ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ព្រួយបារម្ភការប្រើប្រាស់ពាក្យសម្ដីស្អប់ខ្ពើម និងរើសអើង អ្នកជំងឺកូវីដ-១៩ អាចគ្រោះថ្នាក់ជាងជំងឺកូវីដ ដែលរារាំងការទទួលបានសេវាថែទាំសុខភាពត្រឹមត្រូវ។ មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឱ្យប្រជាពលរដ្ឋបង្កើតការទំនាក់ទំនងល្អនៅក្នុងស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីចៀសវាងការរើសអើង និងប៉ះពាល់ដល់សិទ្ធិរបស់អ្នកជំងឺ។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បារម្ភការប្រើពាក្យសម្តីស្អប់ខ្ពើម ទៅលើអ្នកជំងឺកូវីដ-១៩ ធ្វើឱ្យជនដែលជាគោលដៅនៃការស្អប់ខ្ពើមទាំងនោះ ងាយរងគ្រោះដោយអំពើហិង្សា ការផាត់ចេញ ការដាក់ឱ្យនៅដាច់ដោយឡែកពីគេ និងទទួលរងការមាក់ងាយពីសង្គមជាដើម។ ពាក្យសម្តីស្អប់ខ្ពើមក៏អាចរារាំងអ្នកទាំងនោះពីការទទួលបានសេវាវេជ្ជសាស្រ្ត ដែលជាកត្តាបណ្ដាលឱ្យបង្កើនហានិភ័យដល់មនុស្សគ្រប់រូប។
លើសពីនេះទៅទៀត ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ជំរុញពលរដ្ឋទាំងអស់ថ្កោលទោសចំពោះបុគ្គលណាដែលប្រើប្រាស់ពាក្យសម្តីស្អប់ខ្ពើម និងរើសអើង ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ និងជំរុញឱ្យជួយផ្សព្វផ្សាយសារនៃអំពើល្អ ការរាប់អានគ្នា និងសាមគ្គីភាព។
ការលើកឡើងពីកង្វល់របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) គឺបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា បញ្ចេញមតិយោបល់មិនសមរម្យ និងនៅទីកន្លែងនានា ជាសញ្ញានាំឱ្យមានការរើសអើង ការស្អម់ខ្ពើម ចំពោះអ្នកជំងឺកូវីដ-១៩ ។ ស្របពេលជំងឺនេះកំពុងរីករាលដាលខ្លាំង និងមានអ្នកស្លាប់ ហើយអ្នកជំងឺមួយចំនួនទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ជាងនេះទៅទៀតករណីចម្លងក្នុងសហគមន៍ក៏បានបន្តកើនឡើងខ្ពស់។ ក្រសួងសុខាភិបាលរកឃើញករណីឆ្លងថ្មីចំនួន ១០៥នាក់ ទៀត នៅថ្ងៃទី១៦ ខែមីនា ដែលកើនឡើងខ្ពស់ពុំធ្លាប់មាននាពេលកន្លងមក។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន និងអ្នកស្រី យក់ សម្បត្តិ ដើម្បីសាកសួរព័ត៌មាននេះបានទេ នៅថ្ងៃទី១៦ ខែមីនា។ ប៉ុន្តែអ្នកស្រី ឱ វណ្ណឌីន ថ្លែងក្នុងសិន្និស័ទសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ថាក្រសួងសុខាភិបាលព្រួយបារម្ភពីការរីរាលដាលជំងឺកូវីដ-១៩ បន្តកើនឡើង នឹងនាំឱ្យមន្ទីរពេទ្យមិនអាចផ្ទុកអ្នកជំងឺកូវីដ-១៩ ដើម្បីសម្រាកព្យាបាលបានទេ ទោះបីរៀបចំមន្ទីរពេទ្យថែមក៏ដោយ៖ «ឥឡូវយើងមើលជាក់ស្តែងរាល់ថ្ងៃ ប្រសិនបើករណីចេះតែកើនទៅៗ តិចទៀតពេទ្យរកកន្លែងដាក់អត់បានទេ ត្រូវយល់កន្លែងហ្នឹង ឧបមាថា មួយថ្ងៃនៅហុកសិប ចិតសិប មួយរយ ហុកសិប ចិតសិប ប៉ែតសិប មិនយូរទេ គឺអត់មានកន្លែងដាក់តែម្តង ទោះបីរៀបមន្ទីរពេទ្យថែមទៀត យកទៅដាក់ហើយ តែបងប្អូនមិនអនុវត្តតាមការណែនាំ ករណីនៅតែកើន អត់ខុសអីដូចនៅស្រុកគេទេ»។
ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ នៅថ្ងៃទី២០ ខែកុម្ភៈមក មានអ្នកស្លាប់ក្នុងពេលសម្រាកព្យាបាលជំងឺនេះចំនួន ៤នាក់ ហើយ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា អង្គការសង្គមស៊ីវិល ក៏បារម្ភចំពោះផ្នត់គំនិតនៃការរើសអើងអ្នកជំងឺកូវីដ-១៩ និងសាច់ញាតិរបស់អ្នកជំងឺដែរ ព្រោះបញ្ហានេះអាចជំរុញឱ្យអ្នកជំងឺបាក់ទឹកចិត្ត ប៉ះពាល់ការទំនាក់ទំនងនៅក្នុងសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកយល់ថា ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋមិនគួរមានការអើសអើង ស្អប់ខ្ពើម ស្តីបន្ទោស និងមិនរាប់រកអ្នកជំងឺកូវីដ-១៩ និងគ្រួសារពួកគេនោះទេ។ ផ្ទុយទៅវិញប្រជាពលរដ្ឋគួរលើកទឹកចិត្តអ្នកជំងឺ ឱ្យព្យាបាលឆាប់ជាសះស្បើយ ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ គឺជារឿងល្អ។ លោកពន្យល់ថា ការរើសអើង នឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកជំងឺ ទោះបីជាពួកគាត់មានជំងឺកូវីដ-១៩ គាត់ក៏ជាមនុស្សដែរ ហើយសិទ្ធិរបស់ពួកគាត់មានដូចពលរដ្ឋដទៃទៀត គ្រាន់តែត្រូវអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ៖ «យើងមិនត្រូវមានការរើសអើងទេ បើការរើសអើងជំរុញឱ្យមានការបាក់ទឹកចិត្តសម្រាប់គាត់ អ៊ីចឹងដូចមិនបានលើកទឹកចិត្តឱ្យគាត់ទទួលបានការព្យាបាលឱ្យជាសះស្បើយឆាប់រហ័ស ពីព្រោះការរើសអើងទៅជាបាក់ទឹកចិត្ត ប៉ះពាល់ដល់សិទ្ធិគាត់មួយ គាត់ជាអ្នកអាជីវករវិញ ប្រសិនគាត់ជា ហើយមានការរើសអើង ប៉ះពាល់ដល់មុខរបរ ទំនាក់ទំនងរវាងមិត្តភក្តិ ឬក៏បងប្អូន ធ្វើឱ្យប៉ះពាល់ច្រើន»។
គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុបជាង ១ពាន់៤រយនាក់ (១.៤៣០) ក្នុងនោះជាសះស្បើយចំនួនជាង ៨រយនាក់ (៨១៨) និងកំពុងសម្រាកព្យាបាលចំនួនជាង ៦រយនាក់ (៦០៩)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។