ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​ពលរដ្ឋ​កុំ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម ឈ្មោះ «Qdenga»

ក្រសួង​សុខាភិបាល​ប្រកាស​ហាម​ប្រជា​ពលរដ្ឋ​កុំ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម​ឈ្មោះ «Qdenga» ដែល​នៅ​ពុំ​ទាន់​បានការ​ទទួលស្គាល់​ជា​ផ្លូវការ ពី​អង្គការ​សុខភាព​ពិភពលោក (WHO) និង​នាយកដ្ឋាន​ចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក (FDA) នៅឡើយ។

ការ​ប្រកាស​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​២៤ ខែ​មករា កន្លង​មក​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​បុគ្គល​មួយចំនួន កំពុង​ផ្សព្វផ្សាយ​ឱ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុន​ឈាម​ឈ្មោះ «Qdenga» ខណៈ​ដែល​វ៉ាក់សាំង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​ទី៣ នៅ​ឡើយ​។ ក្រសួង​ក៏​បាន​បញ្ជាក់​ថា បច្ចុប្បន្ន វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម​នេះ មិន​ទាន់​ត្រូវ​បាន​ចុះបញ្ជី​ការ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។

ក្រសួង​ក៏បាន​អំពាវនាវ​ដល់​សាធារណជន​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សកម្ម​ចូលរួម​កម្ចាត់​ដង្កូវទឹក នៅ​តាម​ទីកន្លែង​ដែល​មាន​ទឹក​ដក់ ដូចជា សំបក​កង់ឡាន ម៉ូតូ ពាង សំបក​ដប កំប៉ុង ត្រឡោក​ដូង និង​វត្ថុ​ដក់​ទឹក​ផ្សេងទៀត​។ ក្នុង​ករណី​មាន​រោគសញ្ញា​ក្តៅ​ខ្លួន​ខ្លាំង ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​រក​សេវា​ពិនិត្យ និង​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព នៅ​ជិត​បំផុត​ជា​បន្ទាន់។

ស្ថិតិ​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​រក​ឃើញ​ករណី​ជំងឺ​គ្រុនឈាម​សរុប​ជាង ៣​ម៉ឺន​នាក់ (៣០,០០០) ដែល​អត្រា​នេះ មាន​ការ​កើនឡើង​ជាង​ឆ្នាំមុនៗ ប៉ុន្តែ​ស្ថានភាព​អ្នក​កើត​ជំងឺ​គ្រុនឈាម​ទាំង​នោះ ស្ថិត​ក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។