កម្ពុជា​នៅតែ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​-​១៩​ច្រើន​​ដោយ​សារ​​​វ៉ាក់សាំង​​មាន​​ប្រសិទ្ធ​ភាព​​ទាប​ខ្លាំង​ ​និង​ការ​មិន​ផ្លាស់ប្តូរ​ទម្លាប់

0:00 / 0:00

មន្រ្តី​វេជ្ជ​សាស្រ្តនិង​មន្រ្តី​អង្គការសង្គម​ស៊ីវិល​ ​ថា​កម្ពុជា​នៅតែ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​-​១៩​ច្រើន​ ​ដោយសារ​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ ​នៅ​មាន​ប្រសិទ្ធ​ភាព​ទាប​ខ្លាំង​ ​និង​​ការ​ដែល​​មន្រ្តី​មិនទាន់​ផ្លាស់ប្តូរ​វិធី​សាស្រ្ត​ថ្មី​ស្តីពី​វិធានការ​បង្ការ​ ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ទូទៅ​ ​នៅតែ​ធ្វេស​ប្រហែល​នឹង​ជំងឺ​នេះ​។​

ក្នុងចំណោម​ប្រទេស​អា​ស៊ាន​ទាំង​ ​១​០​​មានតែ​ប្រទេស​កម្ពុជា​មួយ​ប៉ុណ្ណោះ​ ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-​១៩​ ​ជូន​ពលរដ្ឋ​បាន​ច្រើន​ជាងគេបង្អស់​។​ ​ប៉ុន្តែ​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ ​មិន​ថមថយ​នោះ​ឡើយ​។

គិត​ត្រឹម​ថ្ងៃ​ទី​​២៧​ ​ខែ​​កញ្ញា​ ​ពលរដ្ឋ​ខ្មែរ​ជាង​ ​១៣​​លាន​នាក់​ (​១៣​,​២​ ​លាន​) ​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១​ ​និង​ជិត​ ​១១​​លាន​នាក់​ (​១០​,​៩​ ​លាន​) ​បាន​ចាក់​រួច​ដូស​ទី​​២​ ​និង​ជិត​ ​១​លាន​នាក់​ ​បាន​ចាក់​ដូស​ទី​៣​ ​ដែល​ជា​ដូស​ជំរុញ​។​

​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដំបូង​ ​ចាប់ផ្តើម​នៅ​ខែ​​កុម្ភៈ​ ​ពោល​គឺ​កាលពី​ ​៧​​ខែមុន​ ​និង​យុទ្ធនាការ​ចាក់​ដូស​ជំរុញ​ ​ដែល​ជា​ដូស​ទី​៣​ ​បាន​ចាប់ផ្តើម​ ​កាលពី​ចុងខែ​ ​សីហា​។​ ​ជា​រួម​ពលរដ្ឋ​ខ្មែរ​ជាង​ ​៩០​ ​ភាគរយ​ ​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​។​ ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​កត់​សម្គាល់​ ​គឺ​ក្នុងរយៈពេល​ ​៣​០​​ថ្ងៃ​ ​នៃ​យុទ្ធនាការ​ចាក់​ដូស​ទី​​៣​ ​ដែល​ជា​ដូស​ជំរុញ​នោះ​ ​អត្រា​នៃ​អ្នក​ឆ្លង​ជំងឺ​នេះ​ ​បាន​កើន​ឡើង​ទ្វេ​​ដង​។​ ​កាលពី​ចុងខែ​សីហា​ ​អ្នក​ឆ្លង​ជាមធ្យម​​មាន​ប្រមាណ​ ​៤៥០​ ​នាក់​ក្នុងមួយថ្ងៃ​។​ ​ប៉ុន្តែ​​ឥឡូវនេះ​ ​អ្នក​ឆ្លង​កើន​ឡើង​ដល់​ជាង​ ​៨​០​០​​នាក់​ក្នុងមួយថ្ងៃ​។​ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ ​បាន​កើន​ឡើង​ដល់​ ​២២​​នាក់​ជាមធ្យម​ប្រចាំថ្ងៃ​។​

​ប្រការ​នេះ​ធ្វើឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ ​ចោទ​ជា​សំណួរ​ថា បើ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ស្ទើរតែ​ ​១០០​ ​ភាគរយ​ ​ចុះ​មូលហេតុ​អ្វីបានជា​អត្រា​នៃ​អ្នក​ឆ្លង​ ​និង​អ្នក​ស្លាប់​នៅតែ​កើន​ខ្ពស់​បែប​នេះ​?

អ្នកជំនាញ​វេជ្ជ​សាស្រ្ត ​ថា​មូលហេតុ​ចម្បង​នៃ​បញ្ហា​នេះ​ ​គឺ​មកពី​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ​នេះឯង​។​ ​ក្នុងចំណោម​វ៉ាក់សាំង​ដែល​កម្ពុជា​ទិញ​ជិត​ ​៣​០​ ​លាន​ដូស​ ​ដែល​គិតជា​ទឹកប្រាក់​ប្រមាណ​ ​៣០០​ ​លាន​ដុល្លារ​ ​គឺជា​វ៉ាក់សាំង​របស់​ប្រទេស​ចិន​ឈ្មោះ​ ​ស៊ីណូវ៉ាក់ (​Sinovac)​។

អង្គការសុខភាព​ពិភពលោក​ (​ WHO​) ​រក​ឃើញ​​កាលពីដើម​ខែ​កញ្ញា​ថា ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​នេះ​ ​តាម​ពិសោធន៍​នៅ​ប្រទេស​ប្រេស៊ីល​ (Brazil) ​មាន​ប្រសិទ្ធ​ភាព​តែ​ ​៥១​% ​ប៉ុណ្ណោះ​ ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ ​និង​មាន​ប្រសិទ្ធ​ភាព​ក្រោម​ ​៥០​%(​៤៩​,៦​%) ​ក្នុង​ការ​ទប់ទល់​​​នឹង​ការ​ឆ្លង​មេរោគ​បំប្លែង​ថ្មី​។​

​ឱសថការី​ខ្មែរ​អូស្រ្តា​លី​លោក​វេជ្ជបណ្ឌិត ​លឹម​ ​សួរ​ ​ថា​នៅពេលដែល​វ៉ាក់សាំង​ចិន​នេះ​ ​មាន​ប្រសិទ្ធ​ភាព​ទាប​ស្រាប់​ទៅ​ហើយ​នោះ​ ​ក្រោយ​ចាក់​កាន់តែ​យូរ​ ​ប្រសិទ្ធ​ភាព​នេះ​កាន់តែ​ធ្លាក់ចុះ​ទាប​ខ្លាំង​ថែមទៀត​៖ «បើ​តាម​អ្នកឯកទេស​អូស្រ្តាលី​ទេ​ ​ខ្ញុំ​ស្ដាប់​ប៉ុន្មាន​ខែមុន​ ​គាត់​ថា ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ ​និង​ស៊ីណូហ្វា​ម​ ​បួន​ខែក្រោយ​មក​ ​ចុះ​​រហូតដល់​ ​៤០​ ​ភាគរយ​ ​ចុះ​ទាប​មែនទែន​ ! ​ ម្ល៉ោះ​ហើយ​វា​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន​យើង​ ​វា​មិន​ខ្លាំង​ទប់ទល់​​​នឹង​មេរោគ​ឌែលតា​ (​Delta) ​ ក្រោយនេះ​។​ ​ម្ល៉ោះ​ហើយ​ ​​វា​អាច​នៅតែ​ជា​បញ្ហា»។

​ក្រៅពី​វ៉ាក់សាំង​មាន​ប្រសិទ្ធ​ភាព​ទាប​នេះ​ ​កម្ពុជា​នៅខ្វះ​ព័ត៌មាន​ផ្នែក​វិទ្យា​សា​ស្រ្ត ​និង​វេជ្ជ​សា​ស្រ្ត​អំពី​ប្រសិទ្ធ​ភាព​នៃ​វិធានការ​បង្ការ​ជំងឺ​នេះ​។​ ​ព័ត៌មាន​ដែល​ខ្វះ​នោះ​ ​រួម​មាន ​ថា​តើ​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​នេះ​ ​ប៉ុន្មាន​ភាគរយ​ជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​? ​តើ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ ​ធ្លាប់​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ ​ដែរ​ឬ​យ៉ាងណា​? ​តើ​វិធានការ​បង្ការ​ជំងឺ​កូវីដ-១៩​ ​រួម​មាន​វិធានការ​បី​កុំ​និង​បី​ការពារ​ ​មាន​ប្រសិទ្ធ​ភាព​កម្រិត​ណា​?

គ្មាន​សេចក្តីរាយការណ៍​ណាមួយ​ ​ថា​ក្រសួងសុខាភិបាល​បាន​សិក្សា​ ​ឬ​បង្ហាញ​ព័ត៌មាន​ទាំងនេះ​នោះ​ឡើយ​។​ ​ជាង​នេះ​ទៅទៀត​ ​ចាប់តាំង​ពី​ចុងខែ​​សីហា​ ​ក្រសួងសុខាភិបាល​ ​លែង​ផ្សព្វផ្សាយ​តួលេខ​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​ប្រភេទឌែលតា​(Delta)​តទៅទៀត​ហើយ​ ​និង​គ្មាន​ការ​បញ្ជាក់​មូលហេតុ​​​អ្វី​នោះ​ឡើយ​។​

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​​លោក​ ​សន​ ​ជ័យ​ ​ថា​កង្វះ​ព័ត៌មាន​ទាំងនេះ​ ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មិន​ដឹង​អំពី​ប្រភព​ច្បាស់លាស់​នៃ​ការ​ឆ្លង​ ​និង​ពិបាក​ក្នុង​ការចូលរួម​ ​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នេះ​។​ ​លោក​ ​សន​ ​ជ័យ​ ​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​ ​គួរ​ធ្វើអ្វី​ដែល​ថ្មី​ ​និង​មាន​ប្រសិទ្ធ​ភាពជា​ង​នេះ​៖ «ទិសដៅ​រយៈពេល​វែង​ក្រសួងសុខាភិបាល​គួរតែ​មានការ​បង្ហាញ​ ​តើ​អ្វី​ជាដើម​ចម​នៃ​ការ​ឆ្លង​។​ ​ដូច្នេះ​ការ​ឆ្លង​ ​គេ​គួរ​យក​មូលដ្ឋាន​នៃ​វិធានការ​បី​កុំបី​ការពារ​យកមក​ផ្ទៀង​ផ្ទាល់​ជាមួយនឹង​អ្នក​ដែល​ឆ្លង​ហ្នឹង​ ​ថា​មកពី​ធ្វេសប្រហែស​ក្នុង​កា​រពាក់​ម៉ាស់​ ​ឬមួយ​អាច​ថា ​ភ្លាត់ស្នៀត​នៅ​ក្នុង​ការ​ជួបជុំ​ណាមួយ​ ​ដូចជា​ការ​ផឹកស៊ី​ជាដើម» ។​

​កន្លងមក​មន្រ្តី​ក្រសួងសុខាភិបាល​ ​និង​មន្រ្តី​រដ្ឋាភិបាល​មិនដែល​និយាយ​អំពី​ប្រសិទ្ធ​ភាព​ទាប​នៃ​វ៉ាក់សាំង​ចិន​នេះ​ទេ​។​ ​ពួកគេ​មានតែ​បង្ខំឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ ​និង​ព្រមាន​បញ្ឈប់​ពី​ការងារ​ជាដើម​ ​បើ​មិនព្រម​ចាក់​វ៉ាក់សាំង​នេះ​។​ ​ក្នុងពេលជាមួយគ្នា​នេះ​ ​ពួកគាត់​ច្រើនតែ​ទម្លាក់កំហុស​នៃ​ការ​ឆ្លង​រីក​រាល​ដាល​​ខ្លាំង​​នេះ​ ​ទៅលើ​ប្រជាពលរដ្ឋ​ ​ដែល​ពួកគាត់​អះអាង​ថា ​មិនបាន​ចូលរួម​អនុវត្ត​វិធានការ​រដ្ឋបាល​ ​និង​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន​។

​ប៉ុន្តែ​ ​ថ្មីៗ​នេះ​ ​រដ្ឋាភិបាល​បានឲ្យ​បើក​សាលារៀន​នៅ​ទូទាំង​ប្រទេស​ឡើងវិញ​ ​និង​បណ្ដោយឲ្យ​ពលរដ្ឋ​ពពាក់ពពូន​គ្នា​ ​នៅ​តាម​ទី​វត្តអារាម​ ​ក្នុង​ពិធី​កាន់បិណ្ឌ​ ​ប្រហែល​ជា​ដោយសារតែ​ជឿជាក់​ទៅលើ​វ៉ាក់សាំង​ចិន​ ​ដែល​បាន​ចាក់​ស្រោច​ពេញ​ផ្ទៃ​ប្រទេស​នោះ​។​

ទាល់តែ​សិស្សសាលា​ជាច្រើន​នាក់​ឆ្លង​ជំងឺ​នេះ​ ​ទើប​រដ្ឋាភិបាល​បិទ​សាលារៀន​មួយ​ចំនួន​វិញ​ ​និង​ក្រោយ​ព្រះសង្ឃ​ ​និង​អ្នក​ទៅ​វត្ត​ជាច្រើន​ឆ្លង​ជំងឺ​នេះ​ ​ទើប​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ផ្អាក​ពិធី​កាន់បិណ្ឌ​តាម​វត្តអារាម​នៅ​ទូទាំង​ប្រទេស​។​

​ក្រោយ​ថ្លោះធ្លោយ​រួចហើយ​ ​ទើប​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​ទទួលស្គាល់​ថា​ ​លោក​ធ្វេសប្រហែស​ ​ដែល​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​បុណ្យភ្ជុំបិណ្ឌ​នៅ​ឆ្នាំនេះ​ ​ដែល​បណ្តាលឲ្យ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ​-​១៩​ ​នៅ​តាម​វត្តអារាម​បែប​នេះ​។​

ទោះបីជា​វិបត្តិ​នៃ​ជំងឺ​កូវីដ​-​១៩​ ​បាន​កើតឡើង​ជិត​ ​២​​ឆ្នាំទៅ​ហើយ​ក្តី​ ​ក៏​ការយល់​ដឹង​អំពី​ជំងឺ​នេះ​ ​នៅ​មាន​ក​ម្រិ​ត​នៅឡើយ​ ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ ​នៅតែ​មិន​អាច​ត្រៀម​ខ្លួន​ដើម្បី​បង្ការ​ជំងឺ​នេះ​បាន​។​

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​​លោក​ ​អ៊ូច​ ​វុទ្ធី​ ​ថា​ កុំថាឡើយ​តែ​រាស្រ្ត​សាមញ្ញ​ ​ដែល​នៅតែ​មិនសូវ​យល់​ដឹង​អំពី​បញ្ហា​នេះ​ ​សូម្បីតែ​មន្រ្តី​វេជ្ជ​សាស្រ្ត​ក៏​នៅតែ​មាន​ភាព​ឆក​ល្វែង​ច្រើន​ដែរ​។​ ​លោក​ថា​ ​អ្នកខ្លះ​មិន​ដឹង​ថា ​ខ្លួន​មាន​ ​ឬ​គ្មាន​ប្រព័ន្ធ​ភាព​សាំ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-​១៩​ ​ឬ​យ៉ាងណា​នោះ​ឡើយ​ ​ហើយ​ចេះតែ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ទាំង​ព្រាវ​ ​ដែល​នាំឲ្យ​គ្រោះថ្នាក់៖ «ភាគច្រើន​គាត់​មាន​ជំងឺ​កូវីដ​ហើយ​ ​ហើយ​គាត់​ទៅ​ចាក់​។​ ​កន្លែង​ហ្នឹងហើយ​វា​ស្មើនឹង​សូន្យ​ ​ហើយ​ជំងឺ​ហ្នឹង​វា​នៅតែ​រាលដាល​ ​វា​នៅតែ​ប្រឆាំង​គ្នា​។​ ​អ្នកខ្លះ​ខ្សោយ​ទៅ​ ​អាច​ស្លាប់​។​ ​គ្រូពេទ្យ​មួយ​ចំនួន​ស្លាប់​វាក់​ដំបូង​។​ ​សុទ្ធតែ​គ្រូពេទ្យធំ​ៗ​ទៀត​។​ ​សូម្បីតែ​គ្រូពេទ្យ​ ​នៅតែ​ធ្វេសប្រហែស​ ​ហើយ​ស្លាប់​ទៀត»។

​វិទ្យុ​អាស៊ី​សេរី​ ​មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ្នកស្រី​ ​ឱ​ ​វណ្ណ​ឌី​ន ​បានទេ​។​ ​ប៉ុន្តែ​កន្លងមក​ក្រសួងសុខាភិបាល​ ​មិនដែល​ចេញ​សេចក្តីរាយការណ៍​ណាមួយ​​អំពី​ប្រសិទ្ធ​ភាព​ ​ឬ​ផល​ប៉ះពាល់​របស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-​១៩​ ​របស់​ចិន​នោះ​ឡើយ​។​ ​ក្រសួងសុខាភិបាល​ ​បាន​ត្រឹមតែ​ផ្សព្វផ្សាយ​បន្ត​សារ​​របស់​អង្គការសុខភាព​ពិភពលោក​ ​ដែល​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ ​ដែល​អង្គការសុខភាព​ពិភពលោក​ទទួលស្គាល់​ឲ្យបាន​គ្រប់គ្នា​ ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​

​អង្គការសុខភាព​ពិភពលោក​ ​បាន​ទទួលស្គាល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-​១៩​ ​ចំនួន​ ​៦​មុខ​ ​ពីរ​មុខជា​វ៉ាក់សាំង​ចិន​ ​និង​បួនមុខ​ទៀត​ជា​វ៉ាក់​សាំង​អាមេរិក​ ​និង​អង់គ្លេស​។​ ​ក្នុងចំណោម​វ៉ាក់សាំង​ទាំងនេះ​ ​វ៉ាក់សាំង​អាមេរិក​ ​និង​អង់គ្លេស​ ​មាន​ប្រសិទ្ធ​ភាព​លើស​ពី​ ​៨០​% ​ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ​-​១៩​ ​រួម​ទាំង​មេរោគ​បំប្លែង​ថ្មី​ផង​។​

ឱសថការី​ខ្មែរ​អូស្រ្តា​លី​លោក​ ​លឹម​ ​សួរ​ ​ថាបើ​អាច​ធ្វើ​ទៅ​បាន​ ​រដ្ឋាភិបាល​កម្ពុជា​ ​គួរ​រិះរក​គ្រប់​មធ្យោបាយ​ ​ដើម្បី​ទិញ​វ៉ាក់សាំង​អាមេរិក​ ​ឬ​អង់គ្លេស​ ​ដែល​មានគុណ​ភាព​ប្រសើរ​ជាង​វ៉ាក់សាំង​ចិន​ ​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ​ជា​ដូស​ជំរុញ​ ​ជាជាង​​ពឹង​តែ​ទៅលើ​វ៉ាក់សាំង​ចិន​មួយ​មុខ​។​

​វិទ្យុ​អាស៊ី​សេរី​ ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ជុំវិញ​ជំហរ​រដ្ឋាភិបាល​កម្ពុជា​ ​រឿង​ទិញ​វ៉ាក់សាំង​អាមេរិក​ ​ឬ​អង់គ្លេស​នេះ​បាន​នៅឡើយ​ទេ​។​

ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​អ្នកឃ្លាំមើល​សង្គម​ ​ធ្លាប់​លើកឡើង​ថា​ ​ដោយសារ​របត់​នយោបាយ​នៅ​កម្ពុជា​ ​ជាពិសេស​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​ ​និង​ការ​ងាក​ខ្លាំង​ទៅ​រក​ចិន​កុម្មុយនិស្ត​ជា​ខ្នង​បង្អែក​គ្រប់យ៉ាង​ ​ប្រទេស​កម្ពុជា​អាច​ពិបាក​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ដូចជា ​អង់គ្លេស​ ​ឬ​សហរដ្ឋអាមេរិក​ ​បើ​ទោះបីជា​មាន​ប្រាក់​ទិញ​ក៏ដោយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។