ វិធានការនេះអាជ្ញាធរថៃហាមឃាត់មនុស្សធ្វើដំណើរចាប់ពីម៉ោង ៩ យប់ដល់ម៉ោង ៤ ព្រឹក និងហាមឃាត់ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាលើសពី ៥ នាក់។ ប្រសិនបើជនណាល្មើសនិងបម្រាមនេះអាចនឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារ ១ ឆ្នាំ និងពិន័យជាប្រាក់ ៤ម៉ឺនបាត ឬប្រមាណ ១ពាន់ ៣០០ដុល្លារ (១,៣០០) អាមេរិក។ វិធានការរបស់អាជ្ញាធរថៃនេះធ្វើឡើងដោយសារមួយរយៈនេះជំងឺកូវីដបានផ្ទុះរាលដាលខ្លាំងនៅក្នុងប្រទេសមួយនេះ។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីសុំអត្ថាធិប្បាយពីទុក្ខលំបាករបស់ពលករទាំងនេះបានទេនៅថ្ងៃទី១១ ខែកក្កដា។
ប៉ុន្តែមន្ត្រីស្ថានទូតនៅទីក្រុងបាងកកបានបង្ហោះសារនិងរូបថតនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ស្ថានទូត អំពីការចុះចែកស្បៀងអាហារដល់ពលករខ្មែរមួយចំនួននៅទីក្រុងបាងកក។ បន្ថែមពីនេះ ស្ថានទូតអំពាវនាវឱ្យពលករខ្មែររស់នៅប្រទេសថៃទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជំងឺកាចសាហាវនេះ។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ុំ ច័ន្ទគា យល់ថា ស្ថានការណ៍បែបនេះរដ្ឋាភិបាលខ្មែរគួរតែសហការជាមួយរដ្ឋាភិបាលថៃដោះស្រាយពីទុក្ខលំបាករបស់ពលករទាំងនោះជាបន្ទាន់។ លោកបញ្ជាក់ថា ការដែលអាជ្ញាធរខ្មែរមិនអើពើជួយដល់ពលរដ្ឋដែលកំពុងមានទុក្ខលំបាកនេះ គឺជាការមិនទទួលខុសត្រូវដល់ពលរដ្ឋខ្លួននៅក្រៅប្រទេស៖ «បើរដ្ឋាភិបាលល្អទោះបីប្រជាពលរដ្ឋរបស់ខ្លួនដល់កន្លែងណា ដល់ទីណាក៏ដោយ ជួបបញ្ហា ត្រូវតែខ្នះខ្នែងធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋរបស់ខ្លួន ព្រោះពលរដ្ឋជាមនុស្ស។ អីចឹងត្រូវការស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ប្រទេសមួយៗដែលមានទូតមានអីតំណាងគ្រប់ប្រទេសឱ្យធ្វើការទាក់ទងនឹងសេដ្ឋកិច្ច នយោបាយទំនាក់ទំនងផ្នែកខាងសេដ្ឋកិច្ចឱ្យបានរីកចំរើន នៅក្នុងហ្នឹងក៏រួមទាំងការដោះស្រាយបញ្ហាផ្សេងៗដល់ប្រជាជាតិរបស់ខ្លួនដែរ»។
លោក ស៊ុំ ច័ន្ទគា បន្តថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែផ្ដល់ស្បៀងអាហារ និងថ្នាំពេទ្យព្យាបាលជំងឺ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពលករខ្មែរឱ្យបានឆាប់។ បន្ថែមពីនេះលោកថា ប្រសិនបើរដ្ឋាភិបាលមិនជួយដល់ពលករទាន់ពេលវេលាទេនោះ ពលករមួយចំនួនអាចនឹងជួបគ្រោះធំ និងមួយចំនួនទៀតមានបញ្ហាដល់សុខភាពនៅពេលដ៏ខ្លីខាងមុខ។
របាយការណ៍របស់អង្គការសង់ត្រាល់ (Central) ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការស្របច្បាប់និងមិនស្របច្បាប់ជិត ២ លាននាក់ធ្វើការនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។