ក្រសួងសុខាភិបាលក្រើនរម្លឹកដល់ពលរដ្ឋ ដែលរស់នៅតំបន់រងគ្រោះដោយសារទឹកជំនន់ តំបន់មិនទាន់មានទឹកជំនន់មកដល់ និងតំបន់ដែលទឹកជំនន់បានស្រកទៅវិញ ឲ្យអនុវត្តវិធានការសុខភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាព និងអាយុជីវិត។
ក្រសួងសុខាភិបាល ណែនាំដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ មិនត្រូវចូលទៅក្នុងផ្ទះចាស់ទ្រុតទ្រោម ដែលអាចបាក់ស្រុត ប្រយ័ត្នចំពោះការឆក់ចរន្តអគ្គិសនី សម្រាកក្នុងមុង ចៀសវាងជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ រក្សាអនាម័យខ្លួនប្រាណ យកចិត្តទុកដាក់ចំពោះមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងក្មេងតូចៗជាដើម។
ចំណែកតំបន់ដែលទឹកទើបស្រកទៅវិញ ក្រសួងសុខាភិបាល ណែនាំដល់ពលរដ្ឋ ប្រុងប្រយ័ត្នសត្វពស់ ឬសត្វផ្សេងៗ នៅក្នុងផ្ទះ បន្តបរិភោគចំណីអាហារស្អាត ផឹកទឹកស្អាត រក្សាអនាម័យខ្លួនប្រាណ និងអនាម័យជុំវិញផ្ទះ និងបន្តសម្រាកក្នុងមុងជាដើម។
ដោយឡែក ចំពោះតំបន់ដែលមិនទាន់មានទឹកជំនន់មកដល់ ក្រសួងសុខាភិបាល ណែនាំដល់ពលរដ្ឋ ត្រូវតាមដានស្ថានភាពទឹក ត្រៀមទីទួលសុវត្ថិភាព និងអាហារ។ ធ្វើរបងព័ទ្ធជុំវិញស្រះ ឬកន្លែងមានអន្លង់ជ្រៅ រក្សាបរិស្ថានឲ្យបានស្អាត និងសាងសង់បង្គន់ឲ្យបានខ្ពស់។ ក្នុងករណីបន្ទាន់ ពលរដ្ឋអាចទាក់ទងទៅក្រសួងសុខាភិបាលតាមរយៈលេខ ១១៥ ឬតាមលេខទូរស័ព្ទ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
