ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ លែង​ជា​ការ​តម្រូវ​ទៀត​ហើយ នៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2022.04.26
Share on WhatsApp
Share on WhatsApp
ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ លែង​ជា​ការ​តម្រូវ​ទៀត​ហើយ នៅ​កម្ពុជា ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​នៅ​តំបន់​អង្គរ​ភាគ​ច្រើន​មិន​ពាក់​ម៉ាស់ កាល​ពី​ថ្ងៃ​ទី១៥ ខែមេសា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

បើ​លោក​អ្នក​ស្ថិត​នៅ​ទី​សាធារណៈ​ចង់​ពាក់​ម៉ាស់ ឬ​មិន​ពាក់​ម៉ាស់​ជា​សិទ្ធិ​សម្រេច​របស់​លោក​អ្នក។​ នេះ​ជា​ការ​ណែនាំ​ថ្មី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន។ ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ពលរដ្ឋ​គួរ​កុំ​ប្រហែស​រឿង​ពាក់​ម៉ាស់​ និង​ត្រូវ​បរិភោគ​អាហារ​ដែល​ជួយ​ការពារ​រាង​កាយ​ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩។

ចាប់​ពី​ថ្ងៃ​ទី២៦ ខែ​មេសា​ត​ទៅ ពលរដ្ឋ​ដែល​នៅ​កន្លែង​ចំហ ឬ​នៅ​ទី​សាធារណៈ ពលរដ្ឋ​អាច​ជ្រើសរើស​ពាក់​ម៉ាស់ ឬ​មិន​ពាក់​ម៉ាស់ ប៉ុន្តែ​នៅ​ទី​កន្លែង​បិទ​ជិត ពលរដ្ឋ​បន្ត​ពាក់​ម៉ាស់​ដដែល។ សារ​សំឡេង​លោក ហ៊ុន សែន ថ្ងៃ​ទី២៦ ខែមេសា លោក​ចង់​ឃើញ​ពលរដ្ឋ​បង្វែរ​លុយ​ទិញ​ម៉ាស់​ យក​ទៅ​ទិញ​ម្ហូប​អាហារ​សំលៀកបំពាក់ ឬ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​វិញ ដែល​លោក​យល់​ថា អាច​ចំណេញ​ដល់​សេដ្ឋកិច្ច​ជាតិ។ បទ​បញ្ជា​របស់​លោក ហ៊ុន សែន បែប​នេះ ដោយ​លោក​អះអាង​ដែរ​ថា ពលរដ្ឋ​បាន​ចាក់សាំង​គ្រប់​គ្នា​អស់​ហើយ៖ «អត្ថន័យ​ដែល​កន្លែង​បិទ​ជិត​ដែល​ខ្ញុំ​ករុណា​ខ្ញុំ​ចង់​និយាយ គឺ​សំដៅ​បន្ទប់​នៃ​ការ​ប្រជុំ​ ដែល​មាន​ការ​បិទ​ជិត​ហើយ​ប្រើ​ម៉ាស៊ីន​ត្រជាក់​ ឬ​ក៏​នៅ​ក្នុង​រោង​ភាពយន្ត ដែល​មាន​មនុស្ស​នៅ​ទី​នោះ ហើយ​មាន​ការ​បិទ​ជិត ហើយ​ម៉ាស៊ីន​ត្រជាក់ ប៉ុន្តែ​ក្នុង​ករណី​មាន​លំហ ដូច​ជា​ក្នុង​អគារ​ដដែល​ប៉ុន្តែ​មាន​លំហ​ខាង​ក្រៅ​គឺ​អាច​ដោះ​ម៉ាស់​​ចេញ»

លោក ហ៊ុន សែន ក៏​ជំរុញ​ឲ្យ​ពលរដ្ឋ ទៅ​ចាក់​សាំង​ឲ្យ​បាន ៣ដូស និង​គ្រោង​ចាក់​វ៉ាក់សាំង​​ដូស​ទី៥ ដល់​មន្ត្រី​ជួរ​មុខ។

ទាក់ទង​បទបញ្ជា​របស់​លោក ហ៊ុន សែន បែប​នេះ មន្ត្រី​សង្គម​ស៊ីវិល​រំលឹក​ថា ពលរដ្ឋ​គួរ​កុំ​ប្រហែស​រឿង​ពាក់​ម៉ាស់ ហើយ​បើ​​ពួក​គេ​កំពុង​ស្ថិត​នៅ​កន្លែង​ប្រឈម​នឹង​ឆ្លង​ជំងឺ​កូវីដ១៩ គួរ​កុំ​ចោល​ម៉ាស់។

មន្ត្រី​សម្របសម្រួល​គម្រោង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​យុវជន​និង​អ្នក​តស៊ូ​មតិ លោក ម៉ើ ចាន់ដារ៉ា សាទរ​ការ​សម្រេច​បែប​នេះ​របស់​លោក ហ៊ុន សែន ប៉ុន្តែ លោក​ជំរុញ​ទៅ​រដ្ឋាភិបាល​នៅតែ​បន្ត​ប្រុងប្រយ័ត្ន​លើ​បញ្ហា​ជំងឺ​កូវីដ១៩។ លោក​បន្ត​ថា បើ​ហេតុការណ៍​អ្វី​មួយ ដែល​កើត​ចេញ​ពី​ការ​ធ្វេសប្រហែស​នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកា ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា និង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ជា​ថ្មី៖ «ក្រើន​រំលឹក​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើ​ការ​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ឯង​ឲ្យ​ទៀងទាត់​ ផ្ដល់​សេវា​សាធារណៈ​​សម្រាប់​ការ​ព្យាបាល​បន្ថែម​ទៀត​ ជា​ពិសេស ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ឲ្យ​គាត់​យល់​ដឹង​​កាន់​តែ​ល្អ​ទៀត​​ជាពិសេស​គឺ​ការ​សហការ​គ្នា​រវៀង​ពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន»

ចំណែក​ប្រធាន​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC)​ លោក រស់ សុដ្ឋា យល់​ថា ការ​ពាក់​ម៉ាស់​មិន​មែន​ត្រឹម​តែ​អាច​ជួយ​បង្ការ​ជំងឺ​កូវីដ១៩ តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ជួយ​ការពារ​នៃ​ការ​ឆ្លង​ជំងឺ​មួយ​ចំនួន​ទៀត។ លោក​ថា ពលរដ្ឋ​គួរ​បន្ត​ការ​ប្រុងប្រយ័ត្ន និង​គួរ​តែ​មាន​ម៉ាស់​ជាប់​ខ្លួន​ដដែល ដោយ​ចេះ​ពិចារណា​ថា កន្លែង​ណា​គួរ​ពាក់ និង​កន្លែង​មិន​គួរ​ពាក់។ លោក​បន្ត​ថា ពលរដ្ឋ​ត្រូវ​បរិភោគ​អាហារ​ដែល​ជួយ​ការពារ​សុខភាព​ កុំ​បរិភោគ​សាច់​ច្រើន​ជាតិ​ផ្អែម​ច្រើន​ពេក​ និង​ជៀសវាង​ពិសា​គ្រឿង​ស្រវឹង​ជា​ដើម៖ «សំខាន់​ជា​ការ​យោបល់​របស់​ខ្ញុំ ប្រជាពលរដ្ឋ​កុំ​ភ្លេច​ការ​ការពារ​កុំ​ប្រហែស​ណា​ ម៉ាស់​ហ្នឹង​មិនមែន​ត្រឹម​ការពារ​មេរោគ​ទេ ការពារ​ធូលី ការពារ​មេរោគ​ផ្សេងៗ ទៀត​​ថែម​ទៀត​ដែរ»

ការ​ដែល​មេ​ដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​មិន​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ពេល​នេះ គឺ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ព្រះវិហារ មិន​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ កាល​ពី​ថ្ងៃ​ទី១០ មេសា​កន្លង​ទៅ និង​មិន​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​ទ្រង់ទ្រាយ​ធំ​ក្រោយ​ពី​បុណ្យ​​ចូលឆ្នាំ​ខ្មែរ។

ទោះ​មាន​ការ​ប្រកាស​មិន​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​​ពេល​នេះ​ក្ដី ក៏​លោក ហ៊ុន សែន រំលឹក​ថា ប្រសិន​កម្ពុជា និង​សកល​លោក​ជួប​ហានិភ័យ​ជំងឺ​កូវីដ១៩ ផ្ទុះ​ឡើង​ជា​ថ្មី រដ្ឋាភិបាល​នឹង​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ឡើង​វិញ ឬ​ការ​ចេញ​វិធាន​ការ​ណែនាំ​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។