ម៉ាឡេស៊ី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ-១៩

ដោយ ម៉ៅ សុធានី
2021-01-13
Share
ម៉ាឡេស៊ី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ជំងឺ​កូវីដ​១៩
AFP

រដ្ឋាភិបាល​ម៉ាឡេស៊ី​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១​នេះ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

ស្រប​ពេល​ជាមួយ​គ្នា​នេះ អាជ្ញាធរ​ម៉ាឡេស៊ី ក៏​បាន​ប្រកាស​ដាក់​រដ្ឋ និង​ទីក្រុង​ចំនួន​៨ ឲ្យ​ស្ថិត​ក្រោម​វិធានការ​នៃ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ចេញចូល ដោយសារ​អត្រា​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩ កំពុង​ស្ថិត​ក្នុង​អត្រា​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ​។ រដ្ឋ​និង​ក្រុង​ទាំងនោះ រួមមាន​រដ្ឋ ប៉េណាង (Penang) រដ្ឋ (Melaka) ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) និង​ទីក្រុង​ពូត្រាយ៉ាចា (Putrajaya) ជាដើម គឺ​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ជា​បន្ទាន់ រយៈពេល​២​សប្ដាហ៍ ចាប់ពី​ថ្ងៃ​ទី​១៣ ខែ​មករា រហូត​ដល់​ថ្ងៃ​២៦ ខែ​មករា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ សិស្ស​និស្សិត និង​ពលករ​ទាំងអស់ ត្រូវ​អនុវត្ត​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​មិន​ត្រូវ​ធ្វើដំណើរ​ទៅ​តំបន់​ហាមឃាត់​ទាំង​នោះ​ឡើយ។

ចាប់ពី​ថ្ងៃ​ពុធ ទី១៣ ខែ​មករា​នេះ សមត្ថកិច្ច​ម៉ាឡេស៊ី នឹង​បិទ​ការ​ធ្វើ​ដំណើរ​ចេញចូល​ពី​តំបន់ មួយ​ទៅ​តំបន់​មួយ លើកលែង​តែ​មាន​លិខិតអនុញ្ញាត​។ ក្នុង​គ្រួសារ​នីមួយៗ​គឺ​អនុញ្ញាត​ឲ្យ​សមាជិក​២​នាក់​ប៉ុណ្ណោះ អាច​ចេញទៅ​ទិញ​ម្ហូប​និង​សម្ភារៈ​ចាំបាច់ មិន​ឲ្យ​ធ្វើដំណើរ​លើស​ពី ១០​គីឡូម៉ែត្រ នៅ​ជុំវិញ​កន្លែង​ស្នាក់នៅ។

ចំណែក​ផ្សារ កន្លែង​ផ្ដល់​សេវាកម្ម​សុខភាព ឱសថស្ថាន និង​ធនាគារ អនុញ្ញាត​ឲ្យ​បើក​ដំណើរការ តែ​ត្រូវ​អនុវត្ត​តាម​ស្តង់ដារ​សុវត្ថិភាព​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។ ចំពោះ​អាហារដ្ឋាន ភោជនីយដ្ឋាន និង​ហាង​បាយ​នានា គឺ​អនុញ្ញាត​ឲ្យ​លក់​អាហារ​ខ្ចប់​និង​ដឹក​ចេញ​ជូន​ភ្ញៀវ​ប៉ុណ្ណោះ​។ ក្រុមហ៊ុន ឬ​ស្ថាប័ន​នីមួយៗ អនុញ្ញាត​ឲ្យ​បុគ្គលិក​ត្រឹម​៣០% មក​កន្លែង​ធ្វើ​ការ ហើយ​៧០% ផ្សេង​ទៀត ធ្វើការ​ពី​ផ្ទះ។

សមត្ថកិច្ច​ម៉ាឡេស៊ី ក៏បាន​ប្រកាស​ផង​ដែរ​ថា ប្រសិនបើ​មាន​ជនណា​ម្នាក់​ប្រព្រឹត្ត​ល្មើស​នឹង​បទបញ្ជា​ទាំងនេះ គឺ​ត្រូវ​បង់​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ១​ពាន់ រីងហ្គីត ប្រមាណ​ជា​ទឹកប្រាក់ ២៥០​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល