ការរាតត្បាតជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី (nCoV-2019) កំពុងបន្តរាតត្បាតនៅប្រទេសចិន និងបន្តឆ្លងទៅប្រទេសមួយចំនួន ក្នុងពិភពលោក។ ជំងឺវីរុសកូរ៉ូណា ប្រភេទថ្មីនេះ បណ្ដាលឱ្យមនុស្សស្លាប់ជាច្រើននាក់ ក្នុងចំណោមអ្នកឈឺជាច្រើនរយនាក់ផ្សេងទៀត។
តើជំងឺរលាកសួតប្រភេទវីរុសកូរ៉ូណាថ្មីនេះ (CoronaVirus) មានរោគសញ្ញាអ្វីខ្លះ ហើយគេអាចការពារដោយវិធីណា?
ជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ (nCoV-2019) បានផ្ទុះរាលដាលជាលើកដំបូង នៅក្នុងក្រុង វ៉ូហាន (Wuhan) នៃខេត្តហ៊ូបេ ((Hubei)) ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩។ ជំងឺប្រភេទថ្មីនេះ ក្រៅពីរាតត្បាតនៅប្រទេសចិន បច្ចុប្បន្ននេះ អ្នកកើតជំងឺប្រភេទនេះ ត្រូវបានរកឃើញ នៅក្នុងសហរដ្ឋអាមេរិក និងនៅប្រទេសមួយចំនួន ក្នុងតំបន់អាស៊ី ដែលអ្នកទាំងនោះ ទើបបានធ្វើដំណើរចេញពីតំបន់រាតត្បាត នៅក្នុងខេត្តហ៊ូបេ។
តើវីរុសកូរ៉ូណាថ្មីនេះ មានរោគសញ្ញាអ្វីខ្លះ? មជ្ឈមណ្ឌលការពារនិងទប់ស្កាត់ជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) ឱ្យដឹងថា រោគសញ្ញាដំបូងនៃប្រភេទវីរុសមួយនេះ គឺបណ្ដាលឱ្យមានបញ្ហាផ្លូវដកដង្ហើម គ្រុនផ្តាសាយ រួមមាន ហៀរសំបោរ ឈឺក្បាល ក្អក ឈឺបំពង់ក ឈឺខ្លួនប្រាណ និងគ្រុនក្តៅ ជាដើម។ មានករណីខ្លះ អ្នកឈឺ អាចបណ្ដាលឱ្យកើតជំងឺរលាកសួត (pneumonia)។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក វេជ្ជបណ្ឌិត លី សុវណ្ណ មានប្រសាសន៍ប្រាប់អាស៊ីសេរី កាលពីយប់មិញថា ក្នុងករណីសង្ស័យថា មានរោគសញ្ញាណាមួយ ត្រូវទាក់ទងទៅក្រសួងសុខាភិបាល ជាបន្ទាន់ លេខ ១១៥ ដើម្បី ពិនិត្យមើលថាតើមានជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះឬក៏អត់។ លោកវេជ្ជបណ្ឌិត បន្តថា ទោះបីនៅទីកន្លែងណាក៏ដោយ អាចទាក់ទងមកបានដែរ ពិព្រោះក្រសួងសុខាភិបាលបានហ្វឹកហាត់បុគ្គលិកពេទ្យ ជាង២ពាន់នាក់ និងមានឧបករណ៍គ្រប់គ្រាន់ ដើម្បីធ្វើតេស្តដឹង មិនលើសពី២៤ម៉ោងនោះទេ៖ «បងប្អូនដែលមានរោគសញ្ញាដូចជាគ្រុនក្តៅ លើសពី៣៨អង្សាសេឡើងទៅ ឬក្អក ឬមួយឈឺក ឬក៏ហត់។ ហើយមានប្រវត្តិទើបធ្វើដំណើរមកពីប្រទេសចិន។ យើងចាត់ទុកករណីសង្ស័យ សូមទាក់ទងមកយើង យើងនឹងអាចយកវត្ថុតាងដើម្បីធ្វើការពិសោធន៍ យើងមានមន្ទីរពិសោធន៍ថ្នាក់ជាតិ អាចរកឃើញរកសញ្ញានេះបាន»។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អះអាងផងដែរថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីជំងឺរលាកសួតប្រភេទថ្មីនេះទេ។ ទោះជាយ៉ាងណា លោកថា ក្រសួងសុខាភិបាល កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ត្រៀមចាត់វិធានការជាបន្ទាន់ដើម្បីជួយសង្គ្រោះអ្នកជំងឺនិងទប់ស្កាត់កាលរីករាលដាល៖ «ទោះបីយ៉ាងណាក៏ដោយ យើងប្រឹងប្រែងបង្ការ ទប់ស្កាត់ យើងមានដាក់មន្ត្រីតាមចំណតយន្តហោះទាំងបី យើងមានដាក់ម៉ាស៊ីនពិនិត្យកម្ដៅ។ មន្ទីរពេទ្យរដ្ឋនិងឯកជន យើងបានផ្សព្វផ្សាយហើយ។ រហូតមកដល់ពេលនេះ យើងអត់ឃើញមានឆ្លងជំងឺនេះនៅឡើយទេ»។
តើវីរុសកូរ៉ូណាថ្មីនេះ ឆ្លងដោយរបៀបណា ហើយគេអាចព្យាបាលតាមវិធីណាខ្លះ ?
គេហទំព័រមជ្ឈមណ្ឌលការពារនិងទប់ស្កាត់ជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) ឱ្យដឹងទៀតថា វីរុសកូរ៉ូណាប្រភេទថ្មីនេះ ភាគច្រើនគឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈអ្នកកើតជំងឺនេះ ដែលក្អក និងកណ្ដាស់ មនុស្សនោះនៅជាប់ស្និទ្ធស្នាល ជាមួយអ្នកជំងឺ ដូចជាស្ទាបអង្អែល ថើបនិងប៉ះដៃជើង ជាដើម ហើយមានករណីកម្រខ្លះ គឺឆ្លងតាមរយៈលាមកមនុស្ស។ ចំពោះវិធីការពារការឆ្លងវិញ លោកអ្នកត្រូវនៅឱ្យឆ្ងាយពីអ្នកជំងឺ ប្រើម៉ាសការពារ លាងដៃនឹងសាប៊ូ រៀងរាល់២០វិនាទី ជៀសវាងការប៉ះភ្នែក ច្រមុះនិងមាត់ នៅពេលមិនទាន់លាងដៃ។ ហើយប្រសិនបើអ្នកជំងឺក្អកឬកណ្ដាស់ ត្រូវខ្ទប់មាត់ច្រមុះនឹងក្រដាសជូតមាត់ រួចហើយបោះចោលក្នុងធុងសម្រាម និងលាងដៃភ្លាម។
ចំពោះវិធីព្យាបាលវិញ CDC ឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ គេគ្មានថ្នាំឬវ៉ាក់សាំង ដើម្បីការពារឬព្យាបាលអ្នកកើតជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV-2019) នេះទេ។ ប្រសិនបើមានរោគសញ្ញាណាមួយ អ្នកជំងឺត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើតេស្តមើលឈាម។ ប្រភពដដែលបន្តថា ភាគច្រើនអ្នកជំងឺអាចជាសះស្បើយដោយខ្លួនឯង តាមរយៈវិធីព្យាបាលដោយលេបថ្នាំគ្រុនក្តៅ ដូចជា acetaminophen ឬ ibuprofen ដើម្បីកាត់បន្ថយកម្ដៅក្នុងខ្លួន ងូតទឹកក្តៅអ៊ុនៗ ដើម្បីជួយសម្រួលការឈឺបំពង់ក និងក្អក ញ៉ាំទឹកឱ្យបានច្រើន នៅផ្ទះនិងគេងសម្រាកឱ្យបានច្រើន។ បន្ថែមពីនេះ ត្រូវជៀសវាងការជក់បារី និងកុំនៅក្បែរតំបន់ដែលមានការបំពុលខ្យល់។
តើមូលហេតុអ្វីបណ្ដាលឱ្យកើតជំងឺរលាកសួតដោយវីរុសកូរ៉ូណា ប្រភេទថ្មីនេះ? តាមការចុះផ្សាយអត្ថបទរបស់ទូរទស្សន៍ស៊ីអិនអិន (CNN) នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមករា ឱ្យដឹងថា ប្រជាពលរដ្ឋចិន ចូលចិត្តបរិភោគសាច់ពស់វែក (Cobra) ដែលនេះគឺវាអាចជាប្រភពបណ្ដាលឱ្យកើតជំងឺរលាកសួតប្រភេទនេះ។ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថាជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី នេះ (2019-nCoV) គឺស្រដៀងគ្នាទៅនឹងជំងឺរលាកសួត MERS-CoV និង SARS-CoV ដែលបានផ្ទុះរាលដាលនាពេលកន្លងមកនេះ។
ចំណែករោគសញ្ញានៃជំងឺរលាកសួត ប្រភេទ (MERS-CoV) វិញ ភាគច្រើនបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ ក្នុងនោះរួមមាន ក្តៅខ្លួនខ្លាំង ក្អក ដកដង្ហើមផុតៗ និងវិវត្តឱ្យរលាកសួតធ្ងន់ធ្ងរ។ ស្ថិតិអង្គការសុខភាពពិភពលោក ឱ្យដឹងថា ជំងឺរលាកសួត បណ្តាលមកពីវីរុសMERS ដែលបានផ្ទុះរីករាលដាល កាលពីឆ្នាំ ២០១២ គឺមានមនុស្សស្លាប់ ចំនួន ៤៧៥នាក់ ក្នុងចំណោមអ្នកឆ្លងនិងកើតចំនួន ជិត ១ពាន់៤រយនាក់ (1,338 cases)។ ក៏ប៉ុន្តែអ្នកកើតជំងឺ (SARS-CoV) ដែលបានផ្ទុះរាលដាល កាលពីឆ្នាំ ២០០៣ គឺមានចំនួន ១ពាន់ ៧រយ ៥៥ករណី គឺមានអ្នកស្លាប់ចំនួន ២៩៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។