យូនីសេហ្វ​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​រួមគ្នា​ជាមួយ​យុវជន​ដោះស្រាយ​វិបត្តិ​សុខភាព​ផ្លូវចិត្ត

អង្គការ​យូនីសេហ្វ​កម្ពុជា (UNICEF) ប្រកាស​ចាប់​ផ្តើម​យុទ្ធនាការ​ថ្មី​មួយ​រួមគ្នា​ជាមួយ​យុវជន ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​។ យុទ្ធនាការ​នេះ ទទួល​បាន​មូល​និធិ​គាំទ្រ ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ប្រចាំ​កម្ពុជា សហការ​ជាមួយ​អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌​កម្ពុជា (TPO) និង​បណ្ដាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​យូនីសេហ្វ នៅ​ថ្ងៃទី១៥ ខែមិថុនា ឲ្យ​ដឹង​ថា ការ​ចាប់ផ្តើម​យុទ្ធនាការ​នេះ ធ្វើឡើង​ក្រោយពី​យូនីសេហ្វ រក​ឃើញ​ថា ជំងឺ​រាតត្បាត​សកល​កូវីដ​-១៩ បាន​ធ្វើ​ឲ្យ​វិបត្តិ​សុខភាព​ផ្លូវចិត្ត​ដែល​កំពុង​មាន​ស្រាប់​ហើយ​នោះ កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​យុវជន​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​នៅ​កម្ពុជា​ផង​ដែរ​។ របាយការណ៍​យូនីសេហ្វ​ស្ដីពី​ស្ថានភាព​ពិភពលោក​នៅ​ឆ្នាំ​២០២១ រក​ឃើញ​ថា យុវវ័យ​ម្នាក់​ក្នុងចំណោម ៧​នាក់ នៅ​ទូទាំង​សកលលោក ត្រូវ​បាន​គេ​រក​ឃើញ​ថា កំពុង​រស់នៅ​ជាមួយ​វិបត្តិ​ផ្លូវចិត្ត។

ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ របាយការណ៍​រក​ឃើញ​ថា យុវវ័យ​ចំនួន​៤៥% ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន ក្នុង​អំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ និង ១៦% មាន​អារម្មណ៍​ថប់​បារម្ភ ឬ​ធ្លាក់​ទឹកចិត្ត ចាប់តាំងពី​ពេល​ចាប់ផ្ដើម​នៃ​វិបត្តិ​ជំងឺ​នេះ​។ បន្ថែម​ពី​នេះ ការ​វាយ​តម្លៃ​ស្ដីពី​តម្រូវ​ការអប់រំ ក៏បាន​រក​ឃើញ​ថា ៥៨% នៃ​សិស្ស​មធ្យមសិក្សា យ៉ាងហោចណាស់​ក៏ ជួប​បញ្ហា​ផ្លូវចិត្ត​ម្តង​ដែរ​។ យុវជន​កម្ពុជា​មាន​ការ​យល់ដឹង​តិចតួច​អំពី​សុខភាព​ផ្លូវចិត្ត និង​វិធីសាស្ត្រ​ពង្រឹងស្មារតី និង​អារម្មណ៍​ផ្លូវចិត្ត​របស់​ពួកគេ។

អង្គការ​យូនីសេហ្វ រក​ឃើញ​ដែរ​ថា ភាព​ក្រីក្រ និង​ការ​ខ្វះ​ការថែទាំ​ពី​ឪពុកម្ដាយ គឺជា​មូលហេតុ​នាំមុខ​គេ​ដែល​បង្ក​ឲ្យ​មាន​សុខភាព​ផ្លូវចិត្ត​ទន់ខ្សោយ ហើយ​ការ​និយាយ​ជាមួយ​មិត្តភក្ដិ គឺជា​វិធី​ល្អ​មួយ ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ក្នុង​ចិត្ត​។ ក៏ប៉ុន្តែ ពួកគេ​ភ័យខ្លាច ចំពោះ​ការ​និយាយ​ជាមួយ​មិត្តភ័ក្ដិ ដោយសារ​បារម្ភ​ពី​ការ​មាក់ងាយ និង​ការរើសអើង​ជាដើម។

យុទ្ធនាការ​នេះ បង្ហាញ​វីដេអូ​របស់​យុវជន កំពុង​ប្រើប្រាស់​យន្តការ​ដោះស្រាយ​បែប​វិជ្ជមាន​ដូចជា “​ខ្ញុំ​ធូរចិត្ត នៅ​ពេល​លេង​កីឡា និយាយ​ជាមួយ​មិត្រ​ភ័ក្ត្រ និង​សកម្មភាព​ច្នៃប្រឌិត​អ្វីមួយ ដើម្បី​ពង្រឹង​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ និង​បន្ត​រយៈពេល​៣​ខែ ជាមួយនឹង​សកម្មភាព​អនទ្បាញ​ជាប្រចាំ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង ផ្ដល់​គន្លឹះ និង​ណែនាំ​ដល់​យុវជន។

អង្គការ​យូនីសេហ្វ ស្នើ​ដល់​សាលារៀន សមាគម និង​អង្គការ​ទាំងអស់​នៅ​កម្ពុជា ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​ផ្លូវចិត្ត​របស់​យុវជន អាច​ប្រើប្រាស់​សម្ភារៈ​នានា ដែល​បាន​ផលិត​ទាំងនេះ សម្រាប់​ផ្តល់​ការអប់រំ និង​ផ្សព្វផ្សាយ​ពី​វិធីសាស្ត្រ ដើម្បី​ដោះស្រាយ​វិបត្តិ​សុខភាព​ផ្លូវចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។