រយៈពេលបួនថ្ងៃមកហើយក្រសួងសុខាភិបាលនៅមិនទាន់បានបង្ហាញលទ្ធផលជាផ្លូវការនៃការធ្វើតេស្តរកជំងឺកូវីត១៩ ទៅជនបរទេសនិងជនជាតិខ្មែរជិត ៤០នាក់ក្រោយពីប្តីជនជាតិកាណាដា និងប្រពន្ធជនជាតិវៀតណាម ត្រូវបានក្រសួងរកឃើញថាមានផ្ទុកជំងឺកូវិត១៩ បន្ទាប់ពីបានស្នាក់នៅរួមគ្នាក្នុងអគារស្នាក់មួយកន្លែងក្នុងសង្កាត់បឹងកេងកេងមួយ។អ្នកនាំពាក្យក្រសួងសុខាភិបាលនិយាយថារង់ចាំផ្ដល់ព័ត៌មាននៅពេលក្រោយ។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ប្រាប់អាស៊ីសេរីថា អ្នកស្រីមិនទាន់ដឹងលទ្ធផលនៃការធ្វើតេស្តដើម្បីរកជំងឺកូវីត១៩ នៅលើជនបរទេសនិងជនជាតិខ្មែរសរុបចំនួន ៣៩នាក់ ថាមានលទ្ធផលវិជ្ជមាន ឬ អវិជ្ជមាននៅឡើយទេ។អ្នកស្រីបញ្ជាក់ថា អ្នកស្រីកំពុងរង់ចាំព័ត៌មាននេះនៅឡើយហើយសេចក្ដីរាយការណ៍លម្អិតនឹងបញ្ជាក់ជូនក្នុងសន្និសីទកាសែតនៅថ្ងៃទី២០ ខែមេសាខាងមុខនេះ៖ « ខ្ញុំកំពុងរង់ចាំលទ្ធផលគេដែរហ្នឹង រាល់ដងនៅកណ្ដាលអាធ្រាត្រឯណោះ » ។
អភិបាលខណ្ឌបឹងកេងកងលោក ធឹម សំអាន បញ្ជាក់ថា កាលពីថ្ងៃទី១៥ មេសាកន្លងនៅនេះមានជនជាតិចិន កាណាដា និងជនជាតិវៀតណាម ចំនួន ៣០នាក់ បានស្នាក់នៅក្នុងអាផាតមិន (Apartment) មួយនៅទីក្រុងភ្នំពេញ ព្រមទាំងបុគ្គលិកខ្មែរចំនួន ១៩នាក់ ដែលបម្រើការងារនៅទីនោះ ត្រូវបានបុគ្គលិកសុខាភិបាលបានយកវត្ថុវិភាគ ដើម្បីធ្វើតេស្តរកជំងឺកូវីត១៩។
លោកបញ្ជាក់ថា ក្រសួងមិនទាន់បានបង្ហាញលទ្ធផលនៃការធ្វើតេស្តនេះនៅឡើយ ប៉ុន្តែអាជ្ញាធរបានដាក់ពួកគេអោយនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃនៅក្នុងអគារស្នាក់នៅរួមគ្នានោះ ដើម្បីបន្តតាមដានពួកគេ។ លោកបញ្ជាក់ថា អាជ្ញាធរ ហាមមិនឲ្យពួកគេទាំង ៣៩នាក់ ដើរចេញក្រៅជាសាធារណៈនោះទេដរាបណាមិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាលថាពួកគេមិនមានជំងឺកូវីត១៩៖ « អញ្ចឹងអ្វីដែលយើងធ្វើនេះគឺធ្វើទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីយើងការពារកុំឲ្យរីករាលដាលតទៅទៀតអញ្ចឹងបានយើងតាមដានមើលថាតើអ្នកណាប៉ះពាល់ជាមួយអ្នកផ្ទុកមេរោគកូវីដនេះ ដើម្បីរីករាលដាលបន្តទៅទៀតបានជាយើងធ្វើបែបនេះ » ។
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៣ មេសាក្រោយពីបានទទួលដំណឹងនេះភ្លាមបានចេញសេចក្ដីប្រកាសភ្លាមៗដោយបានដាស់តឿនដល់សិស្សានុសិស្ស និងបុគ្គលិកក្រសួងអប់រំទាំងអស់ផ្អាកការទទួលទានអាហារនៅក្រៅផ្ទះនិងប្រាស្រ័យ ទាក់ទងគ្នានៅក្បែរតំបន់នោះ។ ក្រោយមកក៏មានការផ្សាយព័ត៌មានតាមបណ្តាញសង្គមធ្វើឲ្យមានការចលាចលសម្រាប់អ្នករស់នៅតំបន់សង្កាត់បឹងកេងកង១។
ក្រសួងសុខាភិបាលថា គិតត្រឹមថ្ងៃទី១៨ មេសានេះ មិនបានរកឃើញអ្នកជំងឺកូវីដ១៩ នោះទេ ពោលគឺរយៈពេល ៥ថ្ងៃកន្លងមកនេះ អ្នកផ្ទុកជំងឺកូវីដ១៩ នៅទូទាំងប្រទេសមានចំនួន ១២២នាក់ដដែល។
សង្គមស៊ីវិល លើកឡើងថា ប្រសិនបើកម្ពុជាមានវិធានការតឹងរ៉ឹងគ្រប់ជ្រុងជ្រោយតាំងពីដំបូង ប្រហែលជាកម្ពុជា មិនមានករណីឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នោះទេ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា ចំពោះវិធានការផ្អាកអ្នកដំណើរពីប្រទេសលោកខាងលិច ដែលកំពុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ មិនទាន់គ្រប់គ្រាន់ឡើយ ។
លោក ស្នើដល់ប្រមុខរដ្ឋាភិបាល ចេញបម្រាមហាមអ្នកដំណើរពីប្រទេសចិនដែរ ព្រោះចិន គឺជាប្រភពនៃការផ្ទុះនិងចម្លងមេរោគដ៏កាចសាហាវនេះ។ ប្រធានអង្គការរូបនេះ យល់ថា ការដែលរដ្ឋាភិបាលបន្តឱ្យអ្នកដំណើរពីប្រទេសចិននេះ អាចធ្វើឱ្យសាធារណជនសង្ស័យថា វិធានការបែបនេះ មិនផ្អែកលើការវាយតម្លៃតាមបែបបច្ចេកទេសទាំងស្រុងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។