អ្នកពុលស្រាស នៅភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត និងនៅភូមិក្ងាប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានកើនឡើងដល់ចំនួន ៥៥ នាក់ ក្នុងនោះ ១០នាក់បានស្លាប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២១ និងថ្ងៃទី២៥ ខែឧសភា កន្លងទៅ។
ជំទប់ទី១ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាចលោក កែវ ខាត់ ប្រាប់ថា អាជ្ញាធរបានបញ្ជូនអ្នកពុលស្រា ២ នាក់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពត។ ឯអ្នកជំងឺជាង ៤០ នាក់ ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។
លោកឲ្យដឹងថា អ្នកភូមិនៅទីនោះ និយមពិសាស្រាសជាក្រុមៗ តាំងពីដើមមក ហើយមិនធ្លាប់ពុលទេ។ លោកថា ដើមហេតុនៃការពុលស្រាសនេះ គឺពលរដ្ឋបាននាំគ្នា ផឹកស្រាសកំដរបុណ្យសពមួយ កាលពីប៉ុន្មានថ្ងៃមុន។ បន្ទាប់ពីចប់បុណ្យសព អ្នកភូមិធ្នង់ និងអ្នកភូមិក្ងាប បានរំលែកស្រាសពីកានធំៗ ច្រកដាក់ដប យកទៅផឹកជុំគ្នាបន្តទៀតតាមភូមិ និងបណ្ដាលឲ្យកើតករណីពុលស្លាប់ជាបន្តបន្ទាប់។ លោក កែវ ខាត់ ឲ្យដឹងថា មកដល់ពេលនេះ នគរបាលបានយកអ្នកផលិតស្រា និងអ្នកលក់ស្រាសរុប ២ នាក់ ទៅស្នងការដ្ឋានខេត្ត។ អាជ្ញាធរក៏បានដើរដកហូតយកស្រាស និងស្រាថ្នាំទាំងអស់នៅតាមតូប និងកន្លែងផលិតផ្សេងទៀត យកមករក្សាទុកដែរ៖ « អ្នកបិទក្នុងភូមិ ហើយប្រហែលដាក់ជាតិមេតាណុលច្រើន។ ប្រហែលជាអ៊ីចឹង។ ស្រាហ្នឹង បើតាមស្ដាប់ទៅអ្នកបិទហ្នឹង គឺលក់ដាច់ណាស់ ដាច់ខ្លាំង។ អ្នកស្រុកភូមិធ្នង់ គេនិយមយកស្រាហ្នឹង មកហូបណាស់។ ឥឡូវអាជ្ញាធរភូមិឃុំ អភិបាលស្រុកអ្វីហ្នឹង ហាមមិនឲ្យលក់ មិនឲ្យប្ដូរ ហាមទាំងអស់ហ្នឹង»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអធិការស្រុកកំពង់ត្រាចលោក សេង សុគន្ធចាត់ និងស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានទេ នៅថ្ងៃទី២៥ ខែឧសភា។ តែលោកស្នងការ បានប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី២៤ ខែឧសភាថា សមត្ថកិច្ចកំពុងសាកសួរអ្នកពាក់ព័ន្ធនឹងការលក់ស្រាទាំងពីរនាក់ មុននឹងសម្រេចដោះលែង ឬបញ្ជូនទៅតុលាការ។ តែទោះជាយ៉ាងណា លោកថា ករណីបណ្ដាលឱ្យមានមនុស្សស្លាប់ គឺជាបទល្មើសព្រហ្មទណ្ឌ។
កាលពីប៉ុន្មានថ្ងៃមុន (ថ្ងៃ១៩ ឧសភា) ក៏មានមនុស្សចំនួន ១២ នាក់ បានស្លាប់ ដោយការពុលស្រាស និងស្រាថ្នាំ ក្នុងពិធីបុណ្យសព នៅស្រុកល្វាឯម ខេត្តកណ្ដាលដែរ។ ក្នុងករណីនោះ តុលាការខេត្តកណ្តាល បានសម្រេចឃុំខ្លួនអ្នកផលិតស្រា និងអ្នកលក់ស្រាស សរុបចំនួន ១៣ នាក់ ក្នុងពន្ធនាគារខេត្តនេះ។
ពាក់ព័ន្ធករណីនេះអ្នកឃ្លាំមើលស្នើសុំអាជ្ញាធរដកហូតយកស្រាស ស្រាថ្នាំ នៅតាមមូលដ្ឋានកុំឲ្យលក់បន្តទៀត និងស្នើសុំរដ្ឋាភិបាលអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងឲ្យបានលឿនដើម្បីទប់ស្កាត់ការពុលស្រាស ស្រាថ្នាំ ជាដើម។
បណ្ឌិត ឡៅ ម៉ុងហៃ ស្នើតាមហ្វេសប៊ុក(Facebook) ឲ្យគណ:រដ្ឋមន្ត្រី និងសភា អនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលតាក់តែងតាំងពីឆ្នាំ២០១៥ ឲ្យបានលឿន ដើម្បីទប់ស្កាត់កុំឲ្យមាននិងកាត់បន្ថយអ្នកស្លាប់ អ្នកជំងឺ អ្នករងរបួសពីអំពើហិង្សា និងអ្នករងផលប៉ះពាល់ពីការផឹកស្រាឲ្យមានប្រសិទ្ធភាព។
ស្រដៀងគ្នានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គឹមអេង ក៏គាំទ្រ និងស្នើសុំឲ្យរដ្ឋាភិបាលប្រញាប់អនុម័តសេចក្តីព្រាងច្បាប់ត្រួតពិនិត្យគ្រឿងស្រវឹងនេះដែរ។ ទន្ទឹមគ្នានេះលោក យង់ គឹមអេង ជំរុញឲ្យរដ្ឋាភិបាលដាក់បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានដើរប្រមូល ដកហូតយកស្រាស និងស្រាថ្នាំទាំងអស់កុំឲ្យមានការជួបជុំគ្នាពិសាគ្រឿងស្រវឹងទៀត ដើម្បីកាត់បន្ថយការពុលនិងហានិភ័យឆ្លងជំងឺកូវីដ១៩ (Covid-19)៖ «មែនទែន គឺនៅឆ្នាំ២០១៧ គឺក្រសួងមហាផ្ទៃ គេបានចែងសេចក្ដីណែនាំមួយឲ្យបង្កើតដីកាដើម្បីគ្រប់គ្រង ធ្វើសមាហរណកម្មឃុំសង្កាត់។ អ៊ីចឹង គាត់អាចប្រើឯកសារគោលហ្នឹង ដើម្បីធ្វើដីការបស់ឃុំសង្កាត់បាន នៅក្នុងការទប់ស្កាត់បណ្ដោះអាសន្ននេះ ហើយក៏អាចចេញវិធានការផ្សេងៗដែរ ក្នុងការទប់ស្កាត់នៅក្នុងខេត្ត ក្រុងនីមួយៗ គួរតែមានវិធានការ កុំឲ្យកើតមានដដែលៗ»។
ជុំវិញសំណើនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី២៥ ខែឧសភា។
រយៈពេល ៥ ឆ្នាំ (២០១៦ ដល់បច្ចុប្បន្ន) ចុងក្រោយ យ៉ាងហោចណាស់ មានមនុស្សប្រមាណ ៥០ នាក់ ស្លាប់ និងជិតប្រាំរយ (៥០០) នាក់ ត្រូវបានសង្គ្រោះបន្ទាន់ដោយសារការពុលស្រាស ស្រាថ្នាំ និងស្រាថ្នាំចិនសែ។ ហេតុការណ៍ពុលស្រាសនេះ កើតឡើងសឹងតែគ្រប់ខេត្តទៅហើយ ហើយការពុលកន្លងមកនេះ អាជ្ញាធររកឃើញថា ដោយសារស្រាទាំងនោះ ផ្ទុកសារធាតុមេតាណុលក្នុងកំហាប់ខ្ពស់ (មេតាណុលកម្រិត ១៤.១៥%។ តាមកម្រិតធម្មតា គឺ តិចជាង០.០៥%)។
ទោះជាយ៉ាងណា អាជ្ញាធររដ្ឋាភិបាល ពុំបានចាត់វិធានការដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពនោះទេ ហើយវិធានការចុះដកហូតស្រា និងត្រួតពិនិត្យការផលិតស្រា គឺធ្វើឡើងតែរយៈពេលខ្លីប៉ុណ្ណោះ ក្រោយមានករណីពុលស្លាប់មនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។