អ្នក​ស្រុក​​កំពង់ត្រាច​ខេត្ត​កំពត​៩​នាក់​​ទៀត​ ស្លាប់​​ដោយ​​សារ​​ពុល​ស្រា​​ស​

អ្នក​ស្រុក​កំពង់ត្រាច ខេត្តកំពត ៩នាក់​ទៀតស្លាប់ ​ដោយ​សារ​ពុលស្រាស។ នេះជា​លើកទី​ពីរ​ហើយក្នុងរយៈពេល​ជាង ១ខែ ដែល​អ្នក​ស្រុក​កំពង់ត្រាច​ ពុល​ស្រាស​ស្លាប់​ជា​ច្រើន​នាក់​បែប​នេះ។

មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់កិច្ចការ​ប្រកួត​ប្រជែងនិង​បង្ក្រាប​ការក្លែង​បន្លំ (ក.ប.ប)​ឲ្យដឹង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន កាលពីថ្ងៃទី៤ ខែកក្កដាថា អ្នកពុលស្រា​ទាំង​អស់មាន ២១ នាក់ ក្នុងនោះ ១២ នាក់​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​ដំណាក់​ចង្អើរនិង​មន្ទីរ​បង្អែក​ស្រុក​កំពង់ត្រាច។

អគ្គនាយកដ្ឋាន​នេះអះអាង​ថា​ស្រា​សនិង​ស្រាថ្នាំដែល​ជនរងគ្រោះ​ទាំងនេះ​បាន​ផឹក​គឺ​ទិញ​ពី​កន្លែង​លក់​ស្រា​មួយ​កន្លែងដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ជា​មួយ​គ្នា គឺ​ភូមិ​កោះឈ្វាំងឃុំស្វាយទង​ខាង​ត្បូងស្រុក​កំពង់ត្រាច ខេត្តកំពត។ មន្រ្តីអគ្គនាយកដ្ឋាន​ដដែលបន្ថែម​ថាអ្នក​ពុលស្រា​ទាំង​អស់​រួម​ទាំង​អ្នកស្លាប់​ទាំង ៩ នាក់​នោះ​ផងសុទ្ធតែ​មាន​អាការៈក្អួត​ចង្អោរនិង​ទន់ដៃជើង​ក្រោយ​ពិសាស្រា​នោះ។

Wine_in_Kampot_04_07_2021_01.jpg
អាជ្ញាធរបានចុះស្រាវជ្រាវករណីពុលស្រាស្លាប់​នៅភូមិ​កោះឈ្វាំង ឃុំស្វាយទង​ខាង​ត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។

ទោះជា​យ៉ាងនេះ​ក្ដីអាជ្ញាធរ​មាន​សមត្ថកិច្ចនៅមិន​ទាន់​អាច​សន្និដ្ឋាន​ថាតើ​ស្រា​នោះ​មាន​កម្រិត​សារធាតុ​មេតាណុលប៉ុន្មាន​រហូត​ដល់​ធ្វើឲ្យ​មនុស្ស​ពុល​ និង​ស្លាប់ជាច្រើន​នាក់បែប​នេះនៅ​ឡើយទេដោយ​ត្រូវ​រង់ចាំ​​លទ្ធផល​វិភាគ​សំណាក​ស្រាទាំង​នេះ​សិន។

នេះជា​លើកទី​ពីរ​ហើយក្នុងរយៈពេល​ជាង ១ខែ ដែល​ អ្នក​ស្រុក​កំពង់ត្រាច ពុល​ស្រាស​ស្លាប់​ជា​ច្រើន​នាក់​បែប​នេះ។ កាលពីចុងខែឧសភា ពលរដ្ឋ​​នៅ​ភូមិ​ធ្នង់ ឃុំ​ឫស្សីស្រុក​ខាងកើត និង​នៅ​​ភូមិ​ក្ងាប ឃុំ​ស្វាយ​ទង​ខាង​ជើង ស្រុក​កំពង់ត្រាច​ដែរ​ ចំនួន ៥៥ នាក់​ពុល​ស្រា ​​ក្នុងនោះ​ ​១០​នាក់​​បានស្លាប់។

ករណី​ពុលស្រា​ស្លាប់​នេះមានកើតឡើង​នៅតាម​បណ្តាខេត្តជា​ច្រើន​ផ្សេង​ទៀតដូចជា​ ខេត្ត ​កណ្ដាល កំពង់ឆ្នាំ ក្រចេះ ពោធិ៍សាត់ និង​បន្ទាយ​មានជ័យ​ជាដើម។ រយៈ​ពេល ​៥ ឆ្នាំ​ចុង​ក្រោយនេះ​​ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ប្រមាណ​ ៦០ នាក់ស្លាប់​ និង​​​​ជាង​ប្រាំ​រយ ​(៥០០) ​នាក់​ ​​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ ដោយ​សារការ​​ពុល​ស្រា​ស ​ស្រា​ថ្នាំ និង​ស្រា​ថ្នាំ​ចិន​សែ។ អាជ្ញាធរ​រក​ឃើញ​​ថា ស្រា​ដែល​ពុល​នោះ គឺ​​​ផ្ទុក​សារធាតុ​​មេតាណុលក្នុង​កំហាប់​ខ្ពស់ហួសក្រម្រិត ​​(មេតាណុល​កម្រិត ១៤.១៥%) ដែល​តាម​កម្រិត​ធម្មតា គឺ​គួរ​តិច​ជាង​០.០៥%)។

Wine_in_Kampot_04_07_2021_02.jpg
អាជ្ញាធរបានចុះស្រាវជ្រាវករណីពុលស្រាស្លាប់​នៅភូមិ​កោះឈ្វាំង ឃុំស្វាយទង​ខាង​ត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។

អ្នកឃ្លាំមើល​សង្គមថា ការ​ពុល​ស្រាជាបញ្ហា​ដដែលៗដោយ​សារ​តែ​របៀប​ដដែលៗ​ក្នុង​ការ​ដឹកនាំ​គ្រប់​គ្រង​វិស័យ​សិប្បកម្មស្រាតាម​មូលដ្ឋាន។

ទោះជា​យ៉ាង​នេះ​ក្ដីមន្រ្តី​អគ្គនាយក​ដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់កិច្ចការ​ប្រកួត​ប្រជែង​និង​បង្ក្រាប​ការ​ក្លែង​បន្លំអំពាវនាវឲ្យ​ពលរដ្ឋប្រុង​ប្រយ័ត្ននិង​សូមកុំ​ជាវ​ស្រាសឬ​ស្រាថ្នាំណា​ដែល​គ្មាន​ស្លាក​សញ្ញានិង​ប្រភព​ត្រឹមត្រូវ​ច្បាស់​លាស់យក​មក​ប្រើប្រាស់ឬបរិភោគ​ជា​ដាច់​ខាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។