កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់ទៀត ជាបុរសជនជាតិខ្មែរអាយុ២៧ឆ្នាំ រស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ បុរសរូបនេះបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរទៅប្រទេសកូរ៉េខាងត្បូង ហើយមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ហើយបានធ្វើតេស្តជាលើកទី៤ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក ទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី២២ ខែវិច្ឆិកា ថា តាមជើងហោះហើរខាងលើនេះ មានអ្នកដំណើរសរុបចំនួន ៣៩នាក់ ហើយបានធ្វើតេស្តលើកទី១ កាលពីថ្ងៃទី២៧ ខែតុលា មានបុរសជនជាតិខ្មែរ ២នាក់ វិជ្ជមានកូវីដ-១៩ ប៉ុន្តែបច្ចុប្បន្ននេះ មានម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯម្នាក់ទៀតជាសះស្បើយរួចហើយ។ ចំណែក នៅសល់ជាង ៣០នាក់ទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡឺស័កបន្តទៀត។
គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ សរុបចំនួន៣០៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៩៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន៨នាក់ និងសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញចំនួន ៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។