អ្នកជំងឺ​មួយ​ចំនួន​អះអាង​ថា ពេទ្យ​នៅ​ថៃ​ព្យាបាល​ជំងឺ​ដោយ​មិន​ទារ​លុយ​មុន ដូច​នៅ​កម្ពុជា​នោះ​ទេ

ដោយ ម៉ៅ សុធានី
2023.06.27
អ្នកជំងឺ​មួយ​ចំនួន​អះអាង​ថា ពេទ្យ​នៅ​ថៃ​ព្យាបាល​ជំងឺ​ដោយ​មិន​ទារ​លុយ​មុន ដូច​នៅ​កម្ពុជា​នោះ​ទេ ពេទ្យស្ថិតនៅ​ក្នុង​ខេត្ត​អ៊ុប៊ុន (Ubon Ratchathani) ប្រទេស​ថៃ។
Photo Provided

ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​ទៅ​ព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស​ថៃ​អះអាង​ថា គ្រូពេទ្យ នៅ​ទីនោះ​មាន​សីលធម៌ យកចិត្តទុកដាក់​ព្យាបាល​ជំងឺ ហើយ​មិន​ទារ​លុយ​មុន​ដូច​ពេទ្យ​នៅ​កម្ពុជា​ទេ។ ជុំវិញ​បញ្ហា​នេះ​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល យកចិត្តទុកដាក់​កែទម្រង់​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជឿជាក់​លើ​វិស័យ​សុខាភិបាល​ឡើង​វិញ។

ប្រជាពលរដ្ឋ​មួយចំនួន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្តទុកដាក់​រៀបចំ​ប្រព័ន្ធ​សុខាភិបាល ឱ្យ​ដូច​ប្រទេស​ថៃ ដែល​គ្រូពេទ្យ​មាន​សមត្ថភាព មាន​សីលធម៌ និង​មិន​ទារ​លុយ មុន​ការ​ព្យាបាល​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​ឧត្តរមានជ័យ លោក ស្រេង ញិប ឱ្យ​ដឹង​ថា លោក​តែងតែ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្នុង​ខេត្ត​អ៊ុប៊ុន ប្រទេស​ថៃ (Ubon Ratchathani) ជា​ប្រចាំ ហើយ​នៅ​ខែ​មិថុនា ឆ្នាំ​២០២៣ លោក​ទៅ​ម្តង​ទៀត​ពិនិត្យ​បញ្ហា​គ្រួស​ក្នុង​ថ្លើម។

លោក ស្រេង ញិប អះអាង​ថា សមត្ថភាព​ពេទ្យ​នៅ​កម្ពុជា​និង​ថៃ​ហាក់​មិន​ខុស​គ្នា​ទេ ប៉ុន្តែ​មូលហេតុ​ដែល​នាំ​ឱ្យ​លោក​ជ្រើស​រើស​យក​ការ​ព្យាបាល​នៅ​ថៃ​គឺ ដោយសារ​នៅ​ទីនោះ ពេទ្យ​មាន​សីលធម៌ មាន​ការ​យកចិត្តទុកដាក់​ជាង ហើយ​សំខាន់​គឺ​មិន​ទារ​លុយ​មុន​ដូច​នៅ​កម្ពុជា។

លោក ស្រេង ញិប៖ «នៅ​នេះ​ថត​យើង​អស់ហើយ​បាន​គេ​យក​លុយ​យើង បើ​យើង​វិញ​ស្អី​បន្តិច​លុយ​ស្អី​បន្តិច​លុយ​គឺថា​លុយ​មុន។ ខុសគ្នា​គេ​ថា ទិញ​ទឹកចិត្ត​គឺ​ទិញ​ទឹកចិត្ត​មនុស្ស។ អ្នកជំងឺ​ចូល​ទៅ​គេ​ដឹង​តែ​មើល​តែម្តង​គេ​អត់​សួរ​រឿង​លុយ​ទេ ដល់​រួច​ទៅ​បាន​ចេញ​បុង​ឱ្យ​យើង​ទៅ​បង់លុយ​ទៅ​បើក​ថ្នាំ»

លោក ស្រេង ញិប បញ្ជាក់​ទៀត​ថា រូប​លោក​ក៏​ដូចជា​ពលរដ្ឋ​ផ្សេង​ទៀត មិន​ចង់​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​គេ​នោះ​ទេ បើសិនជា​គុណភាព ពេទ្យ​ប្រហាក់ប្រហែល​គ្នា​នោះ។

លោក ស្រេង ញិប៖ «និយាយ​ពី​ក្នុង​ចិត្ត​វិញ​លើសលប់​ចង់​ឱ្យ​មាន ក្រមសីលធម៌​ពេទ្យ​យើង​ឱ្យ​ដូច​គេ​ដូច​ឯង​ព្រោះ​យើង​ប្រទេសជិតខាង​គ្នា យើង​សម​អី​យក​លុយ​ទៅ​ឱ្យគេ​ព្រោះ​អី​មនុស្ស​យើង​មិន​ចង់ទៅ​ឆ្ងាយ​ទេ ចង់​នៅ​ជិត​ណាស់​មនុស្ស​យើង»

អ្នកជំងឺ​ម្នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ យុវជន ប៉ាន បូរិន បាន​ទៅ​ព្យាបាល​ជំងឺ​២​ប្រភេទ​នៅ​ក្នុង​ខេត្ត​អ៊ុប៊ុន ប្រទេស​ថៃ​ដែរ នៅ​ក្នុង​ខែ​មិថុនា​។ យុវជន ប៉ាន បូរិន បន្ត​ថា មូលហេតុ​ដែល​លោក​សុខចិត្ត​ធ្វើ​ដំណើរ​ទៅ ប្រទេស​ថៃ​២ លើក​នៅក្នុង​ខែ​មិថុនា ដោយសារ​លោក​មាន​អារម្មណ៍​កក់ក្តៅ​នឹង​ការ​ព្យាបាល​របស់​គ្រូពេទ្យ​នៅ​ទីនោះ។

លោក ប៉ាន បូរិន៖ «គ្រូពេទ្យ​នៅក្នុង​ប្រទេស​ថៃ​គេ​យកចិត្តទុកដាក់​ជាមួយ​អ្នកជំងឺ​មិន​ថា ជា​ជនជាតិ​ថៃ ឬ​ជនបរទេស ឬ​ជនជាតិ​ខ្មែរ​គឺ​ពួកគាត់​យកចិត្តទុកដាក់​ថែរក្សា​អ្នកជំងឺ​ប្រៀប​បីដូចជា កូន​ទៅ​រក​អាណាព្យាបាល​ឱ្យ​ទៅ​ព្យាបាល។ ចំពោះ​តម្លៃ​នៃ​ការ​ពិនិត្យ​និង​ព្យាបាល​សមរម្យ»

អគ្គលេខាធិការ​គណបក្ស​បំណង​ពលរដ្ឋ លោក រីត សោរង្សី ជា​អ្នកជំងឺ​ម្នាក់ ដែល​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ទីក្រុង​បាងកក (Bangkok) ប្រទេស​ថៃ​ដែរ នៅ​ក្នុង​ខែ​មិថុនា ក៏​សរសើរ​ពី​គុណភាព​នៃ​ការ​ព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស​នោះ​ដែរ។

លោក រីត សោរង្សី៖ «ប្រជាពលរដ្ឋ​គេ​គឺ​គេ​យក​ធូរ​ថ្លៃ​មែនទែន គេ​យក​ថ្លៃ​ហ្នឹង​គឺ​ថ្លៃ​បម្រើ​ប្រទេស​ជាតិ​តែម្តង។ ឧទាហរណ៍​ថ្លៃ​ព្យាបាល​ម្តង​អស់​១០០​បាត គឺ ១០០​បាត​ហ្នឹង​ចូល​ហោប៉ៅ​រដ្ឋ​មិនមែន​ចូល​ហោប៉ៅ​ឯកជន​ទេ។ យក​តិច​មែនទែន​អត់​ដូច​ស្រុក​ខ្មែរ​ទេ ពេទ្យ​រដ្ឋ​ទេ​តែ​យក​ចង់​ថ្លៃ​ជាង​ពេទ្យ​ឯកជន​ទៅ​ទៀត វា​ហាក់ដូចជា​ជញ្ជក់​ឈាម​ពលរដ្ឋ​អ៊ីចឹង»

ពលរដ្ឋ​ដែល​ទៅ​ព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស​ថៃ​ទាំងនេះ​អះអាង​ថា កន្លែង​ដែល​ពួកគាត់​ទៅ​ព្យាបាល​ជំងឺ​គឺ​មាន​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់ ជា​រៀងរាល់ថ្ងៃ​ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្សេងៗ។

ទន្ទឹម​នឹង​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ជីវភាព​ខ្វះខាត​ទៅ​ស្វែងរក​ការ​ព្យាបាល​នៅ​ប្រទេស​ជិតខាង​រួមមាន​ថៃ និង​វៀតណាម​នេះ ថ្នាក់​ដឹកនាំ​ប្រទេស​ក៏​ទៅ​ព្យាបាល នៅ​ក្រៅ​ប្រទេស​ដែរ ដូចជា លោក ហ៊ុន សែន ព្យាបាល​ជំងឺ នៅ​ប្រទេស​សិង្ហបុរី (Singapore) លោក ស ខេង ទៅ​ព្យាបាល​ដល់​ប្រទេស​បារាំង (France) ចំណែក លោក ទៀ បាញ់ ទៅ​ប្រទេស​ចិន (China)​ជាដើម។

ជុំវិញ​រឿង​នេះ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គិមអេង លើកឡើង​ថា បញ្ហា​ប្រព័ន្ធ​សុខាភិបាល​នេះ​កើត​មាន​យូរ​ណាស់​មក​ហើយ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ធ្វើ​កំណែទម្រង់​ដើម្បី​ឱ្យ​ពលរដ្ឋ​និង​ថ្នាក់ដឹកនាំ​ទុកចិត្ត​ហើយ​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​ស្រុក​វិញ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ឌឌីន សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា។

ទោះ​យ៉ាងណា​នៅក្នុង​ពិធី​សម្ពោធ​អគារ​នៅក្នុង​ពេទ្យ​កាល់ម៉ែត្រ​នៅ​ក្នុង​ខែ​ឧសភា លោក ហ៊ុន សែន បាន​លើកឡើង​ពី​ការ​រីកចម្រើន​វិស័យ​សុខាភិបាល នៅក្នុង​ប្រទេស ដែល​មិន​ចាញ់​ប្រទេស​ផ្សេង​ទេ​។ ក្នុង​ឱកាស​នោះ លោក​ក៏​បាន​រំឭក​ដល់​គ្រូពេទ្យ​ឱ្យ​ប្រកាន់​ភ្ជាប់​នូវ​សីលធម៌​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ជាជាង ការ​មើល​ឃើញ​តែ​លុយ។

លោក ហ៊ុន សែន៖ «ខ្ញុំ​អំពាវនាវ​ដល់​ក្រុម​គ្រូពេទ្យ​របស់​យើង​ត្រូវ​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ ដែល​យក​ការ​បម្រើ​ប្រជាជាតិ​ធ្វើជា​ស្នូល​ធ្វើជា​គោលដៅ​នៃ​ការ​ធ្វើ​សកម្មភាព​របស់​គ្រូពេទ្យ»

បញ្ហា​គុណភាព​ពេទ្យ​កើតមាន​ការរិះគន់​ពី​មហាជន​ជា​បន្តបន្ទាប់ ដូចជា​ការវះកាត់ ខុស​ច្រឡំ​កាត់​ពោះវៀន ចាក់​ថ្នាំ​ខុស និង​បញ្ហា​ប្រើ​ពាក្យ​សម្ភី​មិន​សមរម្យ រួម​ទាំង​ទុក​ចោល​អ្នកជំងឺ​ដែល​មិន​មាន​លុយ​បង់​មុន​រហូតដល់​ស្លាប់​ជាដើម។

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២២ គ្លីនិក​ដើម​អង្គ្រង នៅក្នុង​ខេត្តកំពង់ស្ពឺ​បាន​វះកាត់ ដោយ​ច្រឡំ​កាត់​ពោះវៀន​ស្ត្រី​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់ ករណី​មួយ​ទៀត​នៅ ក្នុង​ខែ​មិថុនា ឆ្នាំ​២០២៣ គ្លីនិក ឈ្មោះ ប៉ខាង នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បើក​ដំណើរការ​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត បាន​ចាក់​ថ្នាំ​បណ្តាល​ឱ្យ​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​ស្លាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។