អ្នក​​ជំងឺ​កូវីដ​​ម្នាក់​ទៀត​​បាន​​ស្លាប់ និង​​ឆ្លង​ថ្មី​ចំនួន​១៥​នាក់​ ជា​ប្រភេទ​មេ​រោគ​បំប្លែង​​ថ្មីអូមីក្រុង​ទាំងអស

អ្នកជំងឺ​កូវីដ-១៩ ម្នាក់​ទៀត​បាន​ស្លាប់ ដោយ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា គាត់​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ នោះ​ទេ។

ចំណែក​ករណី​ឆ្លង​ថ្មី​វិញ ក្រសួងឱ្យ​ដឹង​ថា មាន​ចំនួន ១៤​នាក់ដែល​ជា​លទ្ធផល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍​ភីស៊ីអា (PCR)។ ករណីឆ្លងថ្មីទាំង ១៤ នាក់នេះ គឺសុទ្ធ​តែ​ជា​ករណីនាំចូលពីក្រៅប្រទេស និងជាប្រភេទមេរោគបំប្លែងថ្មីអូមីក្រុង (Omicron)​ទាំងអស់។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៣០ ខែធ្នូ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ប្រមាណ ១សែន ២ម៉ឺន​នាក់ (១២០.៤៨៧) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ១ សែន ១ម៉ឺន​នាក់ (១១៦.៩០៧) និង​អ្នក​ស្លាប់​មាន​ចំនួន៣ពាន់ ១២នាក់ (៣.០១២)។

ក្រសួង​សុខាភិបាលប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី២៨ ខែធ្នូ រដ្ឋាភិបាល​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​ពី ​៥ ​ឆ្នាំ​ឡើង​ទៅ​បាន​ជាង​ ១៣​លាន ​៦​សែន ​នាក់​​សម្រាប់​​ដូស​​ទីពីរ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​ជាង ​១៤​ លាន​នាក់​និង​ដូស​ទី​៣​ ចាក់​វ៉ាក់សាំង​បាន​ជាង ​៣លាន ​៤សែន​នាក់​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។