ក្រសួង​សុខាភិបាល​ណែនាំ​វិធាន​ការ​សុខភាព​ដល់​ពលរដ្ឋ អំឡុង​ពេល​គ្រោះ​ទឹក​ជំនន់​

ក្រសួង​សុខាភិបាល​ក្រើន​រម្លឹក​ដល់​ពលរដ្ឋ ដែល​រស់​នៅ​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់​ តំបន់​មិន​ទាន់​មាន​ទឹក​ជំនន់​មក​ដល់​ និង​តំបន់​ដែល​ទឹកជំនន់​បាន​ស្រក​ទៅ​វិញ ​ឲ្យ​អនុវត្ត​វិធានការ​សុខភាព​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​សុខភាព​ និង​អាយុជីវិត​។

ក្រសួង​សុខាភិបាល​ ណែនាំ​ដល់​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​ មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះចាស់​ទ្រុតទ្រោម​ ដែល​អាច​បាក់​ស្រុត​ ប្រយ័ត្ន​ចំពោះ​ការ​ឆក់​ចរន្ត​អគ្គិសនី​ សម្រាក​ក្នុង​មុង​ ចៀសវាង​ជំងឺ​គ្រុនឈាម​ ជំងឺ​គ្រុនចាញ់​ រក្សា​អនាម័យ​ខ្លួន​ប្រាណ​ យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ​ និង​ក្មេង​តូចៗ​ជា​ដើម។

ចំណែក​តំបន់​ដែល​ទឹក​ទើប​ស្រក​ទៅ​វិញ​ ក្រសួង​សុខាភិបាល​ ណែនាំ​ដល់​ពលរដ្ឋ​ ប្រុង​ប្រយ័ត្ន​សត្វ​ពស់​ ឬ​សត្វ​ផ្សេងៗ​ នៅ​ក្នុង​ផ្ទះ​ បន្ត​បរិភោគ​ចំណី​អាហារ​ស្អាត​ ផឹកទឹក​ស្អាត​ រក្សា​អនាម័យ​ខ្លួន​ប្រាណ​ និង​អនាម័យ​ជុំវិញ​ផ្ទះ​ និង​បន្ត​សម្រាក​ក្នុង​មុង​ជាដើម។

ដោយ​ឡែក​ ចំពោះ​តំបន់​ដែល​មិន​ទាន់​មាន​ទឹក​ជំនន់​មក​ដល់​ ក្រសួង​សុខាភិបាល​ ណែនាំ​ដល់​ពលរដ្ឋ​ ត្រូវ​តាម​ដាន​ស្ថានភាព​ទឹក​ ត្រៀម​ទីទួល​សុវត្ថិភាព​ និង​អាហារ​។ ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ស្រះ​ ឬ​កន្លែង​មាន​អន្លង់​ជ្រៅ​ រក្សា​បរិស្ថាន​ឲ្យ​បាន​ស្អាត​ និង​សាងសង់​បង្គន់​ឲ្យ​បាន​ខ្ពស់។ ក្នុង​ករណី​បន្ទាន់​ ពលរដ្ឋ​អាច​ទាក់ទង​ទៅ​ក្រសួង​សុខាភិបាល​តាម​រយៈ​លេខ​ ១១៥ ឬ​តាម​លេខ​ទូរស័ព្ទ​ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។